គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 45:1-5 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា សរសេរ​ព្រះ‌បន្ទូល​ទាំង​នេះ​តាម​លោក​យេរេមា​ថ្លែង​ប្រាប់ ទុក​ក្នុង​ក្រាំង​មួយ។ ពេល​នោះ លោក​យេរេមា​មាន​ប្រសាសន៍​មក​កាន់​លោក​បារូក​ថា៖

2. «បារូក​អើយ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​អំពី​អ្នក​ដូច​ត​ទៅ:

3. អ្នក​ពោល​ថា “ខ្ញុំ​ត្រូវ​វេទនា​ហើយ! ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទុក្ខ​កង្វល់ ថែម​ពី​លើ​ការ​ឈឺ​ចាប់​ដែល​ខ្ញុំ​កំពុង​តែ​មាន​ស្រាប់ ខ្ញុំ​ថ្ងូរ​រហូត​ដល់​អស់​កម្លាំង ខ្ញុំ​មាន​ទុក្ខ​ឥត​ស្បើយ”។

4. ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​ប្រាប់​អ្នក​ថា “យើង​នឹង​កម្ទេច​ចោល​នូវ​អ្វីៗ​ដែល​យើង​បាន​សង់ យើង​នឹង​ដក​ចោល​នូវ​អ្វីៗ​ដែល​យើង​បាន​ដាំ។ យើង​ធ្វើ​ដូច្នេះ​នៅ​លើ​ផែនដី​ទាំង​មូល។

5. រីឯ​អ្នក តើ​អ្នក​ប្រាថ្នា​ចង់​បាន​ភាព​ឧត្តុង្គ‌ឧត្ដម​ឬ? កុំ​មាន​បំណង​ដូច្នេះ​ទៀត​ឡើយ! ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា កើត​មាន​ដល់​សត្វ​លោក​ទាំង​មូល - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- តែ​យើង​នឹង​ឲ្យ​អ្នក​បាន​រួច​ជីវិត នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។

សូមអានជំពូកពេញលេញ យេរេមា 45