គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 7:18-24 Khmer Standard Version (KHSV)

18. កូនៗ​នាំ​គ្នា​ដើរ​រើស​អុស ឪពុក​បង្កាត់​ភ្លើង ហើយ​ម្ដាយ​ច្របាច់​ម្សៅ​ធ្វើ​នំ​ថ្វាយ​ព្រះ‌នាង​ម្ចាស់​សួគ៌ ពួក​គេ​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌ដទៃ ដើម្បី​បញ្ឈឺ​ចិត្ត​យើង។

19. តាម​ពិត មិន​មែន​យើង​ទេ​ដែល​ឈឺ​ចិត្ត គឺ​ពួក​គេ​វិញ​ឯ‌ណោះ​ដែល​ឈឺ​ចិត្ត ព្រោះ​ត្រូវ​អាម៉ាស់​មុខ!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

20. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង​មក​លើ​កន្លែង​នេះ គឺ​លើ​មនុស្ស សត្វ ព្រៃ​ព្រឹក្សា និង​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី។ កំហឹង​នេះ​ប្រៀប​បាន​នឹង​ភ្លើង ដែល​ឆេះ​ពុំ​រលត់​ឡើយ»។

21. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បន្ថែម​តង្វាយ​ដុត​ពី​លើ​យញ្ញ‌បូជា​របស់​អ្នក​រាល់​គ្នា ហើយ​បរិភោគ​សាច់​នោះ​ខ្លួន​ឯង​ទៅ

22. ដ្បិត​នៅ​ថ្ងៃ​ដែល​យើង​បាន​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប យើង​ពុំ​បាន​និយាយ​អ្វី​ជា​មួយ​ពួក​គេ ហើយ​យើង​ក៏​ពុំ​បាន​បង្គាប់​ពួក​គេ​ស្ដី​អំពី​តង្វាយ​ដុត និង​យញ្ញ‌បូជា​ដែរ។

23. យើង​គ្រាន់​តែ​បង្គាប់​ពួក​គេ​ថា “ចូរ​ស្ដាប់​សំឡេង​យើង ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង។ ចូរ​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​ដែល​យើង​បង្ហាញ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សុភមង្គល​ជា​មិន​ខាន”។

24. ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​យើង​ទេ។ ពួក​គេ​បាន​ធ្វើ​តាម​ទំនើង​ចិត្ត​របស់​ខ្លួន ពួក​គេ​នៅ​តែ​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន ពួក​គេ​បែរ​ខ្នង​ដាក់​យើង មិន​ព្រម​ងាក​មុខ​មក​រក​យើង​ទេ។

សូមអានជំពូកពេញលេញ យេរេមា 7