គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 52:12-23 Khmer Standard Version (KHSV)

12. នៅ​ថ្ងៃ​ទី​ដប់​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​ដែល​បម្រើ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​មក​ដល់​ក្រុង​យេរូ‌សាឡឹម។

13. លោក​ដុត​កម្ទេច​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដំណាក់​របស់​ស្ដេច ព្រម​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡឹម ជា​ពិសេស ផ្ទះ​របស់​ពួក​អភិជន។

14. កង‌ទ័ព​ខាល់ដេ​ទាំង​មូល ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​រាជ​ប្រតិភូ ក៏​រំលំ​កំពែង​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​ចោល​ដែរ។

15. លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ កៀរ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ក្នុង​ទីក្រុង គឺ​ជន​ក្រីក្រ​មួយ​ចំនួន ទាហាន​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​ពួក​ជាង​ដែល​នៅ​សេស‌សល់​យក​ទៅ​ជា​ឈ្លើយ​សឹក។

16. ប៉ុន្តែ លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ ទុក​ឲ្យ​ជន​តូច‌តាច​ខ្លះ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ដាំ​ទំពាំង‌បាយជូរ និង​ភ្ជួរ​ស្រែ។

17. ជន‌ជាតិ​ខាល់ដេ​កម្ទេច​សសរ​លង្ហិន ដែក​កំណល់ និង​អាង​ធំ ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​យក​លង្ហិន​ទាំង​ប៉ុន្មាន​នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។

18. ពួក​គេ​យក​ឆ្នាំង វែក កាំបិត ភាជន៍ ពែង និង​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌វិហារ​ទៅ​ជា​មួយ។

19. លោក​រាជ​ប្រតិភូ​ក៏​យក​ចាន‌ក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើង​ចង្កៀង ពែង ចាន គោម និង​វត្ថុ​ទាំង​ប៉ុន្មាន ដែល​ធ្វើ​ពី​មាស​ពី​ប្រាក់ ទៅ​ជា​មួយ​ដែរ។

20. រីឯ​សសរ​ទាំង​ពីរ អាង​ធំ និង​រូប​គោ​លង្ហិន​ទាំង​ដប់‌ពីរ​ជា​កំណល់ ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​លង្ហិន​នេះ គ្មាន​នរណា​ដឹង​ថា​មាន​ទម្ងន់​ប៉ុន្មាន​ទេ។

21. សសរ​ទី​មួយ​មាន​កំពស់​ដប់‌ប្រាំ‌បី​ហត្ថ ហើយ​រង្វង់​សសរ​មាន​ប្រវែង​ដប់‌ពីរ​ហត្ថ។ សសរ​នោះ​ប្រហោង​ក្នុង និង​មាន​កំរាស់​បួន​ហ៊ុន។

22. នៅ​ពី​លើ​សសរ​មាន​ក្បាច់​ក្បាល​សសរ មួយ​ធ្វើ​ពី​លង្ហិន ដែល​មាន​កំពស់​ប្រាំ​ហត្ថ។ នៅ​ជុំ‌វិញ​ក្បាច់​ក្បាល​សសរ​មាន​ក្បាច់​ក្រឡា‌អួន និង​ផ្លែ​ទទឹម​ជា​ច្រើន ដែល​ធ្វើ​ពី​លង្ហិន​ទាំង​អស់។ រីឯ​សសរ​ទី​ពីរ​មាន​ទំហំ និង​មាន​ផ្លែ​ទទឹម​ដូច​គ្នា​ដែរ។

23. មាន​ផ្លែ​ទទឹម​ទាំង​អស់​កៅ‌សិប​ប្រាំ​មួយ​នៅ​ជុំ‌វិញ ហើយ​ផ្លែ​ទទឹម​ដែល​នៅ​ជាប់​នឹង​ក្បាច់​ក្រឡា‌អួន មាន​ចំនួន​ទាំង​អស់​មួយ​រយ។

សូមអានជំពូកពេញលេញ យេរេមា 52