គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 36:23-32 Khmer Standard Version (KHSV)

23. ពេល​លោក​យេហ៊ូ‌ឌី​អាន​បាន​បី ឬ​បួន​ទំព័រ ស្ដេច​យក​កន្ត្រៃ​របស់​ស្មៀន​ហ្លួង​មក​កាត់​ទំព័រ​នោះ បោះ​ទៅ​ក្នុង​ជើង‌ក្រាន។ ស្ដេច​ធ្វើ​ដូច្នេះ​បន្តិច​ម្ដងៗ​រហូត​ដល់​អស់​ក្រាំង។

24. ព្រះ‌រាជា និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី បាន​ឮ​ព្រះ‌បន្ទូល​ទាំង​នោះ តែ​គ្មាន​នរណា​ភ័យ​ញ័រ​រន្ធត់ ឬ​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន​ទេ។

25. លោក​អែល‌ណា‌ថាន លោក​ដេឡា‌យ៉ា និង​លោក​កេម៉ា‌រា ទទូច​អង្វរ​ព្រះ‌រាជា សូម​កុំ​ឲ្យ​ដុត​ក្រាំង​នោះ​ដែរ តែ​ស្ដេច​ពុំ​ស្ដាប់​ពាក្យ​លោក​ទាំង​បី​ឡើយ។

26. ព្រះ‌រាជា​បង្គាប់​ទៅ​សម្ដេច​យេរ៉ា‌មែល ជា​បុត្រ និង​លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​អាស‌រាល ព្រម​ទាំង​លោក​សេលេ‌មា ជា​កូន​របស់​លោក​អាប់‌ឌាល ឲ្យ​ទៅ​ចាប់​ព្យាការី​យេរេមា និង​លោក​បារូក​ជា​ស្មៀន តែ​ព្រះ‌អម្ចាស់​បាន​លាក់​លោក​ទាំង​ពីរ។

27. ក្រោយ​ពេល​ព្រះ‌រាជា​ដុត​ក្រាំង ដែល​លោក​យេរេមា​បាន​បង្គាប់​ឲ្យ​លោក​បារូក​សរសេរ​នោះ​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖

28. «ចូរ​យក​ក្រាំង​មួយ​ទៀត​មក រួច​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​ក្រាំង​មុន គឺ​ក្រាំង​ដែល​យេហូ‌យ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា បាន​ដុត​ចោល​នោះ។

29. បន្ទាប់​មក ចូរ​ប្រកាស​ប្រឆាំង​នឹង​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “អ្នក​បាន​ដុត​ក្រាំង​នោះ ទាំង​បន្ទោស​យេរេមា​ដែល​បាន​សរសេរ​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​ពិត​ជា​មក​កម្ទេច​ស្រុក​នេះ ហើយ​បំផ្លាញ​ជីវិត​មនុស្ស និង​សត្វ។

30. ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ថា: គ្មាន​ពូជ‌ពង្ស​ណា​ម្នាក់​របស់​យេហូ‌យ៉ាគីម ស្នង​រាជ្យ​ស្ដេច​ដាវីឌ​ទេ។ សាក‌សព​របស់​យេហូ‌យ៉ាគីម​នឹង​ត្រូវ​គេ​ទុក​ចោល​ហាល​ថ្ងៃ​ហាល​ភ្លៀង។

31. យើង​នឹង​ដាក់​ទោស​យេហូ‌យ៉ាគីម និង​ពូជ‌ពង្ស ព្រម​ទាំង​ពួក​នាម៉ឺន ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពួក​គេ។ យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​អ្នក​ទាំង​នោះ ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា ដូច​យើង​បាន​ប្រកាស​ទុក តែ​ពួក​គេ​ពុំ​បាន​ស្ដាប់​យើង​ទេ”»។

32. លោក​យេរេមា​យក​ក្រាំង​មួយ​ទៀត​ប្រគល់​ឲ្យ​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា និង​ជា​ស្មៀន។ លោក​យេរេមា​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​ក្រាំង​ដែល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា បាន​ដុត​ចោល ឲ្យ​លោក​បារូក​សរសេរ​តាម។ លោក​បន្ថែម​សេចក្ដី​ជា​ច្រើន​ទៀត ដែល​មាន​ន័យ​ស្រដៀង​គ្នា ទៅ​ក្នុង​ក្រាំង​ថ្មី​នេះ​ដែរ។

សូមអានជំពូកពេញលេញ យេរេមា 36