គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 43:1-9 Khmer Standard Version (KHSV)

1. កាល​លោក​យេរេមា​ថ្លែង​ប្រាប់​ប្រជា‌ជន​ទាំង​មូល​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ គឺ​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ប្រគល់​ឲ្យ​លោក​នាំ​មក​ប្រាប់​ពួក​គេ ចប់​សព្វ​គ្រប់​ហើយ

2. លោក​អសា‌រា​ជា​កូន​របស់​លោក​ហូសា‌យ៉ា លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​អស់​អ្នក​ដែល​វាយ‌ឫក​ខ្ពស់ ពោល​មក​កាន់​លោក​យេរេមា​ថា៖ «លោក​និយាយ​កុហក! ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង ពុំ​បាន​ចាត់​លោក​ឲ្យ​មក​ហាម​ពួក​យើង​ទៅ​រស់​នៅ​ស្រុក​អេស៊ីប​ឡើយ

3. គឺ​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា​ទេ​តើ ដែល​អុច‌អាល​លោក​ឲ្យ​ប្រឆាំង​នឹង​ពួក​យើង ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ខាល់ដេ ហើយ​ពួក​នោះ​នឹង​សម្លាប់ ឬ​ចាប់​ពួក​យើង​ទៅ​ជា​ឈ្លើយ​នៅ​បាប៊ី‌ឡូន»។

4. លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា ពួក​មេ‌ទ័ព និង​ប្រជា‌ជន​ទាំង​អស់ មិន​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​យូដា​ឡើយ។

5. លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​ពួក​មេ‌ទ័ព នាំ​ប្រជា‌ជន​យូដា​ទាំង​អស់​ដែល​នៅ​សេស‌សល់ គឺ​ប្រជា‌ជន​ដែល​ពី​មុន​ភៀស​ខ្លួន​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ជិត​ខាង​ទាំង​ប៉ុន្មាន ហើយ​វិល​មក​រស់​នៅ​ក្នុង​ស្រុក​យូដា​វិញ

6. រួម​មាន​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេងៗ ទាំង​បុត្រី​របស់​ស្ដេច និង​អ្នក​ឯ​ទៀតៗ​ដែល​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ បាន​ទុក​ឲ្យ​នៅ​ជា​មួយ​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន​ទៅ​ជា​មួយ។ គេ​ក៏​នាំ​ព្យាការី​យេរេមា និង​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា​ទៅ​ដែរ។

7. ពួក​គេ​ពុំ​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ គឺ​ពួក​គេ​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ហើយ​ទៅ​ដល់​ក្រុង​ថាផ្នេស។

8. នៅ​ថាផ្នេស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖

9. «ចូរ​យក​ដុំ​ថ្ម​ធំៗ​ទៅ​កប់​ក្នុង​ដី​ឥដ្ឋ ដែល​ស្ថិត​នៅ​ព្រលាន​ធ្វើ​ពី​ឥដ្ឋ​ខាង​មុខ​មាត់​ទ្វារ​ដំណាក់​របស់​ស្ដេច​ផារ៉ោន នា​ក្រុង​តាផា‌ណែស ឲ្យ​ប្រជា‌ជន​យូដា​ឃើញ

សូមអានជំពូកពេញលេញ យេរេមា 43