គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 32:29-39 Khmer Standard Version (KHSV)

29. ជន‌ជាតិ​ខាល់ដេ​ដែល​កំពុង​តែ​វាយ​លុក​ក្រុង​នេះ នឹង​នាំ​គ្នា​ចូល​មក​ដុត​កម្ទេច​ទីក្រុង ហើយ​ដុត​កម្ទេច​ផ្ទះ​ដែល​មាន​កន្លែង​ដុត​គ្រឿង​សក្ការៈ​នៅ​តាម​ដំបូល សម្រាប់​សែន​ព្រះ​បាល និង​ច្រួច‌ស្រា​សែន​ព្រះ​ដទៃ ជា​ហេតុ​នាំ​ឲ្យ​យើង​ខឹង។

30. ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ទាស់​ចិត្ត​យើង​តាំង​ពី​ដើម​រៀង​មក។ ជន‌ជាតិ​អ៊ីស្រា‌អែល​ចេះ​តែ​ធ្វើ​ឲ្យ​យើង​ខឹង ព្រោះ​តែ​ស្នាដៃ​របស់​ខ្លួន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

31. អ្នក​ក្រុង​យេរូ‌សាឡឹម​តែងតែ​ធ្វើ​ឲ្យ​យើង​ខឹង តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​សង់​ក្រុង​នេះ រហូត​មក​ទល់​សព្វ​ថ្ងៃ ជា​ហេតុ​នាំ​ឲ្យ​យើង​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​យើង។

32. ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា គឺ​ទាំង​ប្រជា‌ជន ទាំង​ស្ដេច ទាំង​មន្ត្រី ទាំង​បូជា‌ចារ្យ ទាំង​ព្យាការី ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​បញ្ឆេះ​កំហឹង​យើង។

33. ពួក​គេ​ងាក​មុខ​ចេញ​ពី​យើង ហើយ​បែរ​ខ្នង​ដាក់​យើង។ ទោះ​បី​យើង​បាន​ទូន្មាន​ប្រៀន‌ប្រដៅ​ពួក​គេ​ជា​រៀង​រហូត​មក​ក្ដី ក៏​ពួក​គេ​ពុំ​ព្រម​ស្ដាប់ ពុំ​ព្រម​រៀន​ដែរ។

34. ពួក​គេ​យក​រូប​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម មក​ដាក់​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់ ធ្វើ​ឲ្យ​កន្លែង​នេះ​ក្លាយ​ទៅ​ជា​សៅ‌ហ្មង។

35. ពួក​គេ​បាន​សង់​កន្លែង​សក្ការៈ​នៅ​ទួល​ខ្ពស់​សម្រាប់​ព្រះ​បាល ក្នុង​ជ្រលង​ភ្នំ​ហ៊ីន‌ណម ដើម្បី​យក​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ទៅ​សែន​ព្រះ​ម៉ូឡុក ដោយ​ដុត​ទាំង​រស់។ យើង​ពុំ​ដែល​បង្គាប់​ឲ្យ​គេ​ធ្វើ​អំពើ​បែប​នេះ​សោះ យើង​ក៏​មិន​ដែល​នឹក​ឃើញ​អំពី​ការ​នេះ​ដែរ គឺ​ធ្វើ​ឲ្យ​ជន‌ជាតិ​យូដា​មាន​ទោស ព្រោះ​តែ​អំពើ​ព្រៃ‌ផ្សៃ»។

36. ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​សុំ​ប្រាប់​អ្នក​ឲ្យ​បាន​ដឹង​អំពី​ក្រុង​ដែល​អ្នក​ពោល​ថា នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​អ្នក​ក្រុង​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ។

37. នៅ​គ្រា​ដែល​យើង​ខឹង‌សម្បារ យើង​បាន​កំចាត់‌កំចាយ​ប្រជា‌ជន​នេះ​ឲ្យ​ទៅ​នៅ​គ្រប់​ប្រទេស តែ​យើង​នឹង​ប្រមូល​ពួក​គេ ហើយ​នាំ​ពួក​គេ​វិល​មក​កន្លែង​នេះ​វិញ ឲ្យ​រស់​នៅ​យ៉ាង​សុខ‌សាន្ត។

38. ពួក​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ។

39. យើង​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​គំនិត​តែ​មួយ មាន​គោល‌ដៅ​តែ​មួយ ដើម្បី​គោរព​កោត​ខ្លាច​យើង​រហូត​ត​ទៅ។ ដូច្នេះ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​នឹង​ប្រកប​ដោយ​សុភមង្គល។

សូមអានជំពូកពេញលេញ យេរេមា 32