គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 44:1-15 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ជន‌ជាតិ​យូដា​ទាំង​អស់​ដែល​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​អេស៊ីប គឺ​អ្នក​នៅ​ក្រុង​មីគដូល ក្រុង​ថាផ្នេស ក្រុង​ណូប និង​នៅ​ស្រុក​ប៉ាត្រូស ដូច​ត​ទៅ:

2. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​គ្រោះ​កាច​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ធ្វើ​ឲ្យ​កើត​មាន​នៅ​ក្រុង​យេរូ‌សាឡឹម និង​នៅ​ក្រុង​នានា​ក្នុង​ស្រុក​យូដា។ សព្វ​ថ្ងៃ ក្រុង​ទាំង​នោះ​នៅ​សល់​តែ​គំនរ​បាក់​បែក គ្មាន​ប្រជា‌ជន​រស់​នៅ​ទេ។

3. ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​មក​ពី​ប្រជា‌ជន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ដុត​គ្រឿង​ក្រអូប គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​ពួក​គេ​ផ្ទាល់ និង​ដូនតា​របស់​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់ ជា​ហេតុ​នាំ​ឲ្យ​យើង​ខឹង​នឹង​ពួក​គេ។

4. យើង​បាន​ចាត់​អ្នក​បម្រើ​ទាំង​ប៉ុន្មាន​របស់​យើង គឺ​ពួក​ព្យាការី ឲ្យ​មក​រក​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក ដើម្បី​ប្រាប់​ថា“កុំ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​យើង​មិន​ពេញ​ចិត្ត​នេះ​ឡើយ”។

5. ប៉ុន្តែ ពួក​គេ​ពុំ​បាន​ត្រង‌ត្រាប់​ស្ដាប់ ហើយ​ងាក​ចេញ​ពី​អំពើ​អាក្រក់​ទេ ពួក​គេ​មិន​ព្រម​ឈប់​ដុត​គ្រឿង​ក្រអូប​សែន​ព្រះ​ដទៃ​ឡើយ។

6. កំហឹង​របស់​យើង​ក៏​ឆេះ‌ឆួល​ឡើង ដូច​ភ្លើង​ឆេះ​កម្ទេច​ក្រុង​នានា នៅ​ស្រុក​យូដា និង​ផ្លូវ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​នៅ​សល់​តែ​គំនរ​បាក់​បែក និង​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដូច​សព្វ​ថ្ងៃ»។

7. ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល និង​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​បាប​ខ្លួន​ឯង​ខ្លាំង​យ៉ាង​នេះ គឺ​អ្នក​រាល់​គ្នា​យក​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ទារក ចេញ​ពី​ស្រុក​យូដា ធ្វើ​ឲ្យ​ហិន‌ហោច ឥត​មាន​នៅ​សេស‌សល់​នរណា​ម្នាក់​ដូច្នេះ?

8. អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង ដោយ​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ ដែល​ជា​ស្នាដៃ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប​សែន​ព្រះ​ដទៃ នៅ​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​មក​រស់​នៅ។ អ្នក​រាល់​គ្នា​មុខ​ជា​ផុត​ពូជ ហើយ​ត្រូវ​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​យក​ឈ្មោះ​អ្នក​រាល់​គ្នា​ទៅ​ដាក់​បណ្ដាសា និង​ជេរ​ប្រមាថ​ពុំ‌ខាន។

9. តើ​អ្នក​រាល់​គ្នា​ភ្លេច​អំពើ​អាក្រក់​ដែល​ដូនតា​របស់​អ្នក​រាល់​គ្នា ស្ដេច​ស្រុក​យូដា ពួក​ស្រី​ស្នំ អ្នក​រាល់​គ្នា និង​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​នៃ​ក្រុង​យេរូ‌សាឡឹម​ហើយ​ឬ?

10. រហូត​មក​ទល់​សព្វ​ថ្ងៃ គ្មាន​នរណា​ម្នាក់​នឹក​ស្ដាយ​ដោយ​ខ្លួន​បាន​ធ្វើ​ខុស គ្មាន​នរណា​ម្នាក់​គោរព​កោត​ខ្លាច​យើង ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ និង​ច្បាប់​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ»។

11. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​សម្រេច​ចិត្ត​ដាក់​ទោស​អ្នក​រាល់​គ្នា ហើយ​លុប​បំបាត់​ជន‌ជាតិ​យូដា​ទាំង​មូល។

12. យើង​នឹង​ប្រហារ​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ ហើយ​ចេញ​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​នៅ​ស្រុក​អេស៊ីប​នេះ ពួក​គេ​នឹង​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ពួក​គេ​ត្រូវ​វិនាស​សូន្យ​ទាំង​អស់​គ្នា ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ ប្រជា‌ជាតិ​ទាំង‌ឡាយ​យក​ឈ្មោះ​ពួក​គេ ទៅ​ដាក់​បណ្ដាសា ជេរ​ប្រមាថ និង​ចំអក‌ឡក‌ឡឺយ។

13. យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដូច​យើង​បាន​ដាក់​ទោស​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ​ដែរ។

14. ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ ហើយ​មក​រស់​នៅ​ស្រុក​អេស៊ីប​នេះ គ្មាន​នរណា​ម្នាក់​រត់​រួច និង​រស់​រាន​មាន​ជីវិត​ឡើយ។ ទោះ​បី​ពួក​គេ​ប្រាថ្នា​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ក្ដី ក៏​ពួក​គេ​វិល​ទៅ​វិញ​មិន​បាន​ដែរ លើក‌លែង​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ»។

15. អស់​អ្នក​ដែល​ដឹង​ថា​ប្រពន្ធ​របស់​ខ្លួន​តែងតែ​ដុត​គ្រឿង​ក្រអូប​សែន​ព្រះ​ដទៃ ព្រម​ទាំង​ស្រីៗ​ទាំង​អស់​ដែល​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះ‌ករ​នៅ​ទី​នោះ និង​ប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ក្រុង​ប៉ាត្រូស ក្នុង​ស្រុក​អេស៊ីប នាំ​គ្នា​តប​ទៅ​លោក​យេរេមា​វិញ​ថា៖

សូមអានជំពូកពេញលេញ យេរេមា 44