20. តាំងពីយូរយារណាស់មកហើយអ្នកបានបះបោរប្រឆាំងនឹងយើងព្រមទាំងផ្ដាច់ចំណងមេត្រីពីយើង។អ្នកបានពោលថា:“ខ្ញុំមិនចង់ធ្វើជាទាសករទៀតទេ!”។អ្នកបានផិតក្បត់យើងទៅថ្វាយបង្គំព្រះនានានៅតាមកំពូលភ្នំនិងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
21. យើងបានដាំអ្នក ហើយអ្នកប្រៀបបាននឹងទំពាំងបាយជូរមួយដើមដ៏ល្អប្រណីតគឺដើមទំពាំងបាយជូរសុទ្ធចុះហេតុដូចម្ដេចបានជាអ្នកប្រែជាដើមទំពាំងបាយជូរក្លាយដែលគ្មានផ្លែល្អទៅវិញដូច្នេះ?
22. ទោះបីអ្នកយកមេសាប៊ូដ៏ច្រើនមកលាងសម្អាត និងជម្រះខ្លួនក្ដីក៏កំហុសរបស់អ្នកនៅជាប់ដូចក្អែលកាន់ចំពោះមុខយើងជានិច្ច- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
23. ហេតុអ្វីបានជាអ្នកហ៊ានពោលថា:“ខ្ញុំមិនបានធ្វើឲ្យខ្លួនសៅហ្មងទេខ្ញុំក៏មិនបានរត់តាមព្រះបាលដែរ”។មើលចុះ ដានជើងរបស់អ្នកនៅតាមជ្រលងភ្នំចូរទទួលស្គាល់អំពើដែលអ្នកប្រព្រឹត្តអ្នកប្រៀបបាននឹងអូដ្ឋញីដែលរត់ឆ្វេចឆ្វាច។
24. អ្នកប្រៀបបាននឹងលាញីព្រៃដែលធ្លាប់តែរស់នៅតាមវាលរហោស្ថានត្រូវតណ្ហាជំរុញឲ្យរត់ទៅគ្រប់ទីកន្លែងគ្មាននរណាអាចទប់បានឡើយ។លាឈ្មោលដែលចង់បានវាមិនបាច់ខំប្រឹងរត់ទៅណាឆ្ងាយទេគឺនៅពេលណាតណ្ហាពុះកញ្ជ្រោលលាឈ្មោលអាចរកវាឃើញយ៉ាងងាយស្រួល។
25. យើងបានប្រាប់អ្នកឲ្យប្រុងប្រយ័ត្នខ្លួនបើប្រឹងរត់ដូច្នេះ ក្រែងមុតជើងហើយស្ងួតបំពង់ក!ប៉ុន្តែ អ្នកតបវិញថា “មិនបាច់ហាមប្រាមខ្ញុំទេខ្ញុំស្រឡាញ់ព្រះឯទៀតៗហើយខ្ញុំត្រូវតែរត់ទៅតាមព្រះទាំងនោះ”។
26. ជនជាតិអ៊ីស្រាអែល ទាំងស្ដេច ទាំងនាម៉ឺនទាំងបូជាចារ្យ ទាំងព្យាការីនឹងត្រូវអាម៉ាស់ ដូចចោរដែលគេតាមទាន់ក្នុងពេលកំពុងតែលួច។
27. គេពោលទៅកាន់រូបធ្វើពីឈើថា“ព្រះអង្គជាព្រះបិតារបស់ខ្ញុំ!”ហើយពោលទៅកាន់រូបធ្វើពីថ្មថា“ព្រះអង្គបានឲ្យកំណើតខ្ញុំ!”។ពួកគេបានងាកមុខចេញពីយើងហើយបែរខ្នងដាក់យើងវិញតែពេលណាមានទុក្ខ ពួកគេពោលមកយើងថា“សូមតើនឡើង! សូមសង្គ្រោះយើងខ្ញុំផង!”។
28. ជនជាតិយូដាអើយ ចុះព្រះដែលអ្នកបានសូនធ្វើនោះ ទៅណាបាត់អស់ហើយ?ប្រសិនបើព្រះទាំងនោះជួយសង្គ្រោះអ្នកបាននៅពេលអ្នកមានទុក្ខម្ដេចក៏មិនហៅព្រះទាំងនោះទៅ?ដ្បិតអ្នកមានព្រះច្រើនដូចទីក្រុងដែរ!