គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 5:1-15 Khmer Standard Version (KHSV)

1. ចូរ​នាំ​គ្នា​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹមចូរ​សង្កេត​មើលហើយ​សាក​សួរ និង​រក​មើល​នៅ​តាម​ផ្សារក្រែង​លោ​ឃើញ​មាន​នរណា​ម្នាក់​ស្មោះ​ត្រង់និង​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិតប្រសិន​បើ​អ្នក​រាល់​គ្នា​រក​ឃើញ​តែ​ម្នាក់នោះ​យើង​អត់‌ទោស​ឲ្យ​ក្រុង​យេរូ‌សាឡឹម។

2. ទោះ​បី​គេ​ស្បថ ដោយ​យក​ព្រះ‌អម្ចាស់ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ធ្វើ​ជា​សាក្សី​ក្ដីក៏​ពាក្យ​សម្បថ​របស់​គេ​មិន​ពិត​ដែរ។

3. បពិត្រ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​រំពៃ​មើលស្វែង​រក​នរណា​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់។ព្រះ‌អង្គ​បាន​វាយ​ប្រហារ​ពួក​គេតែ​ពួក​គេ​ធ្វើ​ព្រងើយព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​វិនាសតែ​ពួក​គេ​មិន​រាង‌ចាល​ទេពួក​គេ​កាន់​ចិត្ត​រឹង​ដូច​ថ្មពួក​គេ​មិន​ព្រម​វិល​មក​រក​ព្រះ‌អង្គ​វិញ​ទេ។

4. ខ្ញុំ​គិត​ថា: អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជាមនុស្ស​តូច‌តាច មិន​សូវ​ដឹង​អីគេ​ពុំ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អម្ចាស់ហើយ​ក៏​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​ខ្លួន​ដែរ។

5. ខ្ញុំ​គួរ​តែ​ទៅ​រក​ពួក​អ្នក​ធំ​វិញដើម្បី​និយាយ​ជា​មួយ​ពួក​គេអ្នក​ទាំង​នោះ​ពិត​ជា​ស្គាល់​មាគ៌ា​របស់​ព្រះ‌អម្ចាស់ហើយ​ស្គាល់​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​ខ្លួន។ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គព្រម​ទាំង​ផ្ដាច់​ចំណង​មេត្រី​ពី​ព្រះ‌អង្គដូច​អ្នក​តូច‌តាច​ដែរ។

6. ហេតុ​នេះ​ហើយ​បាន​ជា​សត្វ​តោ​ចេញ​ពី​ព្រៃមក​ប្រហារ​ពួក​គេសត្វ​ចចក​ចេញ​ពី​ព្រៃ​ល្បោះ​មក​ហែក​ពួក​គេ​ស៊ីខ្លា​រខិន​មក​សំងំ​ចាំ​ចាប់​ពួក​គេ​នៅ​មាត់​ទ្វារ​ក្រុងអស់​អ្នក​ដែល​ចេញ​ពី​ទីក្រុង​នឹង​ត្រូវ​ខ្លា​ហែក​ស៊ីដ្បិត​ពួក​គេ​បាន​បះ‌បោរ​ជា​ច្រើន​ដងនិង​ក្បត់​ព្រះ‌អម្ចាស់​ជា​ច្រើន​លើក​ច្រើន​សា។

7. «តើ​យើង​អត់‌ទោស​ឲ្យ​អ្នក​ដូច​ម្ដេច​បាន?កូន​ចៅ​របស់​អ្នក​បាន​បោះ​បង់​ចោល​យើងគេ​ស្បថ​ដោយ​យក​ព្រះ​ក្លែង‌ក្លាយ ធ្វើ​ជា​សាក្សី។យើង​បាន​ឲ្យ​ពួក​គេ​មាន​ភោគ​ទ្រព្យ​បរិបូណ៌តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ផិត​ក្បត់​ទៅ​វិញគឺ​ពួក​គេ​លើក​គ្នា​ទៅ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ក្នុង​វិហារ​របស់​ព្រះ​ក្លែង‌ក្លាយ។

8. ពួក​គេ​ប្រៀប​បាន​នឹង​សេះ​បា​ដែល​ពេញ​កម្លាំងគឺ​ម្នាក់ៗ​គិត​តែ​ចែ‌ចង់​ប្រពន្ធ​គេ។

9. ដូច្នេះ តើ​មិន​គួរ​ឲ្យ​យើង​ដាក់​ទោសពួក​គេ​ទេ​ឬ?តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទណ្ឌ‌កម្ម​ប្រជា‌ជាតិអាក្រក់​បែប​នេះ​ទេ​ឬ?- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10. ចូរ​ឡើង​ទៅ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ពួក​គេហើយ​កម្ទេច​ចោល​ទៅតែ​កុំ​កម្ទេច​ឲ្យ​អស់​ទាំង​ស្រុង​ឡើយ។ចូរ​កាប់​មែក​វា​ចោលព្រោះ​មិន​មែន​ជា​មែក​របស់​ព្រះ‌អម្ចាស់​ទេ!

11. ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដាសុទ្ធ​តែ​បាន​ក្បត់​យើង​ទាំង​ស្រុង»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌អម្ចាស់គេ​ពោល​ថា «គ្មាន​ព្រះ‌អម្ចាស់​ទេហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​ដល់​យើង​ដែរយើង​នឹង​មិន​ជួប​ប្រទះ​សង្គ្រាម ឬ​ទុរ្ភិក្ស​ឡើយ។

13. រីឯ​ពួក​ព្យាការី​គ្មាន​បាន​ការ​អ្វី​ទេសេចក្ដី​ដែល​ថ្លែង​ចេញ​មក​គ្មាន​ខ្លឹមសារ​អ្វី​ទេសូម​ឲ្យ​សេចក្ដី​ដែល​ពួក​គេ​គំរាម​នោះកើត​មាន​ដល់​ពួក​គេ!»។

14. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖«យេរេមា​អើយ ដោយ​ពួក​គេ​ពោល​ដូច្នេះយើង​នឹង​យក​ពាក្យ​ដែល​យើង​ដាក់ក្នុង​មាត់​អ្នក​ធ្វើ​ជា​ភ្លើងហើយ​យក​ប្រជា‌ជន​នេះ​ធ្វើ​ជា​អុសដែល​ភ្លើង​ឆេះ​បំផ្លាញ។

15. អ៊ីស្រា‌អែល​អើយ!យើង​នាំ​ប្រជា‌ជាតិ​មួយ​មក​ពី​ស្រុក​ឆ្ងាយដើម្បី​ដាក់​ទោស​អ្នក​រាល់​គ្នា- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់-គឺ​ប្រជា‌ជាតិ​មួយ​ដ៏​ខ្លាំង​ពូកែជា​ប្រជា‌ជាតិ​ដែល​កកើត​ឡើងតាំង​ពី​យូរ‌លង់​មក​ហើយជា​ប្រជា‌ជាតិ​ដែល​អ្នក​រាល់​គ្នា​មិន​យល់​ភាសាហើយ​ក៏​មិន​យល់​សេចក្ដី​ដែល​គេ​និយាយ​ដែរ។

សូមអានជំពូកពេញលេញ យេរេមា 5