គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 46:6-17 Khmer Standard Version (KHSV)

6. អ្នក​រត់​លឿន​ពុំ​អាច​រត់​រួច​ខ្លួន​ឡើយ!អ្នក​ខ្លាំង​ពូកែ​ក៏​ពុំ​អាច​គេច​ខ្លួន​ដែរ!នៅ​ទិស​ខាង​ជើងពួក​គេ​នឹង​ជំពប់​ដួល​ត្រង់​ដៃ​ទន្លេ​អឺប្រាត។

7. តើ​នរណា​ប្រៀប​ដូច​ទន្លេ​នីល​ជន់‌ជោរ​ឡើងហើយ​ប្រៀប​ដូច​ទឹក​ទន្លេ​ហូរ​លិច​ច្រាំង?

8. គឺ​ស្រុក​អេស៊ីប​នេះ​ហើយ​ដែល​ប្រៀប​ដូចទន្លេ​នីល​ជន់‌ជោរ​ឡើងហើយ​ប្រៀប​ដូច​ទឹក​ទន្លេ​ហូរ​លិច​ច្រាំងដ្បិត​គេ​ពោល​ថា:ខ្ញុំ​នឹង​ជន់​ឡើង​លិច​ផែនដី ខ្ញុំ​នឹង​វាយ​ក្រុងព្រម​ទាំង​ប្រជា‌ជន​ទាំង​អស់​ឲ្យ​វិនាស។

9. ចូរ​នាំ​គ្នា​ឡើង​ជិះ​សេះ វាយ​សម្រុក​ទៅ!រទេះ​ចំបាំង ចូរ​សម្រុក​ទៅ​មុខ​យ៉ាង​លឿន!ទាហាន​ដ៏​ខ្លាំង​ពូកែ ពី​ស្រុក​អេត្យូ‌ពី ស្រុក​ពូធដែល​ជា​អ្នក​កាន់​ខែលនិង​ទាហាន​ពី​ស្រុក​លូឌ​ដែល​ជា​អ្នក​បាញ់​ព្រួញចូរ​នាំ​គ្នា​ចេញ​ទៅ​ដែរ!

10. ប៉ុន្តែ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌ជា‌អម្ចាស់សង‌សឹក​ខ្មាំង​សត្រូវ។មនុស្ស​ជា​ច្រើន​នឹង​ស្លាប់​ដោយ​មុខ​ដាវហើយ​មាន​ឈាម​ដាប​គ្រប់​ទិស‌ទី។ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌ជា‌អម្ចាស់នៃ​ពិភព​ទាំង​មូល ធ្វើ​យញ្ញ‌បូជានៅ​ស្រុក​ខាង​ជើងតាម​មាត់​ទន្លេ​អឺប្រាត។

11. ជន‌ជាតិ​អេស៊ីប​អើយចូរ​ឡើង​ទៅ​ស្រុក​កាឡាដ​រក​ប្រេង​មក​រឹតទើប​បាន​ធូរ​ស្បើយ!តែ​ត្រូវ​ដឹង​ថា មិន​បាច់​ខំ​ប្រឹង​រក​ថ្នាំ​ច្រើន​មុខ​ទេព្រោះ​គ្មាន​ថ្នាំ​ណា​ស័ក្ដិ‌សិទ្ធិជួយ​អ្នក​ឲ្យ​ជា​សះ‌ស្បើយ​ឡើយ។

12. ប្រជា‌ជាតិ​នានា​ទទួល​ដំណឹង​ថា អ្នក​ត្រូវ​អាម៉ាស់ព្រោះ​សម្រែក​របស់​អ្នកលាន់​ឮ​ពាស‌ពេញ​លើ​ផែនដី។ទាហាន​ដ៏​ខ្លាំង​ពូកែ​រត់​បុក​គ្នាដួល​ស្លាប់​ទាំង​ពីរ​នាក់»។

13. នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​ប្រាប់​ព្យាការី​យេរេមា​អំពី​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ត្រូវ​ទៅ​វាយ​ស្រុក​អេស៊ីប៖

14. «ចូរ​ប្រកាស​នៅ​ស្រុក​អេស៊ីបចូរ​ប្រាប់​ឲ្យ​គេ​ដឹង​នៅ​ក្រុង​មីគដូលចូរ​ប្រាប់​ឲ្យ​គេ​ដឹង​នៅ​ក្រុង​ណូបនិង​ក្រុង​ថាផ្នេស!ត្រូវ​ពោល​ថា ចូរ​រៀបចំ​ខ្លួន និង​ត្រៀម​ខ្លួន​ទៅដ្បិត​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ជុំ‌វិញ​អ្នក​ហើយ!

15. ហេតុ​អ្វី​បាន​ជា​ព្រះ​គោដ៏​ខ្លាំង​ពូកែ​របស់​អ្នកបែរ​ជា​អស់​ឫទ្ធិ​ដូច្នេះ?នៅ​ពេល​ព្រះ‌អម្ចាស់​ផ្ដួល​រំលំពួក​គេ​ពុំ​អាច​ឈរ​មាំ​បាន​ឡើយ។

16. ព្រះ‌អង្គ​ក៏​បាន​ផ្ដួល​ទាហាន​មួយ​ចំនួន​ធំ​ដែរពួក​គេ​ដួល​គរ​លើ​គ្នា ទាំង​ពោល​ថាចូរ​យើង​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​យើងវិល​ត្រឡប់​ទៅ​មាតុ‌ភូមិ​របស់​យើង​វិញដើម្បី​គេច​ឲ្យ​ផុត​ពី​សង្គ្រាម​ដ៏​សាហាវ​នេះ។

17. នៅ​ទី​នោះ គេ​នឹង​ដាក់​ងារ​ព្រះ‌ចៅ​ផារ៉ោនជា​ស្ដេច​ស្រុក​អេស៊ីប​ថា“កោកៗ តែ​ឥត​បាន​ការ​អ្វី!”»។

សូមអានជំពូកពេញលេញ យេរេមា 46