គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 39:7-18 Khmer Standard Version (KHSV)

7. បន្ទាប់​មក ស្ដេច​នេប៊ូ‌ក្នេសា​ឲ្យ​គេ​ចាក់​ភ្នែក​របស់​ព្រះ‌បាទ​សេដេ‌គា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់​នាំ​ទៅ​ស្រុក​បាប៊ី‌ឡូន។

8. ជន‌ជាតិ​ខាល់ដេ​ដុត​កម្ទេច​វាំង និង​ផ្ទះ​របស់​ប្រជា‌ជន ព្រម​ទាំង​រំលំ​កំពែង​ក្រុង​យេរូ‌សាឡឹម​ទៀត​ផង។

9. រីឯ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ហើយ​រស់​នៅ​ក្នុង​ទីក្រុង និង​ទាហាន​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​ពួក​ជាង​ដែល​នៅ​សេស‌សល់ លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​នាំ​យក​ទៅ​ជា​ឈ្លើយ។

10. ប៉ុន្តែ លោក​មេ​បញ្ជា‌ការ​នេប៊ូ‌សារ៉ា‌ដាន​អនុញ្ញាត​ឲ្យ​ជន​ក្រីក្រ គឺ​អ្នក​ដែល​គ្មាន​អ្វី​ទាំង​អស់​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​ថ្ងៃ​នោះ គាត់​បាន​ចែក​ចម្ការ​ទំពាំង‌បាយជូរ និង​ដី​ស្រែ​ឲ្យ​ពួក​គេ​ទៀត​ផង។

11. ចំពោះ​ព្យាការី​យេរេមា​វិញ ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​បញ្ជា​ឲ្យ​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិភូ​ថា៖

12. «ចូរ​លោក​នាំ​គាត់​ទៅ ហើយ​ទំនុក​បម្រុង​គាត់​ផង កុំ​ធ្វើ​បាប​គាត់​ឲ្យ​សោះ ប្រសិន​បើ​គាត់​ចង់​បាន​អ្វី ចូរ​ប្រគល់​ឲ្យ​ចុះ»។

13. លោក​នេប៊ូ‌សារ៉ា‌ដាន​ជា​រាជ‌ប្រតិភូ លោក​នេប៊ូ‌សាស‌បាន​ជា​មេ​របស់​ពួក​មហា‌តលិក លោក​មេ​បញ្ជា‌ការ​នើកាល-‌សារេ‌ស៊ើរ និង​មេ‌ទ័ព​ទាំង​អស់​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន

14. ចាត់​គេ​ឲ្យ​ទៅ​នាំ​លោក​យេរេមា ចេញ​ពី​បន្ទាយ​កង​រក្សា​ស្ដេច​ស្រុក​យូដា ប្រគល់​ទៅ​លោក​កេដា‌លា​ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ដើម្បី​ឲ្យ​គាត់​នាំ​លោក​ទៅ​ផ្ទះ​របស់​លោក​វិញ ហើយ​លោក​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជន។

15. ពេល​លោក​យេរេមា ជាប់​ឃុំ​ក្នុង​បន្ទាយ​របស់​កង​រក្សា​ស្ដេច​នៅ​ឡើយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ដូច​ត​ទៅ៖

16. «ចូរ​ទៅ​ប្រាប់​អេបេដ-‌មេលេក ជា​ជន‌ជាតិ​អេត្យូ‌ពី​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ​ដូច​ពាក្យ​យើង​ប្រកាស គឺ​យើង​មិន​នាំ​សេចក្ដី​សុខ​មក​ទេ។ នៅ​ថ្ងៃ​នោះ​អ្នក​នឹង​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ផ្ទាល់​នឹង​ភ្នែក។

17. ប៉ុន្តែ នៅ​ថ្ងៃ​នោះ យើង​នឹង​រំដោះ​អ្នក - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - គឺ​អ្នក​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ដែល​អ្នក​ភ័យ​ខ្លាច​ឡើយ។

18. យើង​នឹង​ឲ្យ​អ្នក​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង អ្នក​មិន​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ទេ គឺ​អ្នក​នឹង​រួច​ជីវិត ដ្បិត​អ្នក​បាន​ផ្ញើ​ជីវិត​លើ​យើង» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ យេរេមា 39