គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 19:8-15 Khmer Standard Version (KHSV)

8. យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ធ្វើ​ឲ្យ​មនុស្ស​ដែល​ឃើញ ស្រឡាំង‌កាំង។ អស់​អ្នក​ដើរ​កាត់​តាម​នោះ​នាំ​គ្នា​ព្រឺ‌សម្បុរ ស្រឡាំង‌កាំង ព្រោះ​តែ​ឃើញ​គ្រោះ​កាច ដែល​កើត​មាន​ដល់​ទីក្រុង។

9. ខ្មាំង​សត្រូវ និង​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ​មុខ​ជា​ឡោម‌ព័ទ្ធ​ទីក្រុង បណ្ដាល​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា និង​តប់‌ប្រមល់​យ៉ាង​ខ្លាំង។ ពេល​នោះ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស៊ី​សាច់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ហើយ​ម្នាក់ៗ​ស៊ី​សាច់​គ្នា​ឯង”។

10. បន្ទាប់​មក ត្រូវ​បំបែក​ក្អម​នោះ នៅ​មុខ​អស់​អ្នក​ដែល​ចេញ​ទៅ​ជា​មួយ ហើយ​ពោល​ថា:

11. “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​បំបែក​ប្រជា‌ជន និង​ក្រុង​នេះ ដូច​គេ​បំបែក​ក្អម​របស់​ជាង​ស្មូន ដែល​គ្មាន​នរណា​អាច​ជួស‌ជុល​ឡើង​វិញ​បាន​ទេ។ គេ​នឹង​កប់​ខ្មោច​របស់​អ្នក​ទាំង​នោះ​នៅ​តូផេត ព្រោះ​គ្មាន​កន្លែង​ណា​ផ្សេង​ទៀត​ឡើយ។

12. យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ ព្រម​ទាំង​ប្រជា‌ជន​បាន​ដូច​តូផេត​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13. ផ្ទះ​នានា​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​វាំង​របស់​ស្ដេច​ស្រុក​យូដា ដែល​សៅ‌ហ្មង ក៏​នឹង​បាន​ដូច​កន្លែង​តូផេត​ដែរ គឺ​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​មាន​កន្លែង​ថ្វាយ​គ្រឿង​សក្ការ‌បូជា​នៅ​រាន​ហាល សម្រាប់​បួង‌សួង​ផ្កាយ​ទាំង‌ឡាយ ព្រម​ទាំង​ច្រួច‌ស្រា​ថ្វាយ​ព្រះ​ដទៃ”»។

14. លោក​យេរេមា​វិល​ត្រឡប់​មក​ពី​តូផេត ជា​កន្លែង​ដែល​ព្រះ‌អម្ចាស់​ចាត់​លោក​ឲ្យ​ទៅ​ថ្លែង​ព្រះ‌បន្ទូល។ បន្ទាប់​មក លោក​ទៅ​ឈរ​នៅ​ក្នុង​ទីធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង​អស់​ដូច​ត​ទៅ៖

15. «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា: “យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រកាស​ទុក កើត​មាន​ដល់​ក្រុង​នេះ និង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ ព្រោះ​ប្រជា‌ជន​បាន​តាំង​ចិត្ត​រឹង‌រូស ពុំ​ព្រម​ស្ដាប់​ពាក្យ​របស់​យើង​ទេ”»។

សូមអានជំពូកពេញលេញ យេរេមា 19