គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 23:19-32 Khmer Standard Version (KHSV)

19. ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​នឹង​បក់​បោក​មកដូច​ជា​ខ្យល់​ព្យុះ។ព្រះ‌ពិរោធ​នេះ​ប្រៀប​ដូច​ជា​ខ្យល់​កំបុត​ត្បូងបក់​នៅ​លើ​ក្បាល​របស់​ពួក​ទុច្ចរិត។

20. ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​នឹង​មិន​ងាក​រេចេញ​ទៅ​ណា​ឡើយដរាប​ណា​ទាល់​តែ​បាន​សម្រេច​តាម​គម្រោង‌ការរបស់​ព្រះ‌អង្គ​យ៉ាង​សុក្រឹត​ជា​មុន​សិន។នៅ​ថ្ងៃ​ចុង​ក្រោយអ្នក​រាល់​គ្នា​មុខ​ជា​យល់​ច្បាស់​ពុំ‌ខាន។

21. «យើង​ពុំ​បាន​ចាត់​ព្យាការី​ទាំង​នេះ​ទេតែ​ពួក​គេ​នាំ​គ្នា​រត់​ទៅយើង​ពុំ​បាន​និយាយ​អ្វី​ជា​មួយ​ពួក​គេ​ទេតែ​គេ​នាំ​គ្នា​និយាយ​ក្នុង​នាម​យើង។

22. ប្រសិន​បើ​ពួក​គេ​បាន​ជួប​ពិភាក្សា​ជា​មួយ​យើងនោះ​ពួក​គេ​មុខ​ជា​នាំ​ពាក្យ​របស់​យើង​ទៅប្រាប់​ប្រជា‌រាស្ត្រ​របស់​យើងហើយ​នាំ​ប្រជា‌ជន​នេះ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់និង​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត​ជា​មិន​ខាន។

23. យើង​មិន​មែន​ជា​ព្រះ​ដែល​មើល​ឃើញតែ​ជិតៗ​ប៉ុណ្ណោះ​ទេយើង​ក៏​ជា​ព្រះ​ដែល​មើល​ឃើញ​អ្វីៗនៅ​ឆ្ងាយ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

24. គ្មាន​នរណា​ម្នាក់​ពួន​នៅ​កន្លែង​មួយហើយ​យើង​មើល​មិន​ឃើញ​នោះ​ទេដ្បិត​យើង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផ្ទៃ​មេឃនិង​នៅ​លើ​ផែនដី»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

25. «យើង​ឮ​ពាក្យ​ដែល​ព្យាការី​ទាំង​នោះ​ថ្លែង​ក្នុង​នាម​យើង ពួក​គេ​និយាយ​ភូត‌ភរ គឺ​ពោល​ថា “ខ្ញុំ​សុបិន​ឃើញ​ដូច្នេះ! ខ្ញុំ​សុបិន​ឃើញ​ដូច្នោះ!”។

26. តើ​ព្យាការី​ទាំង​នោះ​មាន​គំនិត​បែប​ណា បាន​ជា​គេ​នៅ​តែ​ចូល​ចិត្ត​ថ្លែង​ពាក្យ​ភូត‌ភរ ថ្លែង​ពាក្យ​បោក​ប្រាស់ តាម​ទំនើង​ចិត្ត​របស់​ខ្លួន​ដូច្នេះ?

27. ពួក​គេ​ស្មាន​ថា​អាច​ធ្វើ​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​យើង​បំភ្លេច​នាម​យើង ដោយ​ចាប់​អារម្មណ៍​ទៅ​លើ​សុបិន​ដែល​គេ​រៀប​រាប់​ប្រាប់​គ្នា ដូច​ដូនតា​របស់​ពួក​គេ​បាន​ភ្លេច​នាម​យើង ទៅ​គោរព​ព្រះ​បាល។

28. ដូច្នេះ ព្យាការី​ណា​យល់​សុបិន​ឲ្យ​គេ​រៀប​រាប់​ពី​សុបិន​នោះ​ទៅ។ រីឯ​អ្នក​ដែល​ទទួល​ពាក្យ​យើង ត្រូវ​យក​ពាក្យ​នោះ​ទៅ​ថ្លែង​ប្រាប់​ឲ្យ​បាន​ត្រឹម​ត្រូវ។កុំ​លាយ​អង្កាម និង​អង្ករ​ចូល​គ្នា- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

29. ពាក្យ​របស់​យើង​ប្រៀប​បី​ដូច​ជា​ភ្លើងនិង​ដូច​ញញួរ​ដំ​បំបែក​ថ្ម- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

30. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រឆាំង​នឹង​ពួក​ព្យាការី ដែល​លួច​យក​ពាក្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បន្លំ​ថា​ជា​ពាក្យ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

31. យើង​ប្រឆាំង​នឹង​ពួក​ព្យាការី​ដែល​យក​ពាក្យ​ខ្លួន​មក​ប្រកាស ហើយ​ថា​ជា​ពាក្យ​មក​ពី​យើង -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

32. យើង​ប្រឆាំង​នឹង​អស់​អ្នក​ដែល​យក​សុបិន​និមិត្ត​ក្លែង‌ក្លាយ មក​ថ្លែង​ប្រាប់​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​នាំ​ពួក​គេ​ឲ្យ​វង្វេង​តាម​ពាក្យ​កុហក​បោក​ប្រាស់។ យើង​ពុំ​បាន​ចាត់​ព្យាការី​ទាំង​នោះ​ឲ្យ​មក​ទេ ហើយ​យើង​ក៏​ពុំ​បាន​បញ្ជា​ពួក​នោះ​ដែរ។ ព្យាការី​ទាំង​នោះ​គ្មាន​ផល​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ​របស់​យើង​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ យេរេមា 23