គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 9:1-16 Khmer Standard Version (KHSV)

1. ប្រសិន​បើ​ខ្ញុំ​សម្បូណ៌​ទឹក​ភ្នែកហើយ​ទឹក​ភ្នែក​ខ្ញុំ​អាច​ហូរ​ដូច​ទឹក​ទន្លេម៉្លេះ​សម​ខ្ញុំ​យំ​ទាំង​ថ្ងៃ​ទាំង​យប់ស្រណោះ​សាក‌សព​ប្រជា‌ជន​របស់​ខ្ញុំ។

2. ប្រសិន​បើ​មាន​នរណា​ឲ្យ​ខ្ទម​មួយដែល​ជា​ជម្រក​សម្រាប់​អ្នក​ដំណើរនៅ​វាល​រហោ‌ស្ថាន​មក​ខ្ញុំនោះ​ខ្ញុំ​នឹង​បោះ​បង់​ចោល​ប្រជា‌ជន​របស់​ខ្ញុំខ្ញុំ​នឹង​ទៅ​នៅ​យ៉ាង​ឆ្ងាយ​ពី​ពួក​គេដ្បិត​ប្រជា‌ជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់ពួក​គេ​ក្បត់​ព្រះ‌ជាម្ចាស់​ទាំង​អស់​គ្នា។

3. «អណ្ដាត​របស់​គេ​ប្រៀប​បាន​នឹង​ធ្នូដែល​គេ​យឹត​បម្រុង​នឹង​បាញ់។គេ​មាន​អំណាច​នៅ​ក្នុង​ស្រុកមិន​មែន​ដោយ‌សារ​សេចក្ដី​ពិត​ទេតែ​មក​ពី​ការ​កុហកពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ផ្ទួនៗ​គ្នាហើយ​ពួក​គេ​ពុំ​ស្គាល់​យើង​ឡើយ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

4. «ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​នឹង​មិត្ត​សម្លាញ់ហើយ​មិន​ត្រូវ​ទុក​ចិត្ត​បង‌ប្អូន​របស់​ខ្លួន​ឡើយដ្បិត​បង‌ប្អូន​ពូកែ​បោក​ប្រាស់​គ្នា​ឯងហើយ​មិត្ត​សម្លាញ់​ក៏​ពូកែ​មួល​បង្កាច់​គ្នា​ដែរ។

5. ពួក​គេ​បោក​បញ្ឆោត​គ្នា​ទៅ​វិញ​ទៅ​មកគ្មាន​នរណា​និយាយ​ការ​ពិត​ទេពួក​គេ​បង្ហាត់​អណ្ដាត​របស់​ខ្លួន​ឲ្យពោល​ពាក្យ​ភូត‌ភរហើយ​ពួក​គេ​លះ‌បង់​អំពើ​បាប​ពុំ​បាន​ឡើយ។

6. ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ផ្ទួនៗ​គ្នាហើយ​បោក​បញ្ឆោត​មិន​ឈប់​ឈរពួក​គេ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​យើង»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

7. ហេតុ​នេះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលមាន​ព្រះ‌បន្ទូល​ថា៖«មើល៍! យើង​នឹង​បន្សុទ្ធ​ពួក​គេ​នៅ​ក្នុង​ភ្លើងដ្បិត​យើង​ពុំ​អាច​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​នេះចំពោះ​ប្រជា‌ជន​របស់​យើង​ឡើយ។

8. អណ្ដាត​របស់​ពួក​គេ​ជា​ព្រួញ​ពិសគេ​ពោល​តែ​ពាក្យ​បោក​បញ្ឆោតមាត់​របស់​ពួក​គេ​ពោល​ពាក្យ​ផ្អែម‌ល្ហែមទៅ​កាន់​អ្នក​ដទៃតែ​ខាង​ក្នុង​ចិត្ត ពួក​គេ​គិត‌គូរ​រៀបចំ​អន្ទាក់។

9. តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទារុណ‌កម្ម​ពួក​គេព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ?តើ​មិន​គួរ​ឲ្យ​យើង​ដាក់​ទោស​ប្រជា‌ជាតិបែប​នេះ​ទេ​ឬ?»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10. ខ្ញុំ​នឹង​ស្រែក​ទ្រហោ​យំ សោក​សង្រេង​នៅ​លើ​ភ្នំខ្ញុំ​នឹង​យំ​រៀប​រាប់ នៅ​តាម​វាល​ស្មៅ​ដ៏​ស្ងាត់​ជ្រងំដ្បិត​វាល​ស្មៅ​ទាំង​នោះ​ត្រូវ​ឆេះ​អស់គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេហើយ​ក៏​លែង​ឮ​សូរ​សម្រែក​ហ្វូង​សត្វ​ទៀត​ដែរសត្វ​ស្លាប​ក៏​ដូច​ជា​សត្វ​ចតុប្បាទវា​ចាក​ចេញ​បាត់​អស់​ទៅ​ហើយ។

11. «យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹមក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋជា​កន្លែង​ដែល​ឆ្កែ​ចចក​យក​ធ្វើ​ជា​ជម្រក។យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​ទាំង‌ឡាយក្នុង​ស្រុក​យូដា​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំគ្មាន​នរណា​រស់​នៅ!»។

12. តើ​នរណា​មាន​ប្រាជ្ញាអាច​យល់​ហេតុ‌ការណ៍​ទាំង​នេះ​បាន?ប្រសិន​បើ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈអ្នក​នោះ​មែន ចូរ​ឲ្យ​គេ​ពន្យល់​មក​មើលហេតុ​អ្វី​បាន​ជា​ស្រុក​ទេស​វិនាស និង​ឆេះ​អស់ដូច​វាល​រហោ‌ស្ថាន​ដែល​គ្មាន​នរណា​ដើរ​កាត់។

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង មក​ពី​ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ*​ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ ពួក​គេ​មិន​បាន​ស្ដាប់ និង​ធ្វើ​តាម​សេចក្ដី​ដែល​យើង​ទូន្មាន​ពួក​គេ​ទេ។

14. ផ្ទុយ​ទៅ​វិញ ពួក​គេ​ធ្វើ​តាម​ចិត្ត​រឹង‌រូស​របស់​ខ្លួន ហើយ​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល ដូច​ដូនតា​របស់​ខ្លួន​ប្រៀន‌ប្រដៅ»។

15. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ឲ្យ​ប្រជា‌ជន​នេះ​បរិភោគ​ផ្លែ​ស្លែង ហើយ​ឲ្យ​គេ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។

16. យើង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​ពួក​គេ​ផ្ទាល់ ឬ​ដូនតា​របស់​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់។ យើង​ឲ្យ​សត្រូវ​ដេញ​កាប់​សម្លាប់​ពួក​គេ រហូត​ទាល់​តែ​ស្លាប់​អស់​គ្មាន​សល់»។

សូមអានជំពូកពេញលេញ យេរេមា 9