គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 1:1-10 Khmer Standard Version (KHSV)

1. កាល​ពី​ដើម នៅ​ស្រុក​អ៊ូស មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូប ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត។ លោក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​អាក្រក់។

2. លោក​យ៉ូប​មាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់ និង​កូន​ស្រី​បី​នាក់។

3. លោក​មាន​ចៀម​ប្រាំ‌ពីរ​ពាន់​ក្បាល អូដ្ឋ​បី​ពាន់​ក្បាល គោ​ប្រាំ​រយ​នឹម និង​លា​ប្រាំ​រយ​ក្បាល ហើយ​លោក​ក៏​មាន​អ្នក​បម្រើ​ជា​ច្រើន​ដែរ។ លោក​ជា​មនុស្ស​មាន​ឈ្មោះ​ល្បី​ជាង​គេ នៅ​ស្រុក​ខាង​កើត។

4. កូន​ប្រុសៗ​របស់​លោក​តែងតែ​ទៅ​ជប់‌លៀង​នៅ​ផ្ទះ​របស់​ពួក​គេ តាម​វេន​រៀងៗ​ខ្លួន ហើយ​ក៏​អញ្ជើញ​បង‌ប្អូន​ស្រីៗ​ទាំង​បី​នាក់​ទៅ​ចូល​រួម​ដែរ។

5. ក្រោយ​ពេល​ជប់‌លៀង លោក​យ៉ូប​តែងតែ​ហៅ​កូនៗ​របស់​លោក មក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ*។ លោក​ក្រោក​ពី​ព្រលឹម ថ្វាយ​តង្វាយ​ដុត​ទាំង​មូល សម្រាប់​កូន​នីមួយៗ ដ្បិត​លោក​ខ្លាច​ក្រែង​កូន​របស់​លោក​ប្រព្រឹត្ត​អំពើ​បាប ហើយ​ប្រមាថ​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន។ លោក​យ៉ូប​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ជា‌និច្ច។

6. ថ្ងៃ​មួយ ពពួក​ទេវតា​របស់​ព្រះ‌អម្ចាស់ នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះ‌អង្គ មារ*‌សាតាំង​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ទេវតា​ទាំង​នោះ​ដែរ។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មារ​សាតាំង​ថា៖ «តើ​អ្នក​ទើប​នឹង​មក​ពី​ណា?»។ មារ​សាតាំង​ទូល​ព្រះ‌អម្ចាស់​វិញ​ថា៖ «ទូលបង្គំ​ទើប​នឹង​ដើរ​កំសាន្ត​នៅ​លើ​ផែនដី»។

8. ព្រះ‌អម្ចាស់​សួរ​មារ​សាតាំង​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែនដី គ្មាន​នរណា​ម្នាក់​ដូច​យ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត គេ​គោរព​កោត​ខ្លាច​យើង ហើយ​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់»។

9. មារ​សាតាំង​ទូល​ព្រះ‌អម្ចាស់​វិញ​ថា៖ «តើ​យ៉ូប​ពិត​ជា​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​ដោយ​សុទ្ធ​ចិត្ត​មែន​ឬ?

10. តាម​ពិត គាត់​គោរព​ព្រះ‌អង្គ​ដូច្នេះ មក​ពី​ព្រះ‌អង្គ​ការពារ​គាត់ និង​ផ្ទះ​សំបែង​របស់​គាត់ ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន។ ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​គាត់​បាន​ចម្រើន​ក្នុង​កិច្ចការ​ដែល​គាត់​ធ្វើ ហើយ​ក៏​ប្រទាន​ឲ្យ​ហ្វូង​សត្វ​របស់​គាត់ កើន​ចំនួន​ច្រើន​ពាស‌ពេញ​ស្រុក​ដែរ។

សូមអានជំពូកពេញលេញ យ៉ូប 1