គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 5:10-25 Khmer Standard Version (KHSV)

10. ចូរ​ឡើង​ទៅ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ពួក​គេហើយ​កម្ទេច​ចោល​ទៅតែ​កុំ​កម្ទេច​ឲ្យ​អស់​ទាំង​ស្រុង​ឡើយ។ចូរ​កាប់​មែក​វា​ចោលព្រោះ​មិន​មែន​ជា​មែក​របស់​ព្រះ‌អម្ចាស់​ទេ!

11. ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដាសុទ្ធ​តែ​បាន​ក្បត់​យើង​ទាំង​ស្រុង»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌អម្ចាស់គេ​ពោល​ថា «គ្មាន​ព្រះ‌អម្ចាស់​ទេហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​ដល់​យើង​ដែរយើង​នឹង​មិន​ជួប​ប្រទះ​សង្គ្រាម ឬ​ទុរ្ភិក្ស​ឡើយ។

13. រីឯ​ពួក​ព្យាការី​គ្មាន​បាន​ការ​អ្វី​ទេសេចក្ដី​ដែល​ថ្លែង​ចេញ​មក​គ្មាន​ខ្លឹមសារ​អ្វី​ទេសូម​ឲ្យ​សេចក្ដី​ដែល​ពួក​គេ​គំរាម​នោះកើត​មាន​ដល់​ពួក​គេ!»។

14. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖«យេរេមា​អើយ ដោយ​ពួក​គេ​ពោល​ដូច្នេះយើង​នឹង​យក​ពាក្យ​ដែល​យើង​ដាក់ក្នុង​មាត់​អ្នក​ធ្វើ​ជា​ភ្លើងហើយ​យក​ប្រជា‌ជន​នេះ​ធ្វើ​ជា​អុសដែល​ភ្លើង​ឆេះ​បំផ្លាញ។

15. អ៊ីស្រា‌អែល​អើយ!យើង​នាំ​ប្រជា‌ជាតិ​មួយ​មក​ពី​ស្រុក​ឆ្ងាយដើម្បី​ដាក់​ទោស​អ្នក​រាល់​គ្នា- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់-គឺ​ប្រជា‌ជាតិ​មួយ​ដ៏​ខ្លាំង​ពូកែជា​ប្រជា‌ជាតិ​ដែល​កកើត​ឡើងតាំង​ពី​យូរ‌លង់​មក​ហើយជា​ប្រជា‌ជាតិ​ដែល​អ្នក​រាល់​គ្នា​មិន​យល់​ភាសាហើយ​ក៏​មិន​យល់​សេចក្ដី​ដែល​គេ​និយាយ​ដែរ។

16. ទាហាន​របស់​គេ​សុទ្ធ​តែ​ចំណានៗព្រួញ​របស់​គេ​នឹង​ប្រល័យ​ជីវិត​អ្នក​រាល់​គ្នា។

17. ពួក​គេ​នឹង​បំផ្លាញ​ស្រូវ បំផ្លាញ​អាហាររបស់​អ្នក​រាល់​គ្នាពួក​គេ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នាពួក​គេ​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោរបស់​អ្នក​រាល់​គ្នាពួក​គេ​កម្ទេច​ចម្ការ​ទំពាំង‌បាយជូរនិង​ចម្ការ​ឧទុម្ពរ​របស់​អ្នក​រាល់​គ្នាហើយ​រំលាយ​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំជា​ក្រុង​ដែល​អ្នក​រាល់​គ្នា​ពឹង​ផ្អែក។

18. ប៉ុន្តែ នៅ​គ្រា​នោះ ទោះ​បី​យ៉ាង​ណា​ក្ដី យើង​មិន​កម្ទេច​អ្នក​រាល់​គ្នា​ឲ្យ​វិនាស​ទាំង​ស្រុង​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

19. យេរេមា​អើយ ប្រសិន​បើ​ពួក​គេ​សួរ​ថា: “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រព្រឹត្ត​បែប​នេះ​ចំពោះ​យើង?” ចូរ​ឆ្លើយ​ទៅ​គេ​វិញ​ថា: “ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ​របស់​ជន​បរទេស ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​បម្រើ​ជន​បរទេស​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា”»។

20. «ចូរ​ប្រាប់​ឲ្យ​កូន​ចៅ​របស់​លោក​យ៉ាកុប​ដឹងចូរ​ប្រកាស​ដល់​ប្រជា‌ជន​នៅ​ស្រុក​យូដា​ថា:

21. ប្រជា‌ជន​ល្ងី‌ល្ងើ​ឥត​ដឹង​ខ្យល់​អ្វី​អើយ ចូរ​ស្ដាប់!អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញអ្នក​រាល់​គ្នា​មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ

22. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថាតើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច ហើយ​ញាប់‌ញ័រនៅ​ចំពោះ​មុខ​យើង​ទេ​ឬ?យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំ‌ដែន​អស់‌កល្ប​ជា‌និច្ចសម្រាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បានទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណាក៏​ពុំ​អាច​ឆ្លង​ព្រំ‌ដែន​នេះ​បាន​ដែរ។

23. រីឯ​ប្រជា‌ជន​នេះ​វិញ គេ​មាន​ចិត្ត​រឹង‌រូសបះ‌បោរ​ប្រឆាំង​នឹង​យើងហើយ​នាំ​គ្នា​ដក​ខ្លួន​ចាក​ចេញ​ពី​យើង។

24. គេ​ពុំ​ព្រម​រិះគិត​ក្នុង​ចិត្ត​ថា“ចូរ​យើង​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង។ព្រះ‌អង្គ​ប្រទាន​ទឹក​ភ្លៀង​មក​យើងតាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវនិង​ភ្លៀង​នៅ​ចុង​រដូវហើយ​ព្រះ‌អង្គ​ក៏​បាន​កំណត់​ទុក​នូវ​សប្ដាហ៍ដែល​យើង​ត្រូវ​ច្រូត​កាត់​ដែរ”។

25. កំហុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យធាតុ​អាកាស​ប្រែ‌ប្រួលអំពើ​បាប​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យអ្នក​រាល់​គ្នា​បាត់​បង់​ពរ​ទាំង​នោះ។

សូមអានជំពូកពេញលេញ យេរេមា 5