ជំពូក

  1. 1
  2. 2
  3. 3
  4. 4

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូណាស 1 Khmer Standard Version (KHSV)

ព្រះ‌អម្ចាស់​ចាត់​លោក​យ៉ូណាស​ទៅ​ក្រុង​នីនីវេ

1. ថ្ងៃ​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូណាស ជា​កូន​របស់​លោក​អមី‌ថាយថា៖

2. «ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ​មហា​នគរ ជា​បន្ទាន់ ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នោះ​ថា អំពើ​អាក្រក់​របស់​ពួក​គេ​ល្បី​រន្ទឺ​រហូត​មក​ដល់​យើង»។

3. លោក​យ៉ូណាស​ក៏​ក្រោក​ឡើង គេច​ខ្លួន​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។ លោក​ទៅ​ដល់​ក្រុង​យ៉ុប‌ប៉េ ហើយ​រក​ឃើញ​សំពៅ​មួយ​ដែល​ហៀប​នឹង​ចេញ​ដំណើរ​ទៅ​ក្រុង​តើស៊ីស លោក​ក៏​បង់​ថ្លៃ​ធ្វើ​ដំណើរ រួច​ចុះ​សំពៅ​ទៅ​ជា​មួយ​អ្នក​ឯ​ទៀតៗ​ធ្វើ​ដំណើរ​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។

4. ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​បញ្ជា​ឲ្យ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​សមុទ្រ បង្កើត​ជា​ព្យុះ បណ្ដាល​ឲ្យ​សំពៅ​ស្ទើរ​តែ​នឹង​បែក​បាក់។

5. អ្នក​សំពៅ​ភ័យ​ខ្លាច​ណាស់ ម្នាក់ៗ​បន់​ព្រះ​របស់​ពួក​គេ​រៀងៗ​ខ្លួន ហើយ​គេ​បោះ​បរិក្ខារ​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​សំពៅ​ចោល​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​សំពៅ​ស្រាល។ រីឯ​លោក​យ៉ូណាស​វិញ លោក​ចុះ​ទៅ​សម្រាន្ដ​លង់‌លក់​នៅ​បាត​សំពៅ។

6. ពេល​នោះ នាយ​សំពៅ​មក​រក​លោក​សួរ​ថា៖ «ម្ដេច​ក៏​លោក​សម្រាន្ដ​លក់​ដូច្នេះ? សូម​ក្រោក​ឡើង ទូល‌អង្វរ​ព្រះ​របស់​លោក​ទៅ ក្រែង​លោ​ព្រះ‌អង្គ​អាណិត‌អាសូរ​ជួយ​ពួក​យើង​ឲ្យ​រួច​ផុត​ពី​សេចក្ដី​វិនាស»។

7. ពួក​អ្នក​សំពៅ​និយាយ​គ្នា​ថា៖ «មក៍! យើង​នាំ​គ្នា​ចាប់​ឆ្នោត ដើម្បី​ឲ្យ​ដឹង​ថា តើ​នរណា​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង​ដូច្នេះ?»។ ពួក​គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ប៉ះ​ចំ​លើ​លោក​យ៉ូណាស។

8. ពួក​គេ​សួរ​លោក​យ៉ូណាស​ថា៖ «លោក​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង សូម​ប្រាប់​យើង​មើល៍​ថា តើ​លោក​ធ្វើ​អ្វី? លោក​ម​ក​ពី​ណា? ស្រុក​លោក​នៅ​ឯ​ណា? លោក​ជា​ជន‌ជាតិ​អ្វី?»។

9. លោក​យ៉ូណាស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ជា​ជន‌ជាតិ​ហេប្រឺ ខ្ញុំ​គោរព​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ និង​ដី​គោក»។

10. លោក​យ៉ូណាស​ក៏​តំណាល​រឿង​របស់​លោក ឲ្យ​ពួក​គេ​ស្ដាប់។ កាល​ពួក​អ្នក​សំពៅ​ជ្រាប​ថា លោក​បាន​រត់​គេច​ឲ្យ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់​ដូច្នេះ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​សួរ​លោក​ថា៖ «ម្ដេច​ក៏​លោក​ធ្វើ​ដូច្នេះ?

11. តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​លោក ដើម្បី​ឲ្យ​សមុទ្រ​បាន​ស្ងប់​ឡើង​វិញ?»។

12. លោក​យ៉ូណាស​ឆ្លើយ​ថា៖ «សូម​លើក​ខ្ញុំ​បោះ​ទៅ​ក្នុង​សមុទ្រ​ទៅ ទើប​សមុទ្រ​ស្ងប់ ដ្បិត​ខ្ញុំ​ដឹង​ថា ព្រោះ​តែ​ខ្ញុំ​ហ្នឹង​ហើយ​បាន​ជា​មាន​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​យ៉ាង​នេះ»។

13. ពួក​អ្នក​សំពៅ​នាំ​គ្នា​ខំ​ប្រឹង​ចែវ​តម្រង់​ទៅ​រក​ច្រាំង តែ​ទៅ​មិន​រួច​សោះ ព្រោះ​ខ្យល់​ព្យុះ​បក់​បោក​មក​កាន់​តែ​ខ្លាំង​ឡើងៗ។

14. ពេល​នោះ ពួក​គេ​នាំ​គ្នា​អង្វរ​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មិន​ចង់​ស្លាប់ រួម​ជា​មួយ​បុរស​នេះ​ទេ! សូម​ព្រះ‌អង្គ​កុំ​ប្រកាន់​ទោស​យើង​ខ្ញុំ ចំពោះ​ការ​ប្រហារ​ជីវិត​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​យើង​ខ្ញុំ​នេះ​ឡើយ។ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​សម្រេច​ដូច្នេះ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ!»។

15. បន្ទាប់​មក ពួក​គេ​លើក​លោក​យ៉ូណាស​បោះ​ទៅ​ក្នុង​សមុទ្រ សមុទ្រ​ក៏​ស្ងប់‌ឈឹង​ភ្លាម។

16. អ្នក​ទាំង​នោះ​កោត​ស្ញប់‌ស្ញែង​ព្រះ‌អម្ចាស់​យ៉ាង​ខ្លាំង ពួក​គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ ព្រម​ទាំង​បន់‌ស្រន់​ទៀត​ផង។