គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 44:23-30 Khmer Standard Version (KHSV)

23. ទុក្ខ​លំបាក​ដែល​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដូច​សព្វ​ថ្ងៃ មក​ពី​អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប និង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ មិន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ ច្បាប់ និង​ដំបូន្មាន​របស់​ព្រះ‌អង្គ»។

24. លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល និង​ស្រីៗ​ទាំង​នោះ​ថា៖ «ជន‌ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ស្រុក​អេស៊ីប​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!

25. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា និង​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​បាន​និយាយ ហើយ​ធ្វើ​តាម​ពាក្យ​របស់​ខ្លួន​ភ្លាម គឺ​អ្នក​រាល់​គ្នា​និយាយ​ថា “យើង​ចង់​ធ្វើ​តាម​ពាក្យ​ដែល​យើង​បន់‌ស្រន់ ដោយ​ដុត​គ្រឿង​ក្រអូប និង​ច្រួច‌ស្រា​សែន​ម្ចាស់‌ក្សត្រី​នៅ​ស្ថាន‌សួគ៌”។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​គោរព និង​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បន់‌ស្រន់​នោះ​ទៅ!»។

26. ហេតុ​នេះ ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​ស្រុក​អេស៊ីប​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «យើង​សូម​ស្បថ​ក្នុង​នាម​ដ៏​ឧត្ដម​របស់​យើង​ផ្ទាល់​ថា: យើង​លែង​ឲ្យ​ជន‌ជាតិ​យូដា​ណា​ម្នាក់ ដែល​រស់​នៅ​ស្រុក​អេស៊ីប​យក​ឈ្មោះ​យើង​មក​ស្បថ ដោយ​ពោល​ថា “ព្រះ‌ជា‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ”ទៀត​ហើយ!។

27. យើង​តាម​មើល​ពួក​គេ ដើម្បី​ដាក់​ទោស គឺ​មិន​មែន​ផ្ដល់​សុភមង្គល​ទេ។ ប្រជា‌ជន​យូដា​ទាំង​អស់​ដែល​រស់​នៅ​ស្រុក​អេស៊ីប នឹង​ត្រូវ​វិនាស​ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស រហូត​ដល់​ផុត​ពូជ។

28. មនុស្ស​មួយ​ចំនួន​តូច ដែល​គេច​ផុត​ពី​មុខ​ដាវ​នឹង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ។ ដូច្នេះ ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់​ទាំង​ប៉ុន្មាន ពី​ចំណោម​អស់​អ្នក​ដែល​មក​រស់​នៅ​ស្រុក​អេស៊ីប​នេះ មុខ​ជា​ដឹង​ថា ពាក្យ​របស់​នរណា​បាន​សម្រេច​ជា​រូប​រាង តើ​ពាក្យ​របស់​យើង ឬ​ពាក្យ​របស់​ពួក​គេ»។

29. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា យើង​នឹង​ផ្ដល់​ទី​សម្គាល់​មួយ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ដាក់​ទោស​អ្នក​រាល់​គ្នា​ឲ្យ​រង​ទុក្ខ​វេទនា​នៅ​ស្រុក​នេះ ស្រប​តាម​ពាក្យ​របស់​យើង​មែន

30. គឺ​យើង​នឹង​ប្រគល់​ផារ៉ោន‌ហូប្រា ជា​ស្ដេច​ស្រុក​អេស៊ីប ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ស្ដេច​នេះ ដូច​យើង​បាន​ប្រគល់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​សត្រូវ​ដែល​ចង់​ប្រហារ​ជីវិត​សេដេ‌គា​យ៉ាង​នោះ​ដែរ។

សូមអានជំពូកពេញលេញ យេរេមា 44