គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 23:16-25 Khmer Standard Version (KHSV)

16. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«កុំ​ស្ដាប់​ពាក្យ​ដែល​ព្យាការី​ទាំង​នោះថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ឡើយ!ពួក​គេ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​យល់​ខុសពួក​គេ​រៀប​រាប់​អំពី​និមិត្ត‌ហេតុតាម​តែ​ចិត្ត​របស់​គេ​នឹក​ឃើញគឺ​មិន​មែន​ជា​ពាក្យ​របស់​យើង​ទេ។

17. ពួក​គេ​ហ៊ាន​ពោល​ទៅ​កាន់​អស់​អ្នក​ដែលប្រមាថ​មាក់‌ងាយ​យើង​ថា“ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថាអ្នក​រាល់​គ្នា​នឹង​បាន​សុខ‌សាន្ត‌ត្រាណ!”ហើយ​ពោល​ទៅ​កាន់​អស់​អ្នក​ដែលមាន​ចិត្ត​រឹង‌រូស​ថា“គ្មាន​គ្រោះ​កាច​អ្វី​កើត​មាន​ដល់​អ្នក​ទេ!”»។

18. ក្នុង​ចំណោម​អ្នក​ទាំង​នោះតើ​នរណា​បាន​រួម​ប្រជុំ​ជា​មួយ​ព្រះ‌អម្ចាស់?តើ​នរណា​បាន​ឃើញនិង​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ?តើ​នរណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ?

19. ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​នឹង​បក់​បោក​មកដូច​ជា​ខ្យល់​ព្យុះ។ព្រះ‌ពិរោធ​នេះ​ប្រៀប​ដូច​ជា​ខ្យល់​កំបុត​ត្បូងបក់​នៅ​លើ​ក្បាល​របស់​ពួក​ទុច្ចរិត។

20. ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​នឹង​មិន​ងាក​រេចេញ​ទៅ​ណា​ឡើយដរាប​ណា​ទាល់​តែ​បាន​សម្រេច​តាម​គម្រោង‌ការរបស់​ព្រះ‌អង្គ​យ៉ាង​សុក្រឹត​ជា​មុន​សិន។នៅ​ថ្ងៃ​ចុង​ក្រោយអ្នក​រាល់​គ្នា​មុខ​ជា​យល់​ច្បាស់​ពុំ‌ខាន។

21. «យើង​ពុំ​បាន​ចាត់​ព្យាការី​ទាំង​នេះ​ទេតែ​ពួក​គេ​នាំ​គ្នា​រត់​ទៅយើង​ពុំ​បាន​និយាយ​អ្វី​ជា​មួយ​ពួក​គេ​ទេតែ​គេ​នាំ​គ្នា​និយាយ​ក្នុង​នាម​យើង។

22. ប្រសិន​បើ​ពួក​គេ​បាន​ជួប​ពិភាក្សា​ជា​មួយ​យើងនោះ​ពួក​គេ​មុខ​ជា​នាំ​ពាក្យ​របស់​យើង​ទៅប្រាប់​ប្រជា‌រាស្ត្រ​របស់​យើងហើយ​នាំ​ប្រជា‌ជន​នេះ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់និង​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត​ជា​មិន​ខាន។

23. យើង​មិន​មែន​ជា​ព្រះ​ដែល​មើល​ឃើញតែ​ជិតៗ​ប៉ុណ្ណោះ​ទេយើង​ក៏​ជា​ព្រះ​ដែល​មើល​ឃើញ​អ្វីៗនៅ​ឆ្ងាយ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

24. គ្មាន​នរណា​ម្នាក់​ពួន​នៅ​កន្លែង​មួយហើយ​យើង​មើល​មិន​ឃើញ​នោះ​ទេដ្បិត​យើង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផ្ទៃ​មេឃនិង​នៅ​លើ​ផែនដី»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

25. «យើង​ឮ​ពាក្យ​ដែល​ព្យាការី​ទាំង​នោះ​ថ្លែង​ក្នុង​នាម​យើង ពួក​គេ​និយាយ​ភូត‌ភរ គឺ​ពោល​ថា “ខ្ញុំ​សុបិន​ឃើញ​ដូច្នេះ! ខ្ញុំ​សុបិន​ឃើញ​ដូច្នោះ!”។

សូមអានជំពូកពេញលេញ យេរេមា 23