គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 49:14-28 Khmer Standard Version (KHSV)

14. ព្រះ‌អម្ចាស់ប្រទាន​ដំណឹង​មក​ខ្ញុំព្រះ‌អង្គ​ចាត់​អ្នក​នាំ​ពាក្យ​ម្នាក់​ឲ្យ​ទៅប្រកាស​ហៅ​ប្រជា‌ជាតិ​នានា​ថាចូរ​ប្រមូល​គ្នា​មក​ប្រហារ​ស្រុក​អេដុមចូរ​ក្រោក​ឡើង វាយ​លុក​ស្រុក​នេះ​ទៅ!

15. «អេដុម​អើយ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅជា​ប្រជា‌ជាតិ​មួយ​តូច​ជាង​គេជា​ប្រជា‌ជាតិ​ដែល​មនុស្ស​លោក​មើល‌ងាយ។

16. ចិត្ត​អួត‌អាង​របស់​អ្នក​បញ្ឆោត​ខ្លួន​ឯងតែ​គ្មាន​នរណា​ខ្លាច​អ្នក ដូច​អ្នក​នឹក​ស្មាន​នោះ​ទេអ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កំពូល​ភ្នំប៉ុន្តែ ទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នកឲ្យ​ខ្ពស់​ដូច​ទ្រនំ​សត្វ​ឥន្ទ្រី​ក្ដីក៏​យើង​នឹង​ច្រាន​អ្នក​ឲ្យ​ធ្លាក់​ចុះ​ដល់​ដី​ដែរ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

17. «ស្រុក​អេដុម​នឹង​វិនាស​ហិន‌ហោច អស់​អ្នក​ដែល​ដើរ​ក្បែរ​នោះ​នឹង​ព្រឺ​សម្បុរ ហើយ​ស្រឡាំង‌កាំង ដោយ​ឃើញ​សំណល់​បាក់​បែក​ទាំង​ប៉ុន្មាន។

18. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ស្រុក​អេដុម​ប្រៀប​បាន​នឹង​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ក្រុង​ឯ​ទៀតៗ​នៅ​ជុំ‌វិញ ដែល​ត្រូវ​វិនាស​អន្តរាយ គឺ​នឹង​គ្មាន​ប្រជា‌ជន​រស់​នៅ ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​ជ្រក​អាស្រ័យ​នៅ​ដែរ។

19. សត្វ​សិង្ហ​លោត​ចេញ​ពី​មាត់​ទន្លេ​យ័រដាន់ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​រហ័ស​យ៉ាង​ណាយើង​ក៏​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​រត់​ចេញ​ពីស្រុក​អេដុម​រហ័ស​យ៉ាង​នោះ​ដែរ។យើង​នឹង​តែង‌តាំង​អ្នក​គ្រប់‌គ្រង​ដែល​យើង​បានជ្រើស​រើស​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​នេះ។តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង?តើ​នរណា​ហ៊ាន​ប្ដឹង​យើង?តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង?»។

20. ហេតុ​នេះ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែល ព្រះ‌អម្ចាស់​សម្រេច​ធ្វើ​ចំពោះ​ស្រុក​អេដុមនិង​គម្រោង‌ការ​ដែល​ព្រះ‌អង្គ​គ្រោង​ទុកដើម្បី​ដាក់​ទោស​អ្នក​ក្រុង​ថេម៉ាន!សត្រូវ​ពិត​ជា​នាំ​អ្នក​ស្រុក​នេះ​ចេញ​ទៅដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅព្រម​ទាំង​បំផ្លាញ​ស្រុក​ភូមិ​របស់​ពួក​គេឲ្យ​ហិន‌ហោច​ទៀត​ផង។

21. ពេល​ស្រុក​អេដុម​រលំ ផែនដី​ក៏​កក្រើកសម្រែក​របស់​គេ​លាន់​ឮ​រហូត​ដល់​សមុទ្រ​កក់។

22. សត្រូវ​មក​វាយ​ប្រហារដូច​ខ្លែង​សំកាំង​ស្លាប​លើ​ក្រុង​បូសរ៉ានៅ​ថ្ងៃ​នោះ ចិត្ត​របស់​ទាហាន​ដ៏​អង់‌អាចនៃ​ជន‌ជាតិ​អេដុម នឹង​ឈឺ​ចុក​ចាប់ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន»។

23. នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ក្រុង​ដាម៉ាស់។«អ្នក​ក្រុង​ហា‌ម៉ាត់ និង​អ្នក​ក្រុង​អើផាតត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​ទទួល​ដំណឹង​មិន​ល្អពួក​គេ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំងពួក​គេ​អន្ទះ‌អន្ទែង​ដូច​ទឹក​សមុទ្រ​ពុះ​កញ្ជ្រោលគ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ស្ងប់​បាន​ឡើយ។

24. អ្នក​ក្រុង​ដាម៉ាស់​ធ្លាក់​ទឹក​ចិត្តហើយ​បែរ​ក្រោយ ដើម្បី​រត់​គេច​ខ្លួនពួក​គេ​ភ័យ​តក់‌ស្លុត​ឈឺ​ចុក​ចាប់អន្ទះ‌អន្ទែង​ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។

25. តើ​ក្រុង​ដ៏​ល្បី‌ល្បាញ ក្រុង​ដ៏​សប្បាយ​នេះត្រូវ​គេ​បោះ​បង់​ចោល​មែន​ឬ?

26. នៅ​ថ្ងៃ​នោះ ពួក​យុវជន​ដួល​ស្លាប់​នៅ​តាម​ផ្លូវទាហាន​ទាំង​អស់​ក៏​បាត់​បង់​ជីវិត​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

27. យើង​នឹង​ដុត​កំពែង​ក្រុង​ដាម៉ាស់ហើយ​ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​វិមាន​របស់ស្ដេច​បេនហា‌ដាដ»។

28. នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ស្រុក​កេដារ និង​នគរ​ទាំង​ប៉ុន្មាន​នៅ​ហាសោរ ដែល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន វាយ​យក​បាន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​ក្រោក​ឡើង ទៅ​វាយ​លុក​ស្រុក​កេដារចូរ​កម្ទេច​ពួក​អ្នក​ស្រុក​ខាង​កើត​នោះឲ្យ​អន្តរាយ​ទៅ!

សូមអានជំពូកពេញលេញ យេរេមា 49