គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 3:7-16 Khmer Standard Version (KHSV)

7. យើង​គិត​ថា ពេល​ណា​នាង​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​រួច​ហើយ នាង​មុខ​ជា​វិល​មក​រក​យើង​វិញ​មិន​ខាន។ ប៉ុន្តែ អ៊ីស្រា‌អែល​ពុំ​បាន​វិល​ត្រឡប់​មក​វិញ​ទេ យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ ក៏​បាន​ឃើញ​ដែរ។

8. យើង​បាន​លែង‌លះ​អ៊ីស្រា‌អែល​ដែល​មាន​ចិត្ត​សាវ៉ា ព្រោះ​តែ​អំពើ​ប្រាស​ចាក​សីលធម៌​របស់​នាង។ យើង​ក៏​បាន​ចេញ​លិខិត​លែង‌លះ​ឲ្យ​ដែរ។ ប៉ុន្តែ យើង​ឃើញ​ថា យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​ញញើត​កោត​ខ្លាច​ឡើយ នាង​ក៏​ទៅ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ដែរ។

9. ដោយ‌សារ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ គឺ​ផិត​ក្បត់​ជា​មួយ​ព្រះ​ដែល​ធ្វើ​ពី​ថ្ម និង​ពី​ឈើ ស្រុក​របស់​គេ​បាន​ក្លាយ​ទៅ​ជា​សៅហ្មង។

10. ទោះ​បី​យ៉ាង​នេះ​ក្ដី យូដា ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​បាន​វិល​មក​រក​យើង​ដោយ​ចិត្ត​ស្មោះ​ឡើយ គឺ​គេ​គ្រាន់​តែ​និយាយ​ប៉ុណ្ណោះ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ៊ីស្រា‌អែល​សាវ៉ា​គ្រាន់​បើ​ជាង​យូដា​ដែល​ផិត​ក្បត់។

12. ដូច្នេះ ចូរ​នាំ​ពាក្យ​នេះ​ទៅ​ប្រកាស​នៅ​ទិស​ខាង​ជើង​ថា៖អ៊ីស្រា‌អែល​សាវ៉ា​អើយ ចូរ​វិល​មក​វិញយើង​នឹង​មិន​ប្រកាន់​ទោស​នាង​ទៀត​ទេដ្បិត​យើង​មាន​មេត្តា​ករុណាយើង​មិន​ចង​កំហឹង​រហូត​ត​ទៅ​ឡើយ។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13. ចូរ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួនតែ​ប៉ុណ្ណោះ​បាន​ហើយគឺ​នាង​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​នាងនាង​បាន​រត់​ទៅ​រក​ព្រះ​ដទៃ​គ្រប់​ទី​កន្លែងគឺ​នៅ​ក្រោម​ដើម​ឈើ​ណា​ដែល​មាន​ស្លឹក​ខៀវ​ខ្ចីហើយ​នាង​ពុំ​បាន​ស្ដាប់​សំឡេង​យើង​ទេ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ដ្បិត​យើង​នៅ​តែ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ យើង​នឹង​យក​ម្នាក់​ពី​ក្រុង​មួយ ហើយ​យក​ពីរ​នាក់​ទៀត​ពី​កុល‌សម្ព័ន្ធ​មួយ ដើម្បី​នាំ​អ្នក​រាល់​គ្នា​មក​ក្រុង​ស៊ីយ៉ូន​វិញ។

15. យើង​នឹង​តែង‌តាំង​មេ​ដឹក​នាំ​ដែល​គាប់​ចិត្ត​យើង ឲ្យ​មក​ថែ​ទាំ​អ្នក​រាល់​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ប្រកប​ដោយ​ប្រាជ្ញា។

16. នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង​បាន​ច្រើន​នៅ​ក្នុង​ស្រុក​ហើយ នឹង​លែង​មាន​គេ​និយាយ​អំពី​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ទៀត ហើយ​ក៏​គ្មាន​នរណា​នឹក​នា រវី‌រវល់​ចាប់​អារម្មណ៍​អំពី​ហិប​ដែល​បាត់​ទៅ​នោះ​ដែរ។ គេ​មិន​ធ្វើ​ហិប​នោះ​ឡើង​វិញ​ទេ។

សូមអានជំពូកពេញលេញ យេរេមា 3