គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 22:1-5 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ដូច​ត​ទៅ៖ «ចូរ​ចូល​ទៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​យូដា ហើយ​ប្រកាស​ពាក្យ​ទាំង​នេះ​ថា:

2. បពិត្រ​ព្រះ‌មហា‌ក្សត្រ​ស្រុក​យូដា ដែល​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​មន្ត្រី និង​ប្រជា‌ជន​ដែល​ចូល​តាម​ទ្វារ​នេះ សូម​ព្រះ‌ករុណា និង​អស់​លោក​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ ចូរ​ដោះ​លែង​អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន។ មិន​ត្រូវ​ធ្វើ​បាប​ជន​អន្តោ‌ប្រវេសន៍ ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា និង​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ​ដែរ។

4. ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ពាក្យ​នេះ ស្ដេច​ទាំង‌ឡាយ​ដែល​គ្រង​រាជ្យ​ត​ពី​ស្ដេច​ដាវីឌ នឹង​ជិះ​រទេះ ជិះ​សេះ ចូល​តាម​ទ្វារ​វាំង​នេះ​ជា​មួយ​ពួក​មន្ត្រី និង​ប្រជា‌ជន​ត​ទៅ​មុខ​ទៀត។

5. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​នេះ​ទេ យើង​សូម​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា វាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។

សូមអានជំពូកពេញលេញ យេរេមា 22