គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 7:13-23 Khmer Standard Version (KHSV)

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទាំង​នេះ ដោយ​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​ពាក្យ​យើង គឺ​ទោះ​បី​យើង​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​ដំបូង​មក​ក្ដី ហើយ​ដោយ​អ្នក​រាល់​គ្នា​ពុំ​បាន​ឆ្លើយ នៅ​ពេល​យើង​ស្រែក​ហៅ

14. យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ព្រះ‌វិហារ​នេះ ដូច​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីឡូ​ដែរ ទោះ​បី​ទី​នេះ​ជា​ដំណាក់​របស់​យើង ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ទុក​ចិត្ត ហើយ​ជា​កន្លែង​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ក៏​ដោយ។

15. យើង​នឹង​បំបរ‌បង់​អ្នក​រាល់​គ្នា​ឲ្យ​ឆ្ងាយ​ពី​យើង ដូច​យើង​បាន​បំបរ‌បង់​ពួក​អេប្រាអ៊ីម​ទាំង​មូល​ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ដែរ»។

16. «រីឯ​អ្នក​វិញ កុំ​ទូល‌អង្វរ​យើង​សម្រាប់​ប្រជា‌ជន​នេះ កុំ​បន្លឺ​សំឡេង​អធិស្ឋាន ឬ​ទទូច​សុំ​ឲ្យ​យើង​ប្រណី​ពួក​គេ​ឡើយ យើង​មិន​ស្ដាប់​ពាក្យ​អ្នក​ទេ។

17. តើ​អ្នក​មិន​ឃើញ​អំពើ​ដែល​គេ​ប្រព្រឹត្ត​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ទេ​ឬ?

18. កូនៗ​នាំ​គ្នា​ដើរ​រើស​អុស ឪពុក​បង្កាត់​ភ្លើង ហើយ​ម្ដាយ​ច្របាច់​ម្សៅ​ធ្វើ​នំ​ថ្វាយ​ព្រះ‌នាង​ម្ចាស់​សួគ៌ ពួក​គេ​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌ដទៃ ដើម្បី​បញ្ឈឺ​ចិត្ត​យើង។

19. តាម​ពិត មិន​មែន​យើង​ទេ​ដែល​ឈឺ​ចិត្ត គឺ​ពួក​គេ​វិញ​ឯ‌ណោះ​ដែល​ឈឺ​ចិត្ត ព្រោះ​ត្រូវ​អាម៉ាស់​មុខ!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

20. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង​មក​លើ​កន្លែង​នេះ គឺ​លើ​មនុស្ស សត្វ ព្រៃ​ព្រឹក្សា និង​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី។ កំហឹង​នេះ​ប្រៀប​បាន​នឹង​ភ្លើង ដែល​ឆេះ​ពុំ​រលត់​ឡើយ»។

21. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បន្ថែម​តង្វាយ​ដុត​ពី​លើ​យញ្ញ‌បូជា​របស់​អ្នក​រាល់​គ្នា ហើយ​បរិភោគ​សាច់​នោះ​ខ្លួន​ឯង​ទៅ

22. ដ្បិត​នៅ​ថ្ងៃ​ដែល​យើង​បាន​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប យើង​ពុំ​បាន​និយាយ​អ្វី​ជា​មួយ​ពួក​គេ ហើយ​យើង​ក៏​ពុំ​បាន​បង្គាប់​ពួក​គេ​ស្ដី​អំពី​តង្វាយ​ដុត និង​យញ្ញ‌បូជា​ដែរ។

23. យើង​គ្រាន់​តែ​បង្គាប់​ពួក​គេ​ថា “ចូរ​ស្ដាប់​សំឡេង​យើង ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង។ ចូរ​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​ដែល​យើង​បង្ហាញ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សុភមង្គល​ជា​មិន​ខាន”។

សូមអានជំពូកពេញលេញ យេរេមា 7