គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 39:1-13 Khmer Standard Version (KHSV)

1. នៅ​ខែ​ទី​ដប់ ក្នុង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លើក​កង‌ទ័ព​ទាំង​មូល​មក​ដល់​ក្រុង​យេរូ‌សាឡឹម ហើយ​ឡោម‌ព័ទ្ធ​ទីក្រុង។

2. នៅ​ខែ​ទី​បួន ថ្ងៃ​ទី​ប្រាំ​បួន ក្នុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា កង‌ទ័ព​បាប៊ី‌ឡូន​បាន​ទម្លុះ​កំពែង​ក្រុង។

3. ពេល​នោះ មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដណ្ដើម​យក​បាន​ទ្វារ​កណ្ដាល។ មេ‌ទ័ព​ទាំង​នោះ គឺ​លោក​នើកាល-‌សារេ‌ស៊ើរ លោក​សាំការ-‌នេប៊ូ លោក​សាសេ‌គិម ជា​មេ​លើ​ពួក​មហា‌តលិក លោក​មេ​បញ្ជា‌ការ​នើកាល-‌សារេ‌ស៊ើរ និង​មេ‌ទ័ព​ឯ​ទៀតៗ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន។

4. ពេល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា និង​ទាហាន​ទាំង​អស់ ឃើញ​ទ័ព​បាប៊ី‌ឡូន​ចូល​មក​ដល់ ក៏​នាំ​គ្នា​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​នៅ​ពេល​យប់ តាម​ផ្លូវ​ឧទ្យាន​របស់​ស្ដេច និង​តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ហើយ​នាំ​គ្នា​ចេញ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។

5. ប៉ុន្តែ កង‌ទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ទាន់​ព្រះ‌បាទ​សេដេ‌គា នៅ​វាល​ទំនាប ជិត​ក្រុង​យេរីខូ។ ពួក​គេ​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ប្រកាស​កាត់​ទោស​ព្រះ‌បាទ​សេដេ‌គា។

6. ស្ដេច​ស្រុក​បាប៊ី‌ឡូន​បញ្ជា​ឲ្យ​គេ​អារ-ក បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​សេដេ‌គា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បាទ​សេដេ‌គា។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​ក៏​បាន​ឲ្យ​គេ​អារ-ក ពួក​អ្នក​ធំ​ទាំង​អស់​នៃ​ស្រុក​យូដា​ដែរ។

7. បន្ទាប់​មក ស្ដេច​នេប៊ូ‌ក្នេសា​ឲ្យ​គេ​ចាក់​ភ្នែក​របស់​ព្រះ‌បាទ​សេដេ‌គា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់​នាំ​ទៅ​ស្រុក​បាប៊ី‌ឡូន។

8. ជន‌ជាតិ​ខាល់ដេ​ដុត​កម្ទេច​វាំង និង​ផ្ទះ​របស់​ប្រជា‌ជន ព្រម​ទាំង​រំលំ​កំពែង​ក្រុង​យេរូ‌សាឡឹម​ទៀត​ផង។

9. រីឯ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ហើយ​រស់​នៅ​ក្នុង​ទីក្រុង និង​ទាហាន​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​ពួក​ជាង​ដែល​នៅ​សេស‌សល់ លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​នាំ​យក​ទៅ​ជា​ឈ្លើយ។

10. ប៉ុន្តែ លោក​មេ​បញ្ជា‌ការ​នេប៊ូ‌សារ៉ា‌ដាន​អនុញ្ញាត​ឲ្យ​ជន​ក្រីក្រ គឺ​អ្នក​ដែល​គ្មាន​អ្វី​ទាំង​អស់​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​ថ្ងៃ​នោះ គាត់​បាន​ចែក​ចម្ការ​ទំពាំង‌បាយជូរ និង​ដី​ស្រែ​ឲ្យ​ពួក​គេ​ទៀត​ផង។

11. ចំពោះ​ព្យាការី​យេរេមា​វិញ ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​បញ្ជា​ឲ្យ​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិភូ​ថា៖

12. «ចូរ​លោក​នាំ​គាត់​ទៅ ហើយ​ទំនុក​បម្រុង​គាត់​ផង កុំ​ធ្វើ​បាប​គាត់​ឲ្យ​សោះ ប្រសិន​បើ​គាត់​ចង់​បាន​អ្វី ចូរ​ប្រគល់​ឲ្យ​ចុះ»។

13. លោក​នេប៊ូ‌សារ៉ា‌ដាន​ជា​រាជ‌ប្រតិភូ លោក​នេប៊ូ‌សាស‌បាន​ជា​មេ​របស់​ពួក​មហា‌តលិក លោក​មេ​បញ្ជា‌ការ​នើកាល-‌សារេ‌ស៊ើរ និង​មេ‌ទ័ព​ទាំង​អស់​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន

សូមអានជំពូកពេញលេញ យេរេមា 39