គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 7:1-12 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​យេរេមា​ដូច​ត​ទៅ៖

2. «ចូរ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ ហើយ​ប្រកាស​ពាក្យ​នេះ​ថា: អ្នក​ទាំង​អស់​គ្នា​ជា​ជន‌ជាតិ​យូដា​អើយ! អ្នក​រាល់​គ្នា​ចូល​តាម​ទ្វារ​ទាំង​នេះ ដើម្បី​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ!

3. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា: ចូរ​កែ​ប្រែ​កិរិយា​មារយាទ និង​លះ‌បង់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ទៅ នោះ​យើង​នឹង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ចូល​មក​ទី​នេះ​ត​ទៅ​មុខ​ទៀត។

4. មិន​ត្រូវ​អះ‌អាង​លើ​ពាក្យ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បញ្ឆោត​ខ្លួន​ឯង​ថា “ទី​នេះ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់! ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់! ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់!”ឡើយ។

5. ចូរ​កែ​ប្រែ​កិរិយា​មារយាទ និង​លះ‌បង់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ ចូរ​រក​យុត្តិធម៌​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

6. ចូរ​ឈប់​ជិះ‌ជាន់​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ចូរ​ឈប់​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ ហើយ​ឈប់​រត់​ទៅ​គោរព​ព្រះ​ដទៃ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា។

7. ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ យើង​នឹង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ទី​នេះ គឺ​នៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ដូនតា​របស់​អ្នក​រាល់​គ្នា តាំង​ពី​ដើម​រៀង​មក ហើយ​អស់‌កល្ប​ត​រៀង​ទៅ។

8. ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​អះ‌អាង​លើ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បញ្ឆោត​ខ្លួន​ឯង ជា​ពាក្យ​ឥត​បាន​ការ​នោះ​ទៅ​វិញ។

9. អ្នក​រាល់​គ្នា​លួច​ប្លន់ កាប់​សម្លាប់ ផិត​ក្បត់ ស្បថ​បំពាន ដុត​គ្រឿង​សក្ការៈ​បូជា​ថ្វាយ​ព្រះ​បាល និង​រត់​ទៅ​គោរព​ព្រះ​ដទៃ ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់​ពី​មុន

10. រួច​ហើយ​នាំ​គ្នា​ចូល​មក​ថ្វាយ‌បង្គំ​យើង​ក្នុង​ព្រះ‌វិហារ​នេះ ដែល​ជា​ដំណាក់​របស់​យើង។ អ្នក​រាល់​គ្នា​ហ៊ាន​ប្រកាស​ថា “នៅ​កន្លែង​នេះ យើង​រួច​ខ្លួន!”។ អ្នក​រាល់​គ្នា​ពោល​ដូច្នេះ ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ត​ទៅ​ទៀត។

11. តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ព្រះ‌វិហារ​ដែល​ជា​ដំណាក់​របស់​យើង​នេះ ជា​សំបុក​ចោរ​ឬ? តាម​ពិត យើង​ឃើញ​ថា ទី​នេះ​ពិត​ជា​សំបុក​ចោរ​មែន!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. «ចូរ​នាំ​គ្នា​ទៅ​ទី‌សក្ការៈ​របស់​យើង​នៅ​ស៊ីឡូ ដែល​ជា​ដំណាក់​របស់​យើង​កាល​ពី​មុន​នោះ ហើយ​សង្កេត​មើល​ទៅ! ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​បាន​បំផ្លាញ​ទី​នោះ​ឲ្យ​ខ្ទេច‌ខ្ទី»។

សូមអានជំពូកពេញលេញ យេរេមា 7