គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 36:1-13 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖

2. «ចូរ​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រាប់​អ្នក​ស្ដី​អំពី​ប្រជា‌ជាតិ​អ៊ីស្រា‌អែល ប្រជា‌ជាតិ​យូដា និង​ប្រជា‌ជាតិ​ទាំង​អស់ ចាប់​ពី​ថ្ងៃ​ដែល​យើង​បាន​និយាយ​ជា​មួយ​អ្នក នៅ​រជ្ជកាល​ស្ដេច​យ៉ូសៀស រហូត​មក​ដល់​សព្វ​ថ្ងៃ ទុក​នៅ​ក្នុង​ក្រាំង​មួយ។

3. ជន‌ជាតិ​យូដា​ប្រហែល​ជា​ដឹង​ខ្លួន​ថា យើង​នឹង​ដាក់​ទោស​ពួក​គេ ហើយ​ពួក​គេ​ប្រហែល​ជា​នាំ​គ្នា​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដើម្បី​យើង​លើក‌លែង​ទោស​ពួក​គេ​ឲ្យ​បាន​រួច​ពី​បាប»។

4. លោក​យេរេមា​ហៅ​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា​មក ហើយ​លោក​យេរេមា​ក៏​ថ្លែង​ឲ្យ​លោក​បារូក​សរសេរ​តាម នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក។

5. បន្ទាប់​មក លោក​យេរេមា​បញ្ជា​ទៅ​លោក​បារូក​ថា៖ «ខ្ញុំ​មិន​អាច​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ពេល​នេះ​បាន​ឡើយ។

6. នៅ​ថ្ងៃ​ធ្វើ​ពិធី​តម​អាហារ ចូរ​អ្នក​ទៅ​ព្រះ‌វិហារ ហើយ​អាន​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​ខ្ញុំ​បង្គាប់​ឲ្យ​អ្នក​សរសេរ​ក្នុង​ក្រាំង​នេះ ឲ្យ​ប្រជា‌ជន​ស្ដាប់។ ចូរ​អាន​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ដែល​មក​ពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ស្ដាប់​ដែរ។

7. ពួក​គេ​ប្រហែល​ជា​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ហើយ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដ្បិត​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ប្រជា‌ជន​នេះ»។

8. លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា ធ្វើ​តាម​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ព្យាការី​យេរេមា​បង្គាប់ គឺ​គាត់​ទៅ​ព្រះ‌វិហារ ហើយ​អាន​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដែល​មាន​សរសេរ​ទុក​នៅ​ក្នុង​ក្រាំង។

9. ក្នុង​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា នៅ​ខែ​ទី​ប្រាំ​បួន គេ​បាន​ប្រកាស​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម និង​ប្រជា‌ជន​ដែល​មក​ពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា តម​អាហារ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

10. លោក​បារូក​អាន​សេចក្ដី​ដែល​លោក​យេរេមា​បង្គាប់​ឲ្យ​គាត់​សរសេរ​ទុក​នៅ​ក្នុង​ក្រាំង ឲ្យ​ប្រជា‌ជន​ទាំង​អស់​ស្ដាប់​នៅ​ក្នុង​ព្រះ‌វិហារ។ គាត់​នៅ​ក្នុង​បន្ទប់​របស់​លោក​កេម៉ា‌រា ជា​កូន​របស់​លោក​សាផាន និង​ជា​ស្មៀន​ហ្លួង បន្ទប់​នោះ​ស្ថិត​នៅ​ទីធ្លា​ខាង​លើ ជិត​ទ្វារ​ថ្មី​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

11. កាល​លោក​មីកា ជា​កូន​របស់​លោក​កេម៉ា‌រា និង​ជា​ចៅ​របស់​លោក​សាផាន ឮ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ដែល​មាន​សរសេរ​ក្នុង​ក្រាំង​នោះ

12. គាត់​ក៏​ចុះ​ទៅ​វាំង ហើយ​ចូល​ក្នុង​ការិយា‌ល័យ​របស់​ស្មៀន​ហ្លួង។ ពេល​នោះ ពួក​មន្ត្រី​ទាំង​អស់​កំពុង​ជួប‌ជុំ​គ្នា គឺ​មាន​លោក​អេលី‌សាម៉ា​ជា​ស្មៀន​ហ្លួង លោក​ដេឡា‌យ៉ា ជា​កូន​របស់​លោក​សេម៉ាយ៉ា លោក​អែល‌ណា‌ថាន ជា​កូន​របស់​លោក​អក‌បោរ លោក​កេម៉ា‌រា ជា​កូន​របស់​លោក​សាផាន និង​លោក​សេដេ‌គា ជា​កូន​របស់​លោក​ហាណា‌នា ព្រម​ទាំង​មន្ត្រី​ឯ​ទៀតៗ។

13. លោក​មីកា​រៀប​រាប់​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គាត់​បាន​ឮ​លោក​បារូក​អាន​ឲ្យ​ប្រជា‌ជន​ស្ដាប់។

សូមអានជំពូកពេញលេញ យេរេមា 36