គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 29:4-17 Khmer Standard Version (KHSV)

4. «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​កាន់​អស់​អ្នក​ដែល​ព្រះ‌អង្គ​ឲ្យ​គេ​កៀរ​ពី​ក្រុង​យេរូ‌សាឡឹម យក​មក​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន​ថា:

5. “ចូរ​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ ចូរ​ដាំ​ដំណាំ ហើយ​បរិភោគ​ផល​ពី​ដំណាំ​នោះ។

6. ចូរ​រៀប‌ការ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ចូរ​ទុក​ដាក់​កូន​ចៅ​ឲ្យ​មាន​គូ‌ស្រករ ដើម្បី​បង្កើត​កូន​បន្ត​ពូជ។ អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា ចូរ​បង្កើត​កូន ពូន​ជា​ចៅ​ឲ្យ​បាន​កើន​ចំនួន​ច្រើន​ឡើង​នៅ​កន្លែង​នោះ កុំ​ចុះ​ថយ​ឡើយ។

7. យើង​ដាក់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា ចូរ​ខិត‌ខំ​ធ្វើ​ឲ្យ​ក្រុង​នោះ​ចម្រុង‌ចម្រើន​ឡើង ចូរ​ទូល‌អង្វរ​ឲ្យ​ក្រុង​នោះ ដ្បិត​អ្នក​រាល់​គ្នា​បាន​សុខ លុះ​ត្រា​តែ​ក្រុង​នោះ​បាន​សុខ​ដែរ”។

8. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា: “មិន​ត្រូវ​ចាញ់​បោក​ពួក​ព្យាការី ឬ​ពួក​គ្រូ​ទាយ ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​សប្ដិ​របស់​អ្នក​រាល់​គ្នា​ដែរ

9. ដ្បិត​អ្នក​ទាំង​នោះ​ប្រើ​ឈ្មោះ​យើង​ប្រកាស​ពាក្យ​ក្លែង‌ក្លាយ។ យើង​មិន​បាន​ចាត់​ពួក​គេ​ឲ្យ​មក​ទេ” -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: “កាល​ស្រុក​បាប៊ី‌ឡូន​ត្រួត‌ត្រា​លើ​ស្រុក​ទាំង‌ឡាយ​បាន​គម្រប់​ចិត‌សិប​ឆ្នាំ​ហើយ យើង​នឹង​មក​រក​អ្នក​រាល់​គ្នា យើង​នឹង​សម្រេច​តាម​ពាក្យ​សន្យា​របស់​យើង គឺ​នាំ​អ្នក​រាល់​គ្នា​វិល​ទៅ​ស្រុក​កំណើត​វិញ។

11. យើង​ស្គាល់​ច្បាស់​នូវ​គម្រោង‌ការ​ដែល​យើង​បាន​គ្រោង​ទុក សម្រាប់​អ្នក​រាល់​គ្នា ជា​គម្រោង‌ការ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក​រាល់​គ្នា គឺ​មិន​មែន​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ទេ។ យើង​នឹង​ផ្ដល់​សេចក្ដី​សង្ឃឹម និង​អនាគត​ល្អ​ឲ្យ​អ្នក​រាល់​គ្នា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. ពេល​នោះ អ្នក​រាល់​គ្នា​នឹង​អធិស្ឋាន អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដំណើរ​ទៅ​ទូល‌អង្វរ​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​រាល់​គ្នា​វិញ។

13. អ្នក​រាល់​គ្នា​ស្វែង​រក​យើង ហើយ​នឹង​ជួប​យើង​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ស្វែង​រក​យើង ដោយ​ចិត្ត​ស្មោះ។

14. យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​យើង​ឃើញ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - យើង​នឹង​ស្ដារ​ប្រជា‌ជាតិ​អ្នក​រាល់​គ្នា​ឡើង​វិញ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ពី​គ្រប់​កន្លែង​ដែល​យើង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ។

15. ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ពោល​ថា ព្រះ‌ជាម្ចាស់​ប្រទាន​ព្យាការី​មក​ឲ្យ​ពួក​យើង នៅ​ស្រុក​បាប៊ី‌ឡូន!”។

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ស្ដេច ដែល​គ្រង​រាជ្យ​លើ​បល្ល័ង្ក​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ក្រុង​នេះ និង​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​សត្រូវ​មិន​បាន​កៀរ​យក​ទៅ​ជា​ឈ្លើយ​ដូច​ត​ទៅ:

17. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ប្រើ​ដាវ ទុរ្ភិក្ស និង​ជំងឺ​អាសន្ន‌រោគ​ទៅ​ប្រហារ​ពួក​គេ គឺ​យើង​ធ្វើ​ឲ្យ​ពួក​គេ​បាន​ដូច​ផ្លែ​ឧទុម្ពរ​ស្អុយ ដែល​បរិភោគ​មិន​កើត។

សូមអានជំពូកពេញលេញ យេរេមា 29