គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 51:11-24 Khmer Standard Version (KHSV)

11. ចូរ​សំរួច​មុខ​ព្រួញ ហើយ​ដាក់​ព្រួញ​ពេញ​បំពង់ ព្រះ‌អម្ចាស់​មាន​គម្រោង‌ការ​កម្ទេច​ក្រុង​បាប៊ី‌ឡូនហេតុ​នេះ​បាន​ជា​ព្រះ‌អង្គ​ជំរុញស្ដេច​ស្រុក​មេឌី​ឲ្យ​សម្រេច​ការ​នេះដ្បិត​ព្រះ‌អម្ចាស់​សង‌សឹក​ពួក​បាប៊ី‌ឡូនព្រោះ​ពួក​គេ​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ!

12. ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​កំពែង​ក្រុង​បាប៊ី‌ឡូនចូរ​បន្ថែម​កង​យាម‌ល្បាតចូរ​ដាក់​អ្នក​យាម​ឲ្យ​ឃ្លាំ​មើលចូរ​បង្កប់​ទាហាន​ចាំ​វាយ​ឆ្មក់ដ្បិត​ព្រះ‌អម្ចាស់​សម្រេច​តាម​ផែន‌ការដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រឆាំងនឹង​អ្នក​ក្រុង​បាប៊ី‌ឡូន។

13. អ្នក​រស់​នៅ​តាម​មាត់​ទន្លេហើយ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើនអ្នក​មាន​ចិត្ត​លោភ‌លន់តែ​ចុង​បញ្ចប់​របស់​អ្នក​មក​ដល់​ហើយ!

14. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូលយ៉ាង​ម៉ឺង‌ម៉ាត់ ក្នុង​នាម​ព្រះ‌អង្គ​ផ្ទាល់​ថា៖«យើង​នឹង​នាំ​កង‌ទ័ព​ដ៏​ច្រើន​ដូច​ហ្វូង​កណ្ដូបមក​វាយ​លុក​អ្នកពួក​គេ​ស្រែក​យក​ជ័យ‌ជំនះ​លើ​អ្នក»។

15. ព្រះ‌អម្ចាស់​បាន​សូន​ផែនដីដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​បង្កើត​ពិភព​លោកដោយ​ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃដោយ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ។

16. ពេល​ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀងទឹក​ទាំង‌ឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃពពក​រសាត់​មក​ពី​ជើង​មេឃផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មកហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។

17. ពេល​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គមនុស្ស​ទាំង​អស់​បែរ​ជា​ងឿង‌ឆ្ងល់លែង​យល់​អ្វី​សោះជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯងដោយ​បាន​ឆ្លាក់​រូប​ព្រះ​ឥត​បាន​ការ​ទាំង​នោះដែល​គ្មាន​វិញ្ញាណ។

18. ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះជា​របស់​គួរ​ឲ្យ​មើល‌ងាយដែល​នឹង​ត្រូវ​វិនាស​សូន្យនៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស។

19. រីឯ​ព្រះ​របស់​លោក​យ៉ាកុប​វិញ មិន​ដូច្នោះ​ទេគឺ​ព្រះ‌អង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់ព្រះ‌អង្គ​បាន​ជ្រើស​រើស​អ៊ីស្រា‌អែលធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គព្រះ‌អង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

20. «បាប៊ី‌ឡូន​អើយកាល​ពី​មុន អ្នក​ប្រៀប​បាន​នឹង​ញញួរជា​គ្រឿង​សស្ត្រា‌វុធយើង​បាន​ប្រើ​អ្នក សម្រាប់​វាយ‌ដំ​ប្រជា‌ជាតិ​នានានិង​កម្ទេច​នគរ​ទាំង‌ឡាយ។

21. យើង​បាន​ប្រើ​អ្នក​សម្រាប់​កម្ទេច​សេះនិង​ទាហាន​ដែល​ជិះ​នៅ​លើ​វាយើង​បាន​ប្រើ​អ្នក សម្រាប់​កម្ទេចរទេះ​ចំបាំង និង​អ្នក​បរ​វា។

22. យើង​បាន​ប្រើ​អ្នកសម្រាប់​ប្រហារ​មនុស្ស​ប្រុស​ស្រីយើង​បាន​ប្រើ​អ្នកសម្រាប់​ប្រហារ​ចាស់ៗ និង​ក្មេងៗយើង​បាន​ប្រើ​អ្នកសម្រាប់​ប្រហារ​យុវជន​យុវ‌នារី

23. យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​គង្វាលនិង​ហ្វូង​សត្វ​របស់​គេ យើង​បាន​ប្រើ​អ្នកសម្រាប់​ប្រហារ​អ្នក​ភ្ជួរ​ស្រែនិង​គោ​ដែល​គេ​ទឹមយើង​បាន​ប្រើ​អ្នកសម្រាប់​ប្រហារ​ចៅហ្វាយ​ខេត្តនិង​ទេសា‌ភិបាល។

24. យើង​នឹង​សង​ទៅ​ក្រុង​បាប៊ី‌ឡូននិង​អ្នក​ស្រុក​ខាល់ដេ​ទាំង​អស់ តាម​អំពើឃោរ‌ឃៅ​ដែល​គេ​បាន​ប្រព្រឹត្តចំពោះ​ក្រុង​ស៊ីយ៉ូនក្រោម​ក្រសែ‌ភ្នែក​របស់​អ្នក​រាល់​គ្នា- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ យេរេមា 51