គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 38:5-23 Khmer Standard Version (KHSV)

5. ព្រះ‌បាទ​សេដេ‌គា​តប​ថា៖ «គាត់​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​លោក​ស្រាប់​ហើយ ខ្ញុំ​ជា​ស្ដេច​មែន តែ​ខ្ញុំ​ពុំ​អាច​ឃាត់​អស់​លោក​បាន​ទេ»។

6. គេ​ចាប់​លោក​យេរេមា​ទៅ​ទម្លាក់​ក្នុង​អណ្ដូង​របស់​សម្ដេច​ម៉ាល់គា ជា​បុត្រ​របស់​ស្ដេច។ អណ្ដូង​នោះ​ស្ថិត​នៅ​ក្នុង​បន្ទាយ​របស់​កង​រក្សា​ស្ដេច។ គេ​យក​ខ្សែ‌ពួរ​មក​ចង​លោក​យេរេមា សម្រូត​ចុះ​ទៅ​ក្នុង​អណ្ដូង​ដែល​គ្មាន​ទឹក​ទេ គឺ​មាន​តែ​ភក់ ហើយ​លោក​យេរេមា​ជាប់​ផុង​នៅ​ក្នុង​ភក់​នោះ។

7. លោក​អេបេដ-‌មេលេក​ជា​ជន‌ជាតិ​អេត្យូ‌ពី និង​ជា​មហា‌តលិក​នៅ​ក្នុង​វាំង បាន​ឮ​ដំណឹង​ថា គេ​ដាក់​លោក​យេរេមា​នៅ​ក្នុង​អណ្ដូង។ ពេល​ស្ដេច​គង់​កាត់​ក្ដី​នៅ​មាត់​ទ្វារ​បេន‌យ៉ាមីន

8. លោក​អេបេដ-‌មេលេក​ចេញ​ពី​វាំង ហើយ​ទូល​ស្ដេច​ដូច​ត​ទៅ៖

9. «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ អ្នក​ទាំង​នេះ​ប្រព្រឹត្ត​អាក្រក់​ចំពោះ​ព្យាការី​យេរេមា​ពន់​ពេក​ណាស់ គឺ​គេ​យក​លោក​ទម្លាក់​ក្នុង​អណ្ដូង លោក​មុខ​ជា​ស្លាប់​ដោយ​អត់​អាហារ ក្នុង​អណ្ដូង​នោះ​ពុំ‌ខាន ដ្បិត​គ្មាន​ស្បៀង​អាហារ​ក្នុង​ក្រុង​ទៀត​ឡើយ!»។

10. ព្រះ‌បាទ​សេដេ‌គា​បញ្ជា​ទៅ​លោក​អេបេដ-‌មេលេក ជា​ជន‌ជាតិ​អេត្យូ‌ពី​នោះ​ថា៖ «ចូរ​នាំ​ទាហាន​សាម‌សិប​នាក់​ទៅ​ជា​មួយ ហើយ​ស្រង់​ព្យាការី​យេរេមា​ចេញ​ពី​អណ្ដូង​មក កុំ​ឲ្យ​គាត់​ស្លាប់​ទាន់»។

11. លោក​អេបេដ-‌មេលេក​ក៏​នាំ​ទាហាន​ទៅ​ជា​មួយ​ឆ្ពោះ​ទៅ​វាំង​ស្ដេច ហើយ​ទៅ​ខាង​ក្រោម​ឃ្លាំង​ព្រះ‌រាជ្យ​ទ្រព្យ។ គាត់​យក​សម្លៀក‌បំពាក់​រិច‌រឹល និង​ក្រណាត់​ចាស់ៗ​មក​ចង​នឹង​ខ្សែ‌ពួរ សម្រូត​ចុះ​ទៅ​ឲ្យ​លោក​យេរេមា នៅ​ក្នុង​អណ្ដូង។

12. លោក​អេបេដ-មេលេក ជា​ជន‌ជាតិ​អេត្យូ‌ពី ស្រែក​ប្រាប់​លោក​យេរេមា​ថា៖ «សូម​លោក​យក​សម្លៀក‌បំពាក់​រិច‌រឹល និង​ក្រណាត់​ចាស់ៗ​នោះ​ទ្រាប់​ពី​ក្រោម​ក្លៀក ហើយ​យក​ខ្សែ‌ពួរ​ចង​ពី​លើ​ទៅ!»។ លោក​យេរេមា​ក៏​ធ្វើ​តាម។

13. ពួក​គេ​ទាញ​ខ្សែ‌ពួរ លើក​លោក​យេរេមា​ឡើង​ពី​អណ្ដូង​មក ហើយ​លោក​យេរេមា​ក៏​ស្ថិត​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច​នោះ។

14. ព្រះ‌បាទ​សេដេ‌គា​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​ព្យាការី​យេរេមា​មក​គាល់ នៅ​ក្លោង​ទ្វារ​ទី​បី​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យេរេមា​ថា៖ «ខ្ញុំ​សុំ​សួរ​លោក​នូវ​សំណួរ​តែ​មួយ កុំ​លាក់​អ្វី​នឹង​ខ្ញុំ​ឲ្យ​សោះ!»។

15. លោក​យេរេមា​ទូល​ព្រះ‌បាទ​សេដេ‌គា​ថា៖ «ប្រសិន​បើ​ទូលបង្គំ​ទូល​សេចក្ដី​ពិត​ថ្វាយ​ព្រះ‌ករុណា ព្រះ‌ករុណា​ពិត​ជា​ប្រហារ​ជីវិត​ទូលបង្គំ​មិន​ខាន។ ប្រសិន​បើ​ទូលបង្គំ​ថ្វាយ​យោបល់ ក៏​ព្រះ‌ករុណា​មិន​ស្ដាប់​ទូលបង្គំ​ដែរ»។

16. ព្រះ‌បាទ​សេដេ‌គា​មាន​រាជ‌ឱង្ការ​ស្បថ​ជា​សម្ងាត់ មក​លោក​យេរេមា​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ដែល​បាន​ប្រទាន​ជីវិត​មក​យើង​ថា ខ្ញុំ​នឹង​មិន​ប្រហារ​ជីវិត​លោក ឬ​ប្រគល់​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​លោក​ឡើយ»។

17. លោក​យេរេមា​ក៏​ទូល​ស្ដេច​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល និង​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ប្រសិន​បើ​ព្រះ‌ករុណា​ចេញ​ទៅ​សុំ​ចុះ​ចូល​នឹង​ពួក​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រះ‌ករុណា​នឹង​បាន​រួច​ជីវិត ហើយ​ក្រុង​នេះ​នឹង​មិន​ត្រូវ​គេ​ដុត​កម្ទេច​ចោល​ឡើយ រីឯ​ព្រះ‌ករុណា ព្រម​ទាំង​រាជ‌វង្ស​ក៏​នឹង​រស់​រាន​មាន​ជីវិត​ដែរ។

18. ប៉ុន្តែ ប្រសិន​បើ​ព្រះ‌ករុណា​មិន​ចេញ​ទៅ​សុំ​ចុះ​ចូល​នឹង​ពួក​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទេ ក្រុង​នេះ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ខាល់ដេ ពួក​គេ​នឹង​ដុត​បំផ្លាញ​ទីក្រុង​ព្រះ‌ករុណា និង​រាជ‌វង្ស ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​បាន​ឡើយ»។

19. ព្រះ‌បាទ​សេដេ‌គា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យេរេមា​ថា៖ «ខ្ញុំ​នឹក​បារម្ភ​អំពី​ជន‌ជាតិ​យូដា ដែល​បាន​ទៅ​ចុះ​ចូល​នឹង​ពួក​ខាល់ដេ ខ្ញុំ​ខ្លាច​ក្រែង​ខ្មាំង​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​យូដា ហើយ​ពួក​គេ​នឹង​ប្រមាថ​មាក់‌ងាយ​ខ្ញុំ»។

20. លោក​យេរេមា​ទូល​ស្ដេច​ថា៖ «គេ​នឹង​មិន​ប្រគល់​ព្រះ‌ករុណា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​យូដា​ឡើយ។ សូម​ព្រះ‌ករុណា​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​ទូលបង្គំ​ទូល​ថ្វាយ​ព្រះ‌ករុណា នោះ​ព្រះ‌ករុណា​នឹង​បាន​សុខ‌សាន្ត ហើយ​រួច​ជីវិត​មិន​ខាន។

21. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្រះ‌ករុណា​មិន​ព្រម​ចេញ​ទៅ​ចុះ​ចូល​ទេ ព្រះ‌អម្ចាស់​សម្តែង​ឲ្យ​ទូលបង្គំ​ដឹង​ដូច​ត​ទៅ:

22. ស្ត្រី​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​យូដា នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ឲ្យ​ពួក​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន នាង​ទាំង​នោះ​នឹង​ពោល​ថាពួក​ជំនិត​របស់​ព្រះ‌ករុណា​បាន​បញ្ឆោតនិង​មាន​ប្រៀប​លើ​ព្រះ‌ករុណាពេល​ព្រះ‌ករុណា​មាន​អាសន្នពួក​គេ​នាំ​គ្នា​បោះ​បង់​ចោល​ព្រះ‌ករុណា​អស់។

23. គេ​ចាប់​ពួក​ស្រី​ស្នំ និង​បុត្រា​បុត្រី​របស់​ព្រះ‌ករុណា យក​ទៅ​ឲ្យ​ពួក​ខាល់ដេ។ ចំណែក​ឯ​ព្រះ‌ករុណា​វិញ ព្រះ‌ករុណា​ពុំ​អាច​គេច​ខ្លួន​បាន​ឡើយ គឺ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹង​ចាប់​ព្រះ‌ករុណា ព្រម​ទាំង​ដុត​កម្ទេច​ក្រុង​នេះ​ផង»។

សូមអានជំពូកពេញលេញ យេរេមា 38