គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 7:19-33 Khmer Standard Version (KHSV)

19. តាម​ពិត មិន​មែន​យើង​ទេ​ដែល​ឈឺ​ចិត្ត គឺ​ពួក​គេ​វិញ​ឯ‌ណោះ​ដែល​ឈឺ​ចិត្ត ព្រោះ​ត្រូវ​អាម៉ាស់​មុខ!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

20. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង​មក​លើ​កន្លែង​នេះ គឺ​លើ​មនុស្ស សត្វ ព្រៃ​ព្រឹក្សា និង​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី។ កំហឹង​នេះ​ប្រៀប​បាន​នឹង​ភ្លើង ដែល​ឆេះ​ពុំ​រលត់​ឡើយ»។

21. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បន្ថែម​តង្វាយ​ដុត​ពី​លើ​យញ្ញ‌បូជា​របស់​អ្នក​រាល់​គ្នា ហើយ​បរិភោគ​សាច់​នោះ​ខ្លួន​ឯង​ទៅ

22. ដ្បិត​នៅ​ថ្ងៃ​ដែល​យើង​បាន​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប យើង​ពុំ​បាន​និយាយ​អ្វី​ជា​មួយ​ពួក​គេ ហើយ​យើង​ក៏​ពុំ​បាន​បង្គាប់​ពួក​គេ​ស្ដី​អំពី​តង្វាយ​ដុត និង​យញ្ញ‌បូជា​ដែរ។

23. យើង​គ្រាន់​តែ​បង្គាប់​ពួក​គេ​ថា “ចូរ​ស្ដាប់​សំឡេង​យើង ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង។ ចូរ​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​ដែល​យើង​បង្ហាញ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សុភមង្គល​ជា​មិន​ខាន”។

24. ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​យើង​ទេ។ ពួក​គេ​បាន​ធ្វើ​តាម​ទំនើង​ចិត្ត​របស់​ខ្លួន ពួក​គេ​នៅ​តែ​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន ពួក​គេ​បែរ​ខ្នង​ដាក់​យើង មិន​ព្រម​ងាក​មុខ​មក​រក​យើង​ទេ។

25. តាំង​ពី​ថ្ងៃ​ដែល​បុព្វបុរស​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប​រហូត​មក​ដល់​សព្វ​ថ្ងៃ យើង​តែងតែ​ចាត់​ព្យាការី​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​ទៅ​រក​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ មិន​ដែល​អាក់‌ខាន​ឡើយ។

26. ផ្ទុយ​ទៅ​វិញ ពួក​គេ​មិន​ព្រម​ស្ដាប់ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​របស់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹង‌រូស ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាង​បុព្វបុរស​របស់​ខ្លួន​ទៅ​ទៀត»។

27. «ពេល​អ្នក​យក​ពាក្យ​ទាំង​នេះ​ទៅ​ថ្លែង​ប្រាប់​ពួក​គេ ពួក​គេ​មិន​ព្រម​ស្ដាប់ ពេល​អ្នក​ហៅ​ពួក​គេ ពួក​គេ​មិន​ព្រម​ឆ្លើយ។

28. ដូច្នេះ ចូរ​ប្រាប់​ពួក​គេ​ថា អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​ដែល​មិន​ព្រម​ស្ដាប់​ព្រះ​សូរសៀង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ហើយ​ក៏​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល​ប្រៀន‌ប្រដៅ​ពី​ព្រះ‌អង្គ​ដែរ។ អ្នក​រាល់​គ្នា​លែង​ស្មោះ​ត្រង់ ពាក្យ​សម្ដី​ដែល​អ្នក​រាល់​គ្នា​និយាយ​មិន​ពិត​ទាល់​តែ​សោះ»។

29. ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយអ្នក​លែង​ជា​ប្រជា‌ជន​ដែល​ញែក​ខ្លួន​ថ្វាយព្រះ‌អម្ចាស់​ទៀត​ហើយ!ចូរ​យំ​រៀប​រាប់​នៅ​លើ​ភ្នំ​នេះ​ទៅ!ដ្បិត​ព្រះ‌អម្ចាស់​មិន​រវី‌រវល់​នឹង​អ្នក​ទេព្រះ‌អង្គ​បោះ​បង់​ចោល​មនុស្ស​មួយ​ជំនាន់​នេះដែល​បាន​នាំ​គ្នា​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ពិរោធ។

30. «ជន‌ជាតិ​យូដា​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​យើង​មិន​ពេញ​ចិត្ត -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- គឺ​ពួក​គេ​យក​រូប​ព្រះ​ដ៏​ចង្រៃ​មក​តម្កល់​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់ ធ្វើ​ឲ្យ​កន្លែង​នេះ​ទៅ​ជា​សៅហ្មង។

31. ពួក​គេ​បាន​សង់​ទី‌សក្ការៈ​នៅ​តូផេត ក្នុង​ជ្រលង​ភ្នំ​ហ៊ីន‌ណម ដើម្បី​យក​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន​ទៅ​ដុត​ធ្វើ​ជា​យញ្ញ‌បូជា។ យើង​ពុំ​ដែល​បង្គាប់​ឲ្យ​ពួក​គេ​ធ្វើ​អំពើ​បែប​នេះ​សោះ ហើយ​យើង​ក៏​មិន​ដែល​នឹក​ឃើញ​អំពី​ការ​នេះ​ដែរ។

32. ដូច្នេះ នៅ​ពេល​ខាង​មុខ គេ​លែង​ហៅ​កន្លែង​នោះ​ថា “តូផេត” ឬ​“ជ្រលង​ភ្នំ​ហ៊ីនណម” ទៀត​ហើយ តែ​គេ​នឹង​ហៅ​ថា “ជ្រលង​ភ្នំ​ពិឃាត”។ គេ​នឹង​យក​សព​ទៅ​កប់​នៅ​តូផេត​នោះ ដ្បិត​កន្លែង​ឯ​ទៀតៗ​គ្មាន​នៅ​សល់​ដី​សម្រាប់​កប់​សាក‌សព​ទេ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

33. សាក‌សព​របស់​ប្រជា‌ជន​នេះ​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​ឆ្កែ​ចចក។ វា​នឹង​ស៊ី​សាក‌សព​ទាំង​នោះ ដោយ​ឥត​មាន​នរណា​មក​ដេញ​វា​ឡើយ។

សូមអានជំពូកពេញលេញ យេរេមា 7