គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 44:11-23 Khmer Standard Version (KHSV)

11. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​សម្រេច​ចិត្ត​ដាក់​ទោស​អ្នក​រាល់​គ្នា ហើយ​លុប​បំបាត់​ជន‌ជាតិ​យូដា​ទាំង​មូល។

12. យើង​នឹង​ប្រហារ​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ ហើយ​ចេញ​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​នៅ​ស្រុក​អេស៊ីប​នេះ ពួក​គេ​នឹង​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ពួក​គេ​ត្រូវ​វិនាស​សូន្យ​ទាំង​អស់​គ្នា ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ ប្រជា‌ជាតិ​ទាំង‌ឡាយ​យក​ឈ្មោះ​ពួក​គេ ទៅ​ដាក់​បណ្ដាសា ជេរ​ប្រមាថ និង​ចំអក‌ឡក‌ឡឺយ។

13. យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដូច​យើង​បាន​ដាក់​ទោស​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ​ដែរ។

14. ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ ហើយ​មក​រស់​នៅ​ស្រុក​អេស៊ីប​នេះ គ្មាន​នរណា​ម្នាក់​រត់​រួច និង​រស់​រាន​មាន​ជីវិត​ឡើយ។ ទោះ​បី​ពួក​គេ​ប្រាថ្នា​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ក្ដី ក៏​ពួក​គេ​វិល​ទៅ​វិញ​មិន​បាន​ដែរ លើក‌លែង​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ»។

15. អស់​អ្នក​ដែល​ដឹង​ថា​ប្រពន្ធ​របស់​ខ្លួន​តែងតែ​ដុត​គ្រឿង​ក្រអូប​សែន​ព្រះ​ដទៃ ព្រម​ទាំង​ស្រីៗ​ទាំង​អស់​ដែល​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះ‌ករ​នៅ​ទី​នោះ និង​ប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ក្រុង​ប៉ាត្រូស ក្នុង​ស្រុក​អេស៊ីប នាំ​គ្នា​តប​ទៅ​លោក​យេរេមា​វិញ​ថា៖

16. «ទោះ​បី​លោក​មាន​ប្រសាសន៍​មក​យើង​ក្នុង​នាម​ព្រះ‌អម្ចាស់​ក្ដី ក៏​យើង​មិន​ចង់​ស្ដាប់​ពាក្យ​របស់​លោក​ដែរ។

17. យើង​ចង់​ធ្វើ​អ្វីៗ​តាម​ការ​សម្រេច​របស់​យើង គឺ​ដុត​គ្រឿង​ក្រអូប និង​ច្រួច‌ស្រា​សែន​ម្ចាស់‌ក្សត្រី​នៅ​ស្ថាន‌សួគ៌​ដូច​យើង និង​ដូនតា​របស់​យើង ព្រម​ទាំង​ស្ដេច និង​ពួក​មន្ត្រី​ធ្លាប់​ធ្វើ​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ កាល​នោះ យើង​មាន​អាហារ​បរិភោគ​បរិបូណ៌ បាន​សុខ​ក្សេម‌ក្សាន្ត ឥត​មាន​ទុក្ខ​វេទនា​ទាល់​តែ​សោះ។

18. ប៉ុន្តែ តាំង​ពី​យើង​ឈប់​ដុត​គ្រឿង​ក្រអូប និង​ឈប់​ច្រួច‌ស្រា​សែន​ម្ចាស់‌ក្សត្រី​នៅ​ស្ថាន‌សួគ៌ យើង​ខ្វះ​ខាត​សព្វ​គ្រប់ ព្រម​ទាំង​ត្រូវ​វិនាស​ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស»។

19. ស្រីៗ​ទាំង​នោះ​និយាយ​បន្ថែម​ថា៖ «ពេល​យើង​ដុត​គ្រឿង​ក្រអូប និង​ច្រួច‌ស្រា​ថ្វាយ​ម្ចាស់‌ក្សត្រី​នៅ​ស្ថាន‌សួគ៌​នោះ ប្ដី​របស់​យើង​បាន​យល់​ស្រប​ទាំង​ស្រុង។ ពេល​យើង​ធ្វើ​នំ​ថ្វាយ​ព្រះ‌នាង ព្រម​ទាំង​ច្រួច‌ស្រា ក៏​ប្ដី​យើង​យល់​ស្រប​ដែរ»។

20. ពេល​នោះ លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល ទាំង​ប្រុស ទាំង​ស្រី និង​អស់​អ្នក​ដែល​បាន​ឆ្លើយ​តប​មក​លោក​ថា៖

21. «គ្រឿង​ក្រអូប​ដែល​អ្នក​រាល់​គ្នា និង​ដូនតា​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្ដេច មន្ត្រី និង​អ្នក​ស្រុក បាន​ដុត​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម ព្រះ‌អម្ចាស់​ក៏​បាន​ឃើញ និង​ចង​ចាំ​ជា‌និច្ច​ដែរ។

22. ព្រះ‌អម្ចាស់​ពុំ​អាច​ទ្រាំ​នឹង​អំពើ​អាក្រក់ ព្រម​ទាំង​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នោះ ត​ទៅ​មុខ​ទៀត​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក ជា​ទី​ស្មសាន ជា​ដី​ត្រូវ​បណ្ដាសា ហើយ​គ្មាន​មនុស្ស​រស់​នៅ​ដូច​សព្វ​ថ្ងៃ។

23. ទុក្ខ​លំបាក​ដែល​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដូច​សព្វ​ថ្ងៃ មក​ពី​អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប និង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ មិន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ ច្បាប់ និង​ដំបូន្មាន​របស់​ព្រះ‌អង្គ»។

សូមអានជំពូកពេញលេញ យេរេមា 44