គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 38:8-18 Khmer Standard Version (KHSV)

8. លោក​អេបេដ-‌មេលេក​ចេញ​ពី​វាំង ហើយ​ទូល​ស្ដេច​ដូច​ត​ទៅ៖

9. «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ អ្នក​ទាំង​នេះ​ប្រព្រឹត្ត​អាក្រក់​ចំពោះ​ព្យាការី​យេរេមា​ពន់​ពេក​ណាស់ គឺ​គេ​យក​លោក​ទម្លាក់​ក្នុង​អណ្ដូង លោក​មុខ​ជា​ស្លាប់​ដោយ​អត់​អាហារ ក្នុង​អណ្ដូង​នោះ​ពុំ‌ខាន ដ្បិត​គ្មាន​ស្បៀង​អាហារ​ក្នុង​ក្រុង​ទៀត​ឡើយ!»។

10. ព្រះ‌បាទ​សេដេ‌គា​បញ្ជា​ទៅ​លោក​អេបេដ-‌មេលេក ជា​ជន‌ជាតិ​អេត្យូ‌ពី​នោះ​ថា៖ «ចូរ​នាំ​ទាហាន​សាម‌សិប​នាក់​ទៅ​ជា​មួយ ហើយ​ស្រង់​ព្យាការី​យេរេមា​ចេញ​ពី​អណ្ដូង​មក កុំ​ឲ្យ​គាត់​ស្លាប់​ទាន់»។

11. លោក​អេបេដ-‌មេលេក​ក៏​នាំ​ទាហាន​ទៅ​ជា​មួយ​ឆ្ពោះ​ទៅ​វាំង​ស្ដេច ហើយ​ទៅ​ខាង​ក្រោម​ឃ្លាំង​ព្រះ‌រាជ្យ​ទ្រព្យ។ គាត់​យក​សម្លៀក‌បំពាក់​រិច‌រឹល និង​ក្រណាត់​ចាស់ៗ​មក​ចង​នឹង​ខ្សែ‌ពួរ សម្រូត​ចុះ​ទៅ​ឲ្យ​លោក​យេរេមា នៅ​ក្នុង​អណ្ដូង។

12. លោក​អេបេដ-មេលេក ជា​ជន‌ជាតិ​អេត្យូ‌ពី ស្រែក​ប្រាប់​លោក​យេរេមា​ថា៖ «សូម​លោក​យក​សម្លៀក‌បំពាក់​រិច‌រឹល និង​ក្រណាត់​ចាស់ៗ​នោះ​ទ្រាប់​ពី​ក្រោម​ក្លៀក ហើយ​យក​ខ្សែ‌ពួរ​ចង​ពី​លើ​ទៅ!»។ លោក​យេរេមា​ក៏​ធ្វើ​តាម។

13. ពួក​គេ​ទាញ​ខ្សែ‌ពួរ លើក​លោក​យេរេមា​ឡើង​ពី​អណ្ដូង​មក ហើយ​លោក​យេរេមា​ក៏​ស្ថិត​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច​នោះ។

14. ព្រះ‌បាទ​សេដេ‌គា​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​ព្យាការី​យេរេមា​មក​គាល់ នៅ​ក្លោង​ទ្វារ​ទី​បី​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យេរេមា​ថា៖ «ខ្ញុំ​សុំ​សួរ​លោក​នូវ​សំណួរ​តែ​មួយ កុំ​លាក់​អ្វី​នឹង​ខ្ញុំ​ឲ្យ​សោះ!»។

15. លោក​យេរេមា​ទូល​ព្រះ‌បាទ​សេដេ‌គា​ថា៖ «ប្រសិន​បើ​ទូលបង្គំ​ទូល​សេចក្ដី​ពិត​ថ្វាយ​ព្រះ‌ករុណា ព្រះ‌ករុណា​ពិត​ជា​ប្រហារ​ជីវិត​ទូលបង្គំ​មិន​ខាន។ ប្រសិន​បើ​ទូលបង្គំ​ថ្វាយ​យោបល់ ក៏​ព្រះ‌ករុណា​មិន​ស្ដាប់​ទូលបង្គំ​ដែរ»។

16. ព្រះ‌បាទ​សេដេ‌គា​មាន​រាជ‌ឱង្ការ​ស្បថ​ជា​សម្ងាត់ មក​លោក​យេរេមា​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ដែល​បាន​ប្រទាន​ជីវិត​មក​យើង​ថា ខ្ញុំ​នឹង​មិន​ប្រហារ​ជីវិត​លោក ឬ​ប្រគល់​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​លោក​ឡើយ»។

17. លោក​យេរេមា​ក៏​ទូល​ស្ដេច​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល និង​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ប្រសិន​បើ​ព្រះ‌ករុណា​ចេញ​ទៅ​សុំ​ចុះ​ចូល​នឹង​ពួក​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រះ‌ករុណា​នឹង​បាន​រួច​ជីវិត ហើយ​ក្រុង​នេះ​នឹង​មិន​ត្រូវ​គេ​ដុត​កម្ទេច​ចោល​ឡើយ រីឯ​ព្រះ‌ករុណា ព្រម​ទាំង​រាជ‌វង្ស​ក៏​នឹង​រស់​រាន​មាន​ជីវិត​ដែរ។

18. ប៉ុន្តែ ប្រសិន​បើ​ព្រះ‌ករុណា​មិន​ចេញ​ទៅ​សុំ​ចុះ​ចូល​នឹង​ពួក​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទេ ក្រុង​នេះ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ខាល់ដេ ពួក​គេ​នឹង​ដុត​បំផ្លាញ​ទីក្រុង​ព្រះ‌ករុណា និង​រាជ‌វង្ស ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​បាន​ឡើយ»។

សូមអានជំពូកពេញលេញ យេរេមា 38