គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 38:20-27 Khmer Standard Version (KHSV)

20. លោក​យេរេមា​ទូល​ស្ដេច​ថា៖ «គេ​នឹង​មិន​ប្រគល់​ព្រះ‌ករុណា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​យូដា​ឡើយ។ សូម​ព្រះ‌ករុណា​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​ទូលបង្គំ​ទូល​ថ្វាយ​ព្រះ‌ករុណា នោះ​ព្រះ‌ករុណា​នឹង​បាន​សុខ‌សាន្ត ហើយ​រួច​ជីវិត​មិន​ខាន។

21. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្រះ‌ករុណា​មិន​ព្រម​ចេញ​ទៅ​ចុះ​ចូល​ទេ ព្រះ‌អម្ចាស់​សម្តែង​ឲ្យ​ទូលបង្គំ​ដឹង​ដូច​ត​ទៅ:

22. ស្ត្រី​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​យូដា នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ឲ្យ​ពួក​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន នាង​ទាំង​នោះ​នឹង​ពោល​ថាពួក​ជំនិត​របស់​ព្រះ‌ករុណា​បាន​បញ្ឆោតនិង​មាន​ប្រៀប​លើ​ព្រះ‌ករុណាពេល​ព្រះ‌ករុណា​មាន​អាសន្នពួក​គេ​នាំ​គ្នា​បោះ​បង់​ចោល​ព្រះ‌ករុណា​អស់។

23. គេ​ចាប់​ពួក​ស្រី​ស្នំ និង​បុត្រា​បុត្រី​របស់​ព្រះ‌ករុណា យក​ទៅ​ឲ្យ​ពួក​ខាល់ដេ។ ចំណែក​ឯ​ព្រះ‌ករុណា​វិញ ព្រះ‌ករុណា​ពុំ​អាច​គេច​ខ្លួន​បាន​ឡើយ គឺ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹង​ចាប់​ព្រះ‌ករុណា ព្រម​ទាំង​ដុត​កម្ទេច​ក្រុង​នេះ​ផង»។

24. ព្រះ‌បាទ​សេដេ‌គា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យេរេមា​ថា៖ «កុំ​ឲ្យ​នរណា​ដឹង​អំពី​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ លោក​នឹង​ត្រូវ​ស្លាប់។

25. ប្រសិន​បើ​ពួក​មន្ត្រី​ដឹង​ថា ខ្ញុំ​បាន​សន្ទនា​ជា​មួយ​លោក ហើយ​បើ​ពួក​គេ​មក​និយាយ​ជា​មួយ​លោក​ថា “ចូរ​រៀប​រាប់​ប្រាប់​ពួក​យើង​មើល តើ​លោក​បាន​និយាយ​អ្វី​ជា​មួយ​ស្ដេច ហើយ​ស្ដេច​និយាយ​មក​លោក​វិញ​ដូច​ម្ដេច​ដែរ កុំ​លាក់​ជា​មួយ​ពួក​យើង​បើ​លាក់​លោក​នឹង​ត្រូវ​ស្លាប់”។

26. លោក​ត្រូវ​ប្រាប់​ពួក​គេ​វិញ​ថា “ខ្ញុំ​បាន​មក​អង្វរ​ស្ដេច សូម​កុំ​បញ្ជូន​ខ្ញុំ​ទៅ​ផ្ទះ​របស់​លោក​យ៉ូណា‌ថាន​វិញ ក្រែង​លោ​ខ្ញុំ​ត្រូវ​ស្លាប់”»។

27. មន្ត្រី​ទាំង​អស់​នាំ​គ្នា​មក​ជួប​លោក​យេរេមា ហើយ​សួរ​ចម្លើយ​លោក។ លោក​ឆ្លើយ​ទៅ​ពួក​គេ​វិញ តាម​ពាក្យ​ដែល​ស្ដេច​បាន​បង្គាប់។ ពួក​គេ​ក៏​លែង​ដេញ​ដោល​សួរ​លោក ហើយ​ការ​ទាំង​នោះ​ក៏​នៅ​ជា​ការ​អាថ៌‌កំបាំង។

សូមអានជំពូកពេញលេញ យេរេមា 38