គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 36:14-26 Khmer Standard Version (KHSV)

14. ពេល​នោះ គណៈ​រដ្ឋ‌មន្ត្រី​ចាត់​លោក​យេហ៊ូ‌ឌី ជា​កូន​របស់​លោក​នេថា‌នា ជា​ចៅ​របស់​លោក​សេលេ‌មា និង​ជា​ចៅ‌ទួត​របស់​លោក​គូស៊ី ឲ្យ​ទៅ​ជួប​លោក​បារូក ប្រាប់​ថា៖ «ចូរ​យក​ក្រាំង​ដែល​អ្នក​អាន​ឲ្យ​ប្រជា‌ជន​ស្ដាប់​នោះ​មក!»។ លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា ក៏​យក​ក្រាំង​ទៅ​ជួប​ពួក​មន្ត្រី។

15. ពួក​គេ​បង្គាប់​គាត់​ថា៖ «សុំ​អង្គុយ​ចុះ អាន​ឲ្យ​យើង​ស្ដាប់!»។ លោក​បារូក​ក៏​អាន​ឲ្យ​ពួក​លោក​ស្ដាប់។

16. ពេល​ឮ​ព្រះ‌បន្ទូល​ទាំង​នោះ ពួក​គេ​សម្លឹង​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​តក់‌ស្លុត រួច​ហើយ​ពួក​គេ​ពោល​ទៅ​លោក​បារូក​ថា៖ «យើង​ត្រូវ​តែ​នាំ​សេចក្ដី​ទាំង​នេះ​ទៅ​ទូល​ព្រះ‌រាជា​ឲ្យ​បាន​ជ្រាប»។

17. ពួក​គេ​សួរ​លោក​បារូក​ទៀត​ថា៖ «ប្រាប់​យើង​មើល តើ​អ្នក​សរសេរ​ពាក្យ​ទាំង​នេះ​របៀប​ណា?»។

18. លោក​បារូក​តប​ថា៖ «លោក​យេរេមា​បាន​ថ្លែង​ពាក្យ​ទាំង​នេះ​ប្រាប់​ខ្ញុំ​ប្របាទ ហើយ​ខ្ញុំ​ប្របាទ​ក៏​យក​ទឹក​ខ្មៅ​មក​សរសេរ​ទុក​ក្នុង​ក្រាំង​នេះ»។

19. ពួក​មន្ត្រី​ពោល​ទៅ​លោក​បារូក​ថា៖ «ចូរ​អ្នក​ទៅ​រក​កន្លែង​ពួន​ទៅ ហើយ​លោក​យេរេមា​ក៏​ត្រូវ​ពួន​ដែរ កុំ​ឲ្យ​នរណា​ដឹង​ថា អ្នក​ទាំង​ពីរ​នៅ​កន្លែង​ណា​ឡើយ»។

20. បន្ទាប់​មក ពួក​មន្ត្រី​ទុក​ក្រាំង​នោះ​នៅ​ក្នុង​ការិយា‌ល័យ​របស់​លោក​អេលី‌សាម៉ា ជា​ស្មៀន​ហ្លួង រួច​នាំ​គ្នា​ទៅ​គាល់​ព្រះ‌រាជា ហើយ​ទូល​ថ្វាយ​អំពី​ព្រះ‌បន្ទូល​ទាំង​នោះ។

21. ព្រះ‌រាជា​ចាត់​លោក​យេហ៊ូ‌ឌី​ឲ្យ​ទៅ​យក​ក្រាំង​នោះ​មក។ លោក​យេហ៊ូ‌ឌី​ក៏​ទៅ​យក​ក្រាំង​ពី​ការិយា‌ល័យ​របស់​លោក​អេលី‌សាម៉ា ជា​ស្មៀន​ហ្លួង ហើយ​អាន​ឲ្យ​ព្រះ‌រាជា និង​មន្ត្រី​ទាំង​អស់​ដែល​ឈរ​អម​ព្រះ‌រាជា​ស្ដាប់។

22. ពេល​នោះ ព្រះ‌រាជា​គង់​នៅ​ក្នុង​ដំណាក់​សម្រាប់​រដូវ​រងា (ព្រោះ​ជា​ខែ​ទី​ប្រាំ​បួន) ហើយ​អាំង​ភ្លើង​នឹង​ជើង‌ក្រាន​មួយ​ដែល​នៅ​ក្បែរ​នោះ។

23. ពេល​លោក​យេហ៊ូ‌ឌី​អាន​បាន​បី ឬ​បួន​ទំព័រ ស្ដេច​យក​កន្ត្រៃ​របស់​ស្មៀន​ហ្លួង​មក​កាត់​ទំព័រ​នោះ បោះ​ទៅ​ក្នុង​ជើង‌ក្រាន។ ស្ដេច​ធ្វើ​ដូច្នេះ​បន្តិច​ម្ដងៗ​រហូត​ដល់​អស់​ក្រាំង។

24. ព្រះ‌រាជា និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី បាន​ឮ​ព្រះ‌បន្ទូល​ទាំង​នោះ តែ​គ្មាន​នរណា​ភ័យ​ញ័រ​រន្ធត់ ឬ​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន​ទេ។

25. លោក​អែល‌ណា‌ថាន លោក​ដេឡា‌យ៉ា និង​លោក​កេម៉ា‌រា ទទូច​អង្វរ​ព្រះ‌រាជា សូម​កុំ​ឲ្យ​ដុត​ក្រាំង​នោះ​ដែរ តែ​ស្ដេច​ពុំ​ស្ដាប់​ពាក្យ​លោក​ទាំង​បី​ឡើយ។

26. ព្រះ‌រាជា​បង្គាប់​ទៅ​សម្ដេច​យេរ៉ា‌មែល ជា​បុត្រ និង​លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​អាស‌រាល ព្រម​ទាំង​លោក​សេលេ‌មា ជា​កូន​របស់​លោក​អាប់‌ឌាល ឲ្យ​ទៅ​ចាប់​ព្យាការី​យេរេមា និង​លោក​បារូក​ជា​ស្មៀន តែ​ព្រះ‌អម្ចាស់​បាន​លាក់​លោក​ទាំង​ពីរ។

សូមអានជំពូកពេញលេញ យេរេមា 36