គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 29:12-22 Khmer Standard Version (KHSV)

12. ពេល​នោះ អ្នក​រាល់​គ្នា​នឹង​អធិស្ឋាន អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដំណើរ​ទៅ​ទូល‌អង្វរ​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​រាល់​គ្នា​វិញ។

13. អ្នក​រាល់​គ្នា​ស្វែង​រក​យើង ហើយ​នឹង​ជួប​យើង​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ស្វែង​រក​យើង ដោយ​ចិត្ត​ស្មោះ។

14. យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​យើង​ឃើញ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - យើង​នឹង​ស្ដារ​ប្រជា‌ជាតិ​អ្នក​រាល់​គ្នា​ឡើង​វិញ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ពី​គ្រប់​កន្លែង​ដែល​យើង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ។

15. ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ពោល​ថា ព្រះ‌ជាម្ចាស់​ប្រទាន​ព្យាការី​មក​ឲ្យ​ពួក​យើង នៅ​ស្រុក​បាប៊ី‌ឡូន!”។

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ស្ដេច ដែល​គ្រង​រាជ្យ​លើ​បល្ល័ង្ក​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ក្រុង​នេះ និង​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​សត្រូវ​មិន​បាន​កៀរ​យក​ទៅ​ជា​ឈ្លើយ​ដូច​ត​ទៅ:

17. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ប្រើ​ដាវ ទុរ្ភិក្ស និង​ជំងឺ​អាសន្ន‌រោគ​ទៅ​ប្រហារ​ពួក​គេ គឺ​យើង​ធ្វើ​ឲ្យ​ពួក​គេ​បាន​ដូច​ផ្លែ​ឧទុម្ពរ​ស្អុយ ដែល​បរិភោគ​មិន​កើត។

18. យើង​នឹង​តាម​ប្រហារ​ពួក​គេ ដោយ​មុខ​ដាវ ទុរ្ភិក្ស និង​ជំងឺ​អាសន្ន‌រោគ។ យើង​ធ្វើ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ញ័រ‌រន្ធត់ ដោយ​ឃើញ​មហន្ត‌រាយ​កើត​មាន​ដល់​ពួក​គេ។ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​យើង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ មនុស្ស‌ម្នា​នឹង​ស្រឡាំង‌កាំង ហើយ​ប្រើ​ឈ្មោះ​ពួក​គេ​សម្រាប់​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា​ផង។

19. ការ​ទាំង​នេះ​កើត​មាន ព្រោះ​ពួក​គេ​មិន​ស្ដាប់​ពាក្យ​យើង -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- យើង​បាន​ចាត់​ព្យាការី ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​ទៅ​រក​ពួក​គេ ជា​រៀង​រហូត​មក តែ​ពួក​គេ​ពុំ​ព្រម​ស្ដាប់​ទេ” -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

20. រីឯ​អ្នក​ទាំង​អស់​គ្នា​ដែល​ព្រះ‌អម្ចាស់​បាន​ដេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​មក​បាប៊ី‌ឡូន ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ!

21. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​អហាប់ ជា​កូន​របស់​កូឡា‌យ៉ា និង​សេដេ‌គា ជា​កូន​របស់​ម៉ាសេ‌យ៉ា​ថា: “អ្នក​ទាំង​ពីរ​បាន​ប្រកាស​ពាក្យ​ក្លែង‌ក្លាយ ក្នុង​នាម​យើង ប្រាប់​អ្នក​រាល់​គ្នា។ ហេតុ​នេះ យើង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ស្ដេច​នេប៊ូ‌ក្នេសា​នឹង​ប្រហារ​ជីវិត​អ្នក​ទាំង​ពីរ នៅ​មុខ​អ្នក​រាល់​គ្នា។

22. ក្នុង​ចំណោម​ប្រជា‌ជន​យូដា​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន គេ​នឹង​យក​ឈ្មោះ​អ្នក​ទាំង​ពីរ​ទៅ​ដាក់​បណ្ដាសា​គ្នា​ថា: សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង ដូច​សេដេ‌គា និង​អហាប់ ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន ឲ្យ​គេ​យក​ទៅ​ដុត​នៅ​ក្នុង​ភ្លើង!

សូមអានជំពូកពេញលេញ យេរេមា 29