គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 35:1-8 Khmer Standard Version (KHSV)

1. នៅ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖

2. «ចូរ​ទៅ​ជួប​ពួក​អ្នក​ក្នុង​អំបូរ​រេកាប ហើយ​និយាយ​ជា​មួយ​ពួក​គេ។ បន្ទាប់​មក ចូរ​នាំ​ពួក​គេ​ទៅ​ព្រះ‌ដំណាក់​ចូល​ក្នុង​បន្ទប់​មួយ រួច​ចាក់​ស្រា​ឲ្យ​ពួក​គេ​ផឹក»។

3. ខ្ញុំ​ក៏​ទៅ​បបួល​លោក​យ៉ាសា‌នា ជា​កូន​របស់​លោក​យេរេមា និង​ជា​ចៅ​របស់​លោក​ហាបា‌ស៊ីនា ព្រម​ទាំង​បង‌ប្អូន កូន​ចៅ​របស់​គាត់ និង​អ្នក​នៅ​ក្នុង​អំបូរ​រេកាប​ទាំង​មូល

4. ហើយ​នាំ​ពួក​គេ​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រួច​ចូល​ក្នុង​បន្ទប់​កូន​ចៅ​លោក​ហាណាន ជា​កូន​របស់​លោក​យីកដា‌លា និង​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់។ បន្ទប់​នោះ​នៅ​ជាប់​បន្ទប់​របស់​ពួក​មន្ត្រី ហើយ​នៅ​ខាង​លើ​បន្ទប់​របស់​លោក​ម៉ាសេ‌យ៉ា ជា​កូន​របស់​លោក​សាលូម និង​ជា​អ្នក​យាម​ទ្វារ។

5. ខ្ញុំ​បាន​យក​ឪទិន​មួយ​ដែល​មាន​ស្រា​ពេញ ព្រម​ទាំង​ពែង​ជា​ច្រើន មក​ដាក់​នៅ​មុខ​ពួក​រេកាប ទាំង​ពោល​ថា “សូម​អញ្ជើញ​ពិសា!”

6. ប៉ុន្តែ អ្នក​ទាំង​នោះ​តប​ថា៖ «ពួក​យើង​មិន​ទទួល​ទាន​ស្រា​ទេ ដ្បិត​លោក​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​រេកាប និង​ជា​បុព្វបុរស​របស់​យើង​បាន​ហាម‌ប្រាម​យើង​ថា “អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​ផឹក​ស្រា​ជា​ដាច់​ខាត។

7. អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​សង់​ផ្ទះ មិន​ត្រូវ​សាប​ព្រោះ ដាំ​ទំពាំង‌បាយជូរ ឬ​ទិញ​ចម្ការ​ទំពាំង‌បាយជូរ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​បោះ​ជំរំ​រស់​នៅ​អស់​មួយ​ជីវិត។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​អាច​រស់​បាន​យូរ​លើ​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា​ទៅ​ស្នាក់​អាស្រ័យ”។

8. ពួក​យើង​ធ្វើ​តាម​បង្គាប់​របស់​លោក​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​រេកាប ជា​បុព្វបុរស​យើង​សព្វ​គ្រប់​ទាំង​អស់ ក្នុង​មួយ​ជីវិត​របស់​ពួក​យើង។ ពួក​យើង​មិន​ទទួល​ទាន​ស្រា​សោះ​ឡើយ គឺ​ទាំង​ពួក​យើង ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​ពួក​យើង។

សូមអានជំពូកពេញលេញ យេរេមា 35