គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 29:11-20 Khmer Standard Version (KHSV)

11. យើង​ស្គាល់​ច្បាស់​នូវ​គម្រោង‌ការ​ដែល​យើង​បាន​គ្រោង​ទុក សម្រាប់​អ្នក​រាល់​គ្នា ជា​គម្រោង‌ការ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក​រាល់​គ្នា គឺ​មិន​មែន​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ទេ។ យើង​នឹង​ផ្ដល់​សេចក្ដី​សង្ឃឹម និង​អនាគត​ល្អ​ឲ្យ​អ្នក​រាល់​គ្នា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. ពេល​នោះ អ្នក​រាល់​គ្នា​នឹង​អធិស្ឋាន អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដំណើរ​ទៅ​ទូល‌អង្វរ​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​រាល់​គ្នា​វិញ។

13. អ្នក​រាល់​គ្នា​ស្វែង​រក​យើង ហើយ​នឹង​ជួប​យើង​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ស្វែង​រក​យើង ដោយ​ចិត្ត​ស្មោះ។

14. យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​យើង​ឃើញ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - យើង​នឹង​ស្ដារ​ប្រជា‌ជាតិ​អ្នក​រាល់​គ្នា​ឡើង​វិញ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ពី​គ្រប់​កន្លែង​ដែល​យើង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ។

15. ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ពោល​ថា ព្រះ‌ជាម្ចាស់​ប្រទាន​ព្យាការី​មក​ឲ្យ​ពួក​យើង នៅ​ស្រុក​បាប៊ី‌ឡូន!”។

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ស្ដេច ដែល​គ្រង​រាជ្យ​លើ​បល្ល័ង្ក​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ក្រុង​នេះ និង​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​សត្រូវ​មិន​បាន​កៀរ​យក​ទៅ​ជា​ឈ្លើយ​ដូច​ត​ទៅ:

17. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ប្រើ​ដាវ ទុរ្ភិក្ស និង​ជំងឺ​អាសន្ន‌រោគ​ទៅ​ប្រហារ​ពួក​គេ គឺ​យើង​ធ្វើ​ឲ្យ​ពួក​គេ​បាន​ដូច​ផ្លែ​ឧទុម្ពរ​ស្អុយ ដែល​បរិភោគ​មិន​កើត។

18. យើង​នឹង​តាម​ប្រហារ​ពួក​គេ ដោយ​មុខ​ដាវ ទុរ្ភិក្ស និង​ជំងឺ​អាសន្ន‌រោគ។ យើង​ធ្វើ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ញ័រ‌រន្ធត់ ដោយ​ឃើញ​មហន្ត‌រាយ​កើត​មាន​ដល់​ពួក​គេ។ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​យើង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ មនុស្ស‌ម្នា​នឹង​ស្រឡាំង‌កាំង ហើយ​ប្រើ​ឈ្មោះ​ពួក​គេ​សម្រាប់​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា​ផង។

19. ការ​ទាំង​នេះ​កើត​មាន ព្រោះ​ពួក​គេ​មិន​ស្ដាប់​ពាក្យ​យើង -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- យើង​បាន​ចាត់​ព្យាការី ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​ទៅ​រក​ពួក​គេ ជា​រៀង​រហូត​មក តែ​ពួក​គេ​ពុំ​ព្រម​ស្ដាប់​ទេ” -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

20. រីឯ​អ្នក​ទាំង​អស់​គ្នា​ដែល​ព្រះ‌អម្ចាស់​បាន​ដេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​មក​បាប៊ី‌ឡូន ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ!

សូមអានជំពូកពេញលេញ យេរេមា 29