គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 32:20-33 Khmer Standard Version (KHSV)

20. កាល​ពី​ដើម ព្រះ‌អង្គ​សម្តែង​ឲ្យ​គេ​ស្គាល់​ព្រះ‌អង្គ ដោយ​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។ សព្វ​ថ្ងៃ​នេះ ព្រះ‌អង្គ​ក៏​សម្តែង​ឲ្យ​គេ​ស្គាល់​ព្រះ‌អង្គ ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល និង​មនុស្ស​ជាតិ​ទាំង​មូល​ដែរ។ ព្រះ‌នាម​របស់​ព្រះ‌អង្គ​បាន​ល្បី‌ល្បាញ ដូច​យើង​ខ្ញុំ​ឃើញ​សព្វ​ថ្ងៃ​ស្រាប់។

21. ព្រះ‌អង្គ​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ ប្រកប​ដោយ​ព្រះ‌ចេស្ដា​បារមី​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​បំផុត ដើម្បី​នាំ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

22. ព្រះ‌អង្គ​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពួក​គេ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​ពួក​បុព្វបុរស គឺ​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ។

23. ពួក​គេ​បាន​ចូល​មក​កាន់​កាប់​ទឹក​ដី​នេះ ប៉ុន្តែ ពួក​គេ​ពុំ​ព្រម​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​ទេ ពួក​គេ​ពុំ​បាន​រស់​នៅ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បង្គាប់​ឲ្យ​ធ្វើ​នោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ឲ្យ​គ្រោះ​កាច​ទាំង​នេះ កើត​មាន​ដល់​ពួក​គេ។

24. ជន‌ជាតិ​ខាល់ដេ​កំពុង​តែ​លើក​ទួល​ព័ទ្ធ​ជុំ‌វិញ ដើម្បី​វាយ​យក​ទីក្រុង។ ក្រុង​នេះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង គឺ​ពួក​គេ​វាយ​លុក​ធ្វើ​ឲ្យ​ប្រជា‌ជន​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ។ ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ប្រកាស​ពិត​ជា​សម្រេច​ជា​រូប​រាង ដូច​ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់។

25. ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ក្រុង​នេះ​ជិត​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ខាល់ដេ​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ប្រាប់​ឲ្យ​ទូលបង្គំ​យក​ប្រាក់​ទិញ​ដី​ចម្ការ ដោយ​មាន​សាក្សី​ដឹង​ឮ​ទៅ​វិញ?

26. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖

27. «យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​មនុស្ស​លោក​ទាំង​មូល គ្មាន​ការ​អស្ចារ្យ​អ្វី​ដែល​យើង​ធ្វើ​មិន​កើត​នោះ​ឡើយ។

28. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រាប់​អ្នក​ថា: យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ខាល់ដេ និង​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ នេប៊ូ‌ក្នេសា​នឹង​ដណ្ដើម​យក​ក្រុង​នេះ។

29. ជន‌ជាតិ​ខាល់ដេ​ដែល​កំពុង​តែ​វាយ​លុក​ក្រុង​នេះ នឹង​នាំ​គ្នា​ចូល​មក​ដុត​កម្ទេច​ទីក្រុង ហើយ​ដុត​កម្ទេច​ផ្ទះ​ដែល​មាន​កន្លែង​ដុត​គ្រឿង​សក្ការៈ​នៅ​តាម​ដំបូល សម្រាប់​សែន​ព្រះ​បាល និង​ច្រួច‌ស្រា​សែន​ព្រះ​ដទៃ ជា​ហេតុ​នាំ​ឲ្យ​យើង​ខឹង។

30. ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ទាស់​ចិត្ត​យើង​តាំង​ពី​ដើម​រៀង​មក។ ជន‌ជាតិ​អ៊ីស្រា‌អែល​ចេះ​តែ​ធ្វើ​ឲ្យ​យើង​ខឹង ព្រោះ​តែ​ស្នាដៃ​របស់​ខ្លួន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

31. អ្នក​ក្រុង​យេរូ‌សាឡឹម​តែងតែ​ធ្វើ​ឲ្យ​យើង​ខឹង តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​សង់​ក្រុង​នេះ រហូត​មក​ទល់​សព្វ​ថ្ងៃ ជា​ហេតុ​នាំ​ឲ្យ​យើង​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​យើង។

32. ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា គឺ​ទាំង​ប្រជា‌ជន ទាំង​ស្ដេច ទាំង​មន្ត្រី ទាំង​បូជា‌ចារ្យ ទាំង​ព្យាការី ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​បញ្ឆេះ​កំហឹង​យើង។

33. ពួក​គេ​ងាក​មុខ​ចេញ​ពី​យើង ហើយ​បែរ​ខ្នង​ដាក់​យើង។ ទោះ​បី​យើង​បាន​ទូន្មាន​ប្រៀន‌ប្រដៅ​ពួក​គេ​ជា​រៀង​រហូត​មក​ក្ដី ក៏​ពួក​គេ​ពុំ​ព្រម​ស្ដាប់ ពុំ​ព្រម​រៀន​ដែរ។

សូមអានជំពូកពេញលេញ យេរេមា 32