គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 31:20-33 Khmer Standard Version (KHSV)

20. អេប្រាអ៊ីម​ជា​កូន​សម្លាញ់ជា​កូន​សំណព្វ​ចិត្ត​របស់​យើង។ពេល​ណា​យើង​គិត​នឹង​ដាក់​ទោស​អេប្រាអ៊ីមយើង​ចេះ​តែ​នឹក​ឃើញ​គេ​ជា‌និច្ចយើង​ខ្លោច​ចិត្ត​អាណិត​គេយើង​ស្រឡាញ់​គេ​ខ្លាំង​ណាស់»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

21. «ចូរ​លើក​ទង់​សញ្ញា និង​បង្គោល​ចំណាំ​ឡើងចូរ​ប្រុង​ប្រយ័ត្ន​នឹង​ផ្លូវ​ដែល​អ្នក​ដើរនាង​ព្រហ្មចារី​អ៊ីស្រា‌អែល​អើយចូរ​វិល​ត្រឡប់​មក​វិញចូរ​វិល​ត្រឡប់​មក​ក្រុង​នានា​របស់​នាង​វិញ។

22. កូន​ស្រី​ដែល​បះ‌បោរ​អើយតើ​នាង​នៅ​តែ​ដើរ​តែល‌តោលដល់​កាល​ណា​ទៀត? ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ការ​មួយ​ថ្មីកើត​ឡើង​នៅ​លើ​ផែនដី​នេះគឺ​ប្រពន្ធ​បែរ​ជា​ស្វែង​រក​ប្ដី​ទៅ​វិញ!»។

23. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ពេល​ដែល​យើង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ ប្រជា‌ជន​ក្នុង​ស្រុក​យូដា និង​ក្នុង​ក្រុង​ទាំង‌ឡាយ នឹង​ពោល​ថា:“អ្នក​ជា​ព្រះ‌ដំណាក់​ដ៏​សុចរិត និង​ជា​ភ្នំ​ដ៏‌វិសុទ្ធសូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​អ្នក!”

24. អ្នក​ស្រែ​ចម្ការ ព្រម​ទាំង​អ្នក​ចិញ្ចឹម​សត្វ នឹង​រស់​នៅ​ជា​មួយ​គ្នា នៅ​តាម​ទីក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។

25. យើង​នឹង​ឲ្យ​ទឹក​ដល់​អ្នក​ដែល​ស្រេក ហើយ​ជួយ​អ្នក​ខ្សោះ​ល្វើយ​ឲ្យ​មាន​កម្លាំង​ឡើង​វិញ»។

26. ពេល​នោះ ខ្ញុំ​ភ្ញាក់​ឡើង ហើយ​ឃើញ​ថា ខ្ញុំ​ដេក​លក់​យ៉ាង​ស្កប់‌ស្កល់!

27. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ​យើង​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្ស ទាំង​សត្វ កើន​ចំនួន​ច្រើន​ឡើង នៅ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា។

28. ពី​មុន យើង​ធ្លាប់​មក​រក​ពួក​គេ ដើម្បី​រំលើង រំលំ កម្ទេច និង​បំផ្លាញ​ឲ្យ​វិនាស​យ៉ាង​ណា យើង​នឹង​មក​រក​ពួក​គេ ដើម្បី​សង់ និង​ដាំ​ឡើង​វិញ​យ៉ាង​នោះ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

29. នៅ​គ្រា​នោះ គេ​លែង​ពោល​ថា “ឪពុក​បរិភោគ​ក្តឹប​ទំពាំង‌បាយជូរ តែ​កូន​បែរ​ជា​ឈឺ​ធ្មេញ”ទៀត​ហើយ

30. គឺ​ម្នាក់ៗ​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​ខ្លួន។ អ្នក​ណា​បរិភោគ​ក្តឹប​ទំពាំង‌បាយជូរ អ្នក​នោះ​នឹង​ឈឺ​ធ្មេញ»។

31. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ​យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ថ្មី​ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដា។

32. សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ នៅ​គ្រា​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​នោះ នាំ​ចេញ​ពី​ស្រុក​អេស៊ីប​ទេ។ ទោះ​បី​យើង​ជា​ម្ចាស់​របស់​ពួក​គេ​ក្ដី ក៏​ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ដែរ។

33. សម្ពន្ធ‌មេត្រី​ថ្មី ដែល​យើង​នឹង​ចង​ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល​នៅ​ពេល​ខាង​មុខ មាន​ដូច​ត​ទៅ: យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ​នោះ​ក្នុង​ចិត្ត​គំនិត​របស់​ពួក​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ យេរេមា 31