គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 32:10-28 Khmer Standard Version (KHSV)

10. ខ្ញុំ​ធ្វើ​លិខិត​បញ្ជាក់​មួយ និង​បិទ​ត្រា ដោយ​មាន​សាក្សី​ដឹង​ឮ រួច​ថ្លឹង​ប្រាក់​លើ​ជញ្ជីង។

11. បន្ទាប់​មក ខ្ញុំ​យក​លិខិត​បញ្ជាក់​ទិញ​ដី​ដែល​មាន​បិទ​ត្រា ស្រប​តាម​ច្បាប់​តាម​មាត្រា ហើយ​ខ្ញុំ​ក៏​យក​លិខិត​បញ្ជាក់​ចំហ​មក​ដែរ។

12. ខ្ញុំ​ប្រគល់​លិខិត​បញ្ជាក់​ទិញ​ដី​នោះ​ទៅ​ឲ្យ​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ម៉ាសេ‌យ៉ា នៅ​ចំពោះ​មុខ​លោក​ហាណា‌មាល ជា​កូន​របស់​ឪពុក​មា​ខ្ញុំ ដោយ​មាន​សាក្សី​ដែល​បាន​ចុះ​ហត្ថ‌លេខា​នៅ​លើ​លិខិត​បញ្ជាក់ ព្រម​ទាំង​ជន‌ជាតិ​យូដា​ដែល​ស្ថិត​នៅ​ក្នុង​ទី​ឃុំ‌ឃាំង​នោះ​ដឹង​ឮ​ផង។

13. ខ្ញុំ​បង្គាប់​លោក​បារូក​នៅ​ចំពោះ​មុខ​ពួក​គេ ដូច​ត​ទៅ៖

14. «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “ចូរ​យក​លិខិត​បញ្ជាក់​ទិញ​ដី​នេះ គឺ​ទាំង​លិខិត​មាន​បិទ​ត្រា និង​លិខិត​នៅ​ចំហ ទៅ​ដាក់​ក្នុង​ឆ្នាំង​ដី​មួយ ដើម្បី​រក្សា​ទុក​ឲ្យ​បាន​យូរ។

15. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា: នៅ​ក្នុង​ស្រុក​នេះ ប្រជា‌ជន​នៅ​តែ​ទិញ​ផ្ទះ ទិញ​ដី​ស្រែ និង​ទិញ​ចម្ការ​ទំពាំង‌បាយជូរ​បន្ត​ទៅ​ទៀត”»។

16. ក្រោយ​បាន​ប្រគល់​លិខិត​បញ្ជាក់​ទិញ​ដី​ទៅ​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា​រួច​ហើយ ខ្ញុំ​ក៏​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ:

17. បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ដោយ​មហិទ្ធិ‌ឫទ្ធិ និង​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។ តើ​មាន​ការ​អស្ចារ្យ​អ្វី​ដែល​ព្រះ‌អង្គ​ធ្វើ​មិន​កើត?

18. ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​រហូត​ដល់​រាប់​ពាន់​តំណ។ ពេល​ឪពុក​ធ្វើ​ខុស ព្រះ‌អង្គ​ដាក់​ទោស​កូន​ចៅ​នៅ​ជំនាន់​ក្រោយ។ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម និង​ប្រកប​ដោយ​ព្រះ‌ចេស្ដា។ ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

19. គម្រោង‌ការ​របស់​ព្រះ‌អង្គ​ប្រសើរ​ពន់​ពេក​ក្រៃ ហើយ​ព្រះ‌អង្គ​អាច​នឹង​សម្រេច​គម្រោង‌ការ​ទាំង​នោះ​បាន។ ព្រះ‌អង្គ​ពិនិត្យ​មើល​កិរិយា​មារយាទ​ទាំង​អស់​របស់​មនុស្ស​លោក ហើយ​ព្រះ‌អង្គ​សង​ទៅ​គេ​វិញ តាម​កិរិយា​មារយាទ​របស់​គេ​រៀងៗ​ខ្លួន និង​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។

20. កាល​ពី​ដើម ព្រះ‌អង្គ​សម្តែង​ឲ្យ​គេ​ស្គាល់​ព្រះ‌អង្គ ដោយ​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។ សព្វ​ថ្ងៃ​នេះ ព្រះ‌អង្គ​ក៏​សម្តែង​ឲ្យ​គេ​ស្គាល់​ព្រះ‌អង្គ ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល និង​មនុស្ស​ជាតិ​ទាំង​មូល​ដែរ។ ព្រះ‌នាម​របស់​ព្រះ‌អង្គ​បាន​ល្បី‌ល្បាញ ដូច​យើង​ខ្ញុំ​ឃើញ​សព្វ​ថ្ងៃ​ស្រាប់។

21. ព្រះ‌អង្គ​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ ប្រកប​ដោយ​ព្រះ‌ចេស្ដា​បារមី​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​បំផុត ដើម្បី​នាំ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

22. ព្រះ‌អង្គ​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពួក​គេ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​ពួក​បុព្វបុរស គឺ​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ។

23. ពួក​គេ​បាន​ចូល​មក​កាន់​កាប់​ទឹក​ដី​នេះ ប៉ុន្តែ ពួក​គេ​ពុំ​ព្រម​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​ទេ ពួក​គេ​ពុំ​បាន​រស់​នៅ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បង្គាប់​ឲ្យ​ធ្វើ​នោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ឲ្យ​គ្រោះ​កាច​ទាំង​នេះ កើត​មាន​ដល់​ពួក​គេ។

24. ជន‌ជាតិ​ខាល់ដេ​កំពុង​តែ​លើក​ទួល​ព័ទ្ធ​ជុំ‌វិញ ដើម្បី​វាយ​យក​ទីក្រុង។ ក្រុង​នេះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង គឺ​ពួក​គេ​វាយ​លុក​ធ្វើ​ឲ្យ​ប្រជា‌ជន​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ។ ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ប្រកាស​ពិត​ជា​សម្រេច​ជា​រូប​រាង ដូច​ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់។

25. ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ក្រុង​នេះ​ជិត​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ខាល់ដេ​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ប្រាប់​ឲ្យ​ទូលបង្គំ​យក​ប្រាក់​ទិញ​ដី​ចម្ការ ដោយ​មាន​សាក្សី​ដឹង​ឮ​ទៅ​វិញ?

26. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖

27. «យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​មនុស្ស​លោក​ទាំង​មូល គ្មាន​ការ​អស្ចារ្យ​អ្វី​ដែល​យើង​ធ្វើ​មិន​កើត​នោះ​ឡើយ។

28. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រាប់​អ្នក​ថា: យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ខាល់ដេ និង​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ នេប៊ូ‌ក្នេសា​នឹង​ដណ្ដើម​យក​ក្រុង​នេះ។

សូមអានជំពូកពេញលេញ យេរេមា 32