9. ក្នុងឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទយេហូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូសៀស ជាស្ដេចស្រុកយូដា នៅខែទីប្រាំបួន គេបានប្រកាសឲ្យប្រជាជននៅក្រុងយេរូសាឡឹម និងប្រជាជនដែលមកពីក្រុងនានាក្នុងស្រុកយូដា តមអាហារ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
10. លោកបារូកអានសេចក្ដីដែលលោកយេរេមាបង្គាប់ឲ្យគាត់សរសេរទុកនៅក្នុងក្រាំង ឲ្យប្រជាជនទាំងអស់ស្ដាប់នៅក្នុងព្រះវិហារ។ គាត់នៅក្នុងបន្ទប់របស់លោកកេម៉ារា ជាកូនរបស់លោកសាផាន និងជាស្មៀនហ្លួង បន្ទប់នោះស្ថិតនៅទីធ្លាខាងលើ ជិតទ្វារថ្មីនៃព្រះដំណាក់របស់ព្រះអម្ចាស់។
11. កាលលោកមីកា ជាកូនរបស់លោកកេម៉ារា និងជាចៅរបស់លោកសាផាន ឮព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ដែលមានសរសេរក្នុងក្រាំងនោះ
12. គាត់ក៏ចុះទៅវាំង ហើយចូលក្នុងការិយាល័យរបស់ស្មៀនហ្លួង។ ពេលនោះ ពួកមន្ត្រីទាំងអស់កំពុងជួបជុំគ្នា គឺមានលោកអេលីសាម៉ាជាស្មៀនហ្លួង លោកដេឡាយ៉ា ជាកូនរបស់លោកសេម៉ាយ៉ា លោកអែលណាថាន ជាកូនរបស់លោកអកបោរ លោកកេម៉ារា ជាកូនរបស់លោកសាផាន និងលោកសេដេគា ជាកូនរបស់លោកហាណានា ព្រមទាំងមន្ត្រីឯទៀតៗ។
13. លោកមីការៀបរាប់នូវសេចក្ដីទាំងប៉ុន្មាន ដែលគាត់បានឮលោកបារូកអានឲ្យប្រជាជនស្ដាប់។
14. ពេលនោះ គណៈរដ្ឋមន្ត្រីចាត់លោកយេហ៊ូឌី ជាកូនរបស់លោកនេថានា ជាចៅរបស់លោកសេលេមា និងជាចៅទួតរបស់លោកគូស៊ី ឲ្យទៅជួបលោកបារូក ប្រាប់ថា៖ «ចូរយកក្រាំងដែលអ្នកអានឲ្យប្រជាជនស្ដាប់នោះមក!»។ លោកបារូក ជាកូនរបស់លោកនេរីយ៉ា ក៏យកក្រាំងទៅជួបពួកមន្ត្រី។
15. ពួកគេបង្គាប់គាត់ថា៖ «សុំអង្គុយចុះ អានឲ្យយើងស្ដាប់!»។ លោកបារូកក៏អានឲ្យពួកលោកស្ដាប់។
16. ពេលឮព្រះបន្ទូលទាំងនោះ ពួកគេសម្លឹងមើលមុខគ្នាទៅវិញទៅមក ទាំងតក់ស្លុត រួចហើយពួកគេពោលទៅលោកបារូកថា៖ «យើងត្រូវតែនាំសេចក្ដីទាំងនេះទៅទូលព្រះរាជាឲ្យបានជ្រាប»។