គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 28:1-7 Khmer Standard Version (KHSV)

1. ក្នុង​ឆ្នាំ​ដដែល នៅ​ដើម​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា គឺ​នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​បួន លោក​ហាណា‌នា ជា​កូន​របស់​លោក​អស៊ើរ ដែល​ជា​ព្យាការី​នៅ​ភូមិ​គីបៀន ពោល​មក​ខ្ញុំ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​ក្រុម​បូជា‌ចារ្យ និង​ប្រជា‌ជន​ទាំង​មូល​ថា៖

2. «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​បំបាក់​នឹម​ស្ដេច​ស្រុក​បាប៊ី‌ឡូន!

3. ពីរ​ឆ្នាំ​ទៀត យើង​នឹង​នាំ​សម្ភារៈ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដែល​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​ដឹក​ទៅ​នោះ យក​មក​ទុក​នៅ​កន្លែង​នេះ​វិញ។

4. យើង​ក៏​នាំ​យេកូ‌នាស ជា​បុត្រ​របស់​យេហូ‌យ៉ាគីម ស្ដេច​ស្រុក​យូដា និង​អ្នក​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ី‌ឡូន​នោះ​ត្រឡប់​មក​វិញ​ដែរ ដ្បិត​យើង​នឹង​បំបាក់​នឹម​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន”»។

5. ព្យាការី​យេរេមា​បាន​តប​ទៅ​ព្យាការី​ហាណា‌នា នៅ​ចំពោះ​មុខ​ក្រុម​បូជា‌ចារ្យ និង​ប្រជា‌ជន​ទាំង​មូល ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ថា៖

6. «អាម៉ែន! សូម​ព្រះ‌អម្ចាស់​ធ្វើ​តាម​ពាក្យ​របស់​លោក! សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​ពាក្យ​ដែល​លោក​ប្រកាស​នេះ​ចុះ! គឺ​សូម​ព្រះ‌អង្គ​នាំ​សម្ភារៈ​របស់​ព្រះ‌វិហារ និង​ប្រជា‌ជន​ដែល​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នោះ​មក​វិញ!

7. ប៉ុន្តែ សូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​យក​មក​ជម្រាប​លោក និង​ប្រជា‌ជន​ទាំង​មូល ឲ្យ​បាន​ជ្រាប​ដូច​ត​ទៅ:

សូមអានជំពូកពេញលេញ យេរេមា 28