គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 44:11-18 Khmer Standard Version (KHSV)

11. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​សម្រេច​ចិត្ត​ដាក់​ទោស​អ្នក​រាល់​គ្នា ហើយ​លុប​បំបាត់​ជន‌ជាតិ​យូដា​ទាំង​មូល។

12. យើង​នឹង​ប្រហារ​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ ហើយ​ចេញ​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​នៅ​ស្រុក​អេស៊ីប​នេះ ពួក​គេ​នឹង​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ពួក​គេ​ត្រូវ​វិនាស​សូន្យ​ទាំង​អស់​គ្នា ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ ប្រជា‌ជាតិ​ទាំង‌ឡាយ​យក​ឈ្មោះ​ពួក​គេ ទៅ​ដាក់​បណ្ដាសា ជេរ​ប្រមាថ និង​ចំអក‌ឡក‌ឡឺយ។

13. យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដូច​យើង​បាន​ដាក់​ទោស​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ​ដែរ។

14. ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ ហើយ​មក​រស់​នៅ​ស្រុក​អេស៊ីប​នេះ គ្មាន​នរណា​ម្នាក់​រត់​រួច និង​រស់​រាន​មាន​ជីវិត​ឡើយ។ ទោះ​បី​ពួក​គេ​ប្រាថ្នា​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ក្ដី ក៏​ពួក​គេ​វិល​ទៅ​វិញ​មិន​បាន​ដែរ លើក‌លែង​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ»។

15. អស់​អ្នក​ដែល​ដឹង​ថា​ប្រពន្ធ​របស់​ខ្លួន​តែងតែ​ដុត​គ្រឿង​ក្រអូប​សែន​ព្រះ​ដទៃ ព្រម​ទាំង​ស្រីៗ​ទាំង​អស់​ដែល​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះ‌ករ​នៅ​ទី​នោះ និង​ប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ក្រុង​ប៉ាត្រូស ក្នុង​ស្រុក​អេស៊ីប នាំ​គ្នា​តប​ទៅ​លោក​យេរេមា​វិញ​ថា៖

16. «ទោះ​បី​លោក​មាន​ប្រសាសន៍​មក​យើង​ក្នុង​នាម​ព្រះ‌អម្ចាស់​ក្ដី ក៏​យើង​មិន​ចង់​ស្ដាប់​ពាក្យ​របស់​លោក​ដែរ។

17. យើង​ចង់​ធ្វើ​អ្វីៗ​តាម​ការ​សម្រេច​របស់​យើង គឺ​ដុត​គ្រឿង​ក្រអូប និង​ច្រួច‌ស្រា​សែន​ម្ចាស់‌ក្សត្រី​នៅ​ស្ថាន‌សួគ៌​ដូច​យើង និង​ដូនតា​របស់​យើង ព្រម​ទាំង​ស្ដេច និង​ពួក​មន្ត្រី​ធ្លាប់​ធ្វើ​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ កាល​នោះ យើង​មាន​អាហារ​បរិភោគ​បរិបូណ៌ បាន​សុខ​ក្សេម‌ក្សាន្ត ឥត​មាន​ទុក្ខ​វេទនា​ទាល់​តែ​សោះ។

18. ប៉ុន្តែ តាំង​ពី​យើង​ឈប់​ដុត​គ្រឿង​ក្រអូប និង​ឈប់​ច្រួច‌ស្រា​សែន​ម្ចាស់‌ក្សត្រី​នៅ​ស្ថាន‌សួគ៌ យើង​ខ្វះ​ខាត​សព្វ​គ្រប់ ព្រម​ទាំង​ត្រូវ​វិនាស​ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស»។

សូមអានជំពូកពេញលេញ យេរេមា 44