គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 2:7-24 Khmer Standard Version (KHSV)

7. យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ក្នុង​ស្រុកដែល​មាន​ដំណាំ​ដាំ​ដុះដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគផ្លែ​ឈើ​ដែល​មាន​រស‌ជាតិ។ប៉ុន្តែ កាល​អ្នក​រាល់​គ្នា​ចូល​មក​ដល់អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ស្រុក​របស់​យើងទៅ​ជា​សៅហ្មងអ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ទឹក​ដី​ដែល​ជា​មត៌ករបស់​យើង​ក្លាយ​ជា​កន្លែង​គួរ​ឲ្យ​ស្អប់​ខ្ពើម។

8. ក្រុម​បូជា‌ចារ្យ​ពុំ​ដែល​សួរ​ថា“ព្រះ‌អម្ចាស់​នៅ​ឯ​ណា?”គ្រូ​អាចារ្យ​ខាង​វិន័យ​ក៏​មិន​ស្គាល់​យើង​ដែរ។មេ​ដឹក​នាំ​របស់​ប្រជា‌ជន​នាំ​គ្នា​ប្រឆាំង​នឹង​យើងពួក​ព្យាការី​និយាយ​ក្នុង​នាម​ព្រះ​បាលហើយ​នាំ​គ្នា​រត់​ទៅ​ពឹង​ពាក់​ព្រះ​ក្លែង‌ក្លាយដែល​ពុំ​អាច​ជួយ​ពួក​គេ​បាន​ឡើយ។

9. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ឡើង​ក្ដីនឹង​អ្នក​រាល់​គ្នាព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10. ចូរ​ទៅ​កោះ​គីទីម​ដែល​នៅ​ដាច់​ស្រយាលហើយ​សង្កេត​មើល​ចុះចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ស្រុក​កេដារហើយ​ស៊ើប‌សួរ​ឲ្យ​បាន​ហ្មត់‌ចត់​ថាតើ​នៅ​តំបន់​ទាំង​នោះ​គេ​ប្រព្រឹត្ត​ដូចអ្នក​រាល់​គ្នា​ឬ​ទេ?

11. តើ​មាន​ប្រជា‌ជាតិ​ណា​មួយ​ផ្លាស់​ប្ដូរព្រះ​របស់​ខ្លួន​ឬ​ទេ? (តាម​ពិត ព្រះ​ទាំង​នោះពុំ​មែន​ជា​ព្រះ​ពិត​ប្រាកដ​ទេ)។រីឯ​ប្រជា‌ជន​របស់​យើង​វិញ គេ​បាន​ផ្លាស់​ប្ដូរព្រះ​ដែល​ផ្ដល់​ឲ្យ​គេ​មាន​សិរី‌រុងរឿងហើយ​បែរ​ជា​នាំ​គ្នា​គោរព​ព្រះ​ដែលឥត​បាន​ការ​ទៅ​វិញ។

12. ផ្ទៃ​មេឃ​អើយ! ចូរ​តក់‌ស្លុតចូរ​ញាប់‌ញ័រ ហើយ​ស្រឡាំង‌កាំង​ទៅ!-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13. ប្រជា‌ជន​របស់​យើង​ប្រព្រឹត្ត​អាក្រក់​ពីរ​យ៉ាងគឺ​គេ​បោះ​បង់​យើង​ដែល​ជា​ប្រភព​ទឹក​កំពុង​ហូរបែរ​ទៅ​ជីក​អណ្ដូង ជីក​ស្រះ​ដែល​តែងតែ​ប្រេះមិន​អាច​ទុក​ទឹក​បាន​នោះ​ទៅ​វិញ។

14. តើ​អ៊ីស្រា‌អែល​ជា​ទាសករ​ដែល​គេ​ទិញ​មកឬ​ជា​ទាសករ​ដែល​កើត​ក្នុង​ផ្ទះបាន​ជា​សាសន៍​ដទៃ​នាំ​គ្នា​វាយ​ដណ្ដើមពួក​គេ​ដូច្នេះ?

15. ពួក​គេ​គ្រហឹម​ដាក់​អ៊ីស្រា‌អែល​ដូច​សិង្ហ​គ្រហឹមពួក​គេ​ស្រែក​គំរាម និង​បំផ្លាញ​ស្រុកឲ្យ​វិនាស​ហិន‌ហោចពួក​គេ​ដុត​ក្រុង​ទាំង‌ឡាយហើយ​គ្មាន​នរណា​រស់​ក្នុង​ក្រុង​នោះ​ទៀត​ទេ។

16. សូម្បី​តែ​ជន‌ជាតិ​ណូប និង​ជន‌ជាតិ​តាហា‌ពេនេសក៏​នាំ​គ្នា​កោរ​សក់​អ៊ីស្រា‌អែលនាំ​យក​ទៅ​ជា​ឈ្លើយ​ដែរ។

17. អ្នក​ជួប​ទុក្ខ​វេទនា​បែប​នេះ មក​ពី​អ្នក​បោះ​បង់ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នកក្នុង​ពេល​ដែល​ព្រះ‌អង្គ​កំពុង​ដឹក​នាំ​អ្នក។

18. ឥឡូវ​នេះ តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅស្រុក​អេស៊ីប ទៅ​រក​ផឹក​ទឹក​ទន្លេ​នីល​ឬ?តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ​ស្រុក​អាស្ស៊ីរីទៅ​រក​ផឹក​ទឹក​ទន្លេ​អឺប្រាត​ឬ?

19. ចូរ​ឲ្យ​អំពើ​អាក្រក់​របស់​អ្នក​ដាក់​ទោស​អ្នកចូរ​ឲ្យ​អំពើ​ក្បត់​របស់​អ្នក​ផ្តន្ទា​អ្នក។ដូច្នេះ អ្នក​នឹង​ដឹង​ច្បាស់​ថា ការ​បោះ​បង់និង​ការ​មិន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នកនាំ​ឲ្យ​អ្នក​រង​ទុក្ខ​វេទនា​ដ៏​ជូរ​ចត់។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

20. តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយអ្នក​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើងព្រម​ទាំង​ផ្ដាច់​ចំណង​មេត្រី​ពី​យើង។អ្នក​បាន​ពោល​ថា:“ខ្ញុំ​មិន​ចង់​ធ្វើ​ជា​ទាសករ​ទៀត​ទេ!”។អ្នក​បាន​ផិត​ក្បត់​យើងទៅ​ថ្វាយ‌បង្គំ​ព្រះ​នានា​នៅ​តាម​កំពូល​ភ្នំនិង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។

21. យើង​បាន​ដាំ​អ្នក ហើយ​អ្នក​ប្រៀប​បាន​នឹងទំពាំង‌បាយជូរ​មួយ​ដើម​ដ៏​ល្អ​ប្រណីតគឺ​ដើម​ទំពាំង‌បាយជូរ​សុទ្ធចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ប្រែ​ជាដើម​ទំពាំង‌បាយជូរ​ក្លាយដែល​គ្មាន​ផ្លែ​ល្អ​ទៅ​វិញ​ដូច្នេះ?

22. ទោះ​បី​អ្នក​យក​មេ​សាប៊ូ​ដ៏​ច្រើនមក​លាង​សម្អាត និង​ជម្រះ​ខ្លួន​ក្ដីក៏​កំហុស​របស់​អ្នក​នៅ​ជាប់​ដូច​ក្អែល​កាន់ចំពោះ​មុខ​យើង​ជា‌និច្ច- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

23. ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​ពោល​ថា:“ខ្ញុំ​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង​ទេខ្ញុំ​ក៏​មិន​បាន​រត់​តាម​ព្រះ​បាល​ដែរ”។មើល​ចុះ ដាន​ជើង​របស់​អ្នក​នៅ​តាម​ជ្រលង​ភ្នំចូរ​ទទួល​ស្គាល់​អំពើ​ដែល​អ្នក​ប្រព្រឹត្តអ្នក​ប្រៀប​បាន​នឹង​អូដ្ឋ​ញី​ដែល​រត់​ឆ្វេច‌ឆ្វាច។

24. អ្នក​ប្រៀប​បាន​នឹង​លា​ញី​ព្រៃដែល​ធ្លាប់​តែ​រស់​នៅ​តាម​វាល​រហោ‌ស្ថានត្រូវ​តណ្ហា​ជំរុញ​ឲ្យ​រត់​ទៅ​គ្រប់​ទី​កន្លែងគ្មាន​នរណា​អាច​ទប់​បាន​ឡើយ។លា​ឈ្មោល​ដែល​ចង់​បាន​វាមិន​បាច់​ខំ​ប្រឹង​រត់​ទៅ​ណា​ឆ្ងាយ​ទេគឺ​នៅ​ពេល​ណា​តណ្ហា​ពុះ​កញ្ជ្រោលលា​ឈ្មោល​អាច​រក​វា​ឃើញ​យ៉ាង​ងាយ​ស្រួល។

សូមអានជំពូកពេញលេញ យេរេមា 2