5. ប៉ុន្តែ ពួកគេពុំបានត្រងត្រាប់ស្ដាប់ ហើយងាកចេញពីអំពើអាក្រក់ទេ ពួកគេមិនព្រមឈប់ដុតគ្រឿងក្រអូបសែនព្រះដទៃឡើយ។
6. កំហឹងរបស់យើងក៏ឆេះឆួលឡើង ដូចភ្លើងឆេះកម្ទេចក្រុងនានា នៅស្រុកយូដា និងផ្លូវទាំងប៉ុន្មាននៅក្រុងយេរូសាឡឹម ឲ្យនៅសល់តែគំនរបាក់បែក និងក្លាយទៅជាទីស្មសានដូចសព្វថ្ងៃ»។
7. ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើបាបខ្លួនឯងខ្លាំងយ៉ាងនេះ គឺអ្នករាល់គ្នាយកប្រជាជនទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងទារក ចេញពីស្រុកយូដា ធ្វើឲ្យហិនហោច ឥតមាននៅសេសសល់នរណាម្នាក់ដូច្នេះ?
8. អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង ដោយគោរពបម្រើព្រះក្លែងក្លាយ ដែលជាស្នាដៃរបស់អ្នករាល់គ្នា អ្នករាល់គ្នាដុតគ្រឿងក្រអូបសែនព្រះដទៃ នៅស្រុកអេស៊ីប ជាស្រុកដែលអ្នករាល់គ្នាមករស់នៅ។ អ្នករាល់គ្នាមុខជាផុតពូជ ហើយត្រូវប្រជាជាតិទាំងអស់នៅលើផែនដីយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសា និងជេរប្រមាថពុំខាន។
9. តើអ្នករាល់គ្នាភ្លេចអំពើអាក្រក់ដែលដូនតារបស់អ្នករាល់គ្នា ស្ដេចស្រុកយូដា ពួកស្រីស្នំ អ្នករាល់គ្នា និងប្រពន្ធរបស់អ្នករាល់គ្នា បានប្រព្រឹត្តក្នុងស្រុកយូដា និងនៅតាមដងផ្លូវនៃក្រុងយេរូសាឡឹមហើយឬ?