គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 29:20-31 Khmer Standard Version (KHSV)

20. រីឯ​អ្នក​ទាំង​អស់​គ្នា​ដែល​ព្រះ‌អម្ចាស់​បាន​ដេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​មក​បាប៊ី‌ឡូន ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ!

21. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​អហាប់ ជា​កូន​របស់​កូឡា‌យ៉ា និង​សេដេ‌គា ជា​កូន​របស់​ម៉ាសេ‌យ៉ា​ថា: “អ្នក​ទាំង​ពីរ​បាន​ប្រកាស​ពាក្យ​ក្លែង‌ក្លាយ ក្នុង​នាម​យើង ប្រាប់​អ្នក​រាល់​គ្នា។ ហេតុ​នេះ យើង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ស្ដេច​នេប៊ូ‌ក្នេសា​នឹង​ប្រហារ​ជីវិត​អ្នក​ទាំង​ពីរ នៅ​មុខ​អ្នក​រាល់​គ្នា។

22. ក្នុង​ចំណោម​ប្រជា‌ជន​យូដា​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន គេ​នឹង​យក​ឈ្មោះ​អ្នក​ទាំង​ពីរ​ទៅ​ដាក់​បណ្ដាសា​គ្នា​ថា: សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង ដូច​សេដេ‌គា និង​អហាប់ ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន ឲ្យ​គេ​យក​ទៅ​ដុត​នៅ​ក្នុង​ភ្លើង!

23. អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ ហើយ​ពោល​ពាក្យ​ក្លែង‌ក្លាយ​ក្នុង​នាម​យើង ដោយ​យើង​មិន​បាន​បង្គាប់​ឲ្យ​គេ​ប្រកាស​សោះ។ យើង​ជា​សាក្សី​ដឹង​ឮ​អំពី​រឿង​នេះ​មែន! -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់”»។

24. «ចូរ​ប្រាប់​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេ‌ឡាំ​ថា

25. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ផ្ញើ​សំបុត្រ​ក្នុង​នាម​អ្នក​ផ្ទាល់ ទៅ​ឲ្យ​ប្រជា‌ជន​ទាំង​មូល​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​បូជា‌ចារ្យ​សេផា‌នា ជា​កូន​របស់​ម៉ាសេ‌យ៉ា និង​បូជា‌ចារ្យ​ទាំង​អស់ មាន​សេចក្ដី​ដូច​ត​ទៅ:

26. “លោក​សេផា‌នា​អើយ ព្រះ‌អម្ចាស់​តែង‌តាំង​លោក​ជា​បូជា‌ចារ្យ ជំនួស​បូជា‌ចារ្យ​យេហូ‌យ៉ាដា ដើម្បី​ឲ្យ​លោក​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ពិនិត្យ​មើល​ក្រែង​លោ​មាន​នរណា​ម្នាក់​កើត​គំនិត​លេលា​តាំង​ខ្លួន​ជា​ព្យាការី។ លោក​ត្រូវ​តែ​យក​ជន​ប្រភេទ​នោះ​ដាក់​ច្រវាក់ និង​យក​ឃ្នាង​មក​ដាក់​ក​ដែរ។

27. ឥឡូវ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​មិន​ដាក់​ទោស​យេរេមា ជា​អ្នក​ស្រុក​អាណា‌ថោត ដែល​តាំង​ខ្លួន​ជា​ព្យាការី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដូច្នេះ?

28. គាត់​សរសេរ​សំបុត្រ​មក​ពួក​យើង​នៅ​ស្រុក​បាប៊ី‌ឡូន​នេះ​ថា: អ្នក​រាល់​គ្នា​ត្រូវ​តែ​រស់​នៅ​ទី​នេះ​យ៉ាង​យូរ ចូរ​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ ចូរ​ដាំ​ដំណាំ ហើយ​បរិភោគ​ផល​ពី​ដំណាំ​នោះ!”»។

29. បូជា‌ចារ្យ​សេផា‌នា​អាន​សំបុត្រ​នោះ​ឲ្យ​ព្យាការី​យេរេមា​ស្ដាប់។

30. ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖

31. «ចូរ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ប្រជា‌ជន​ទាំង​អស់ ដែល​ជាប់​ជា​ឈ្លើយ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេ‌ឡាំ ដូច​ត​ទៅ: សេម៉ាយ៉ា​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​ផ្សេងៗ ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​សង្ឃឹម​លើ​ពាក្យ​មិន​ពិត តែ​យើង​ពុំ​បាន​ចាត់​គាត់​ឲ្យ​មក​ទេ។

សូមអានជំពូកពេញលេញ យេរេមា 29