គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 19:1-8 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ថា៖ «ចូរ​ទៅ​ទិញ​ក្អម​មួយ​ពី​ជាង​ស្មូន រួច​បបួល​ព្រឹទ្ធា‌ចារ្យ*​ខ្លះ​ក្នុង​ចំណោម​ប្រជា‌ជន និង​ក្នុង​ចំណោម​បូជា‌ចារ្យ*​ទៅ​ជា​មួយ​អ្នក

2. ឆ្ពោះ​ទៅ​ជ្រោះ​ហ៊ីន‌ណម​ដែល​នៅ​ច្រក​ចូល​ទ្វារ​ជាង​ស្មូន។ នៅ​ទី​នោះ អ្នក​នឹង​ស្រែក​ប្រកាស​នូវ​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក។

3. អ្នក​ត្រូវ​ប្រកាស​ដូច​ត​ទៅ: “ព្រះ‌មហា‌ក្សត្រ​ស្រុក​យូដា និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ សូម​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​មាន​នៅ​ទី​នេះ។ អស់​អ្នក​ដែល​ឮ​ដំណឹង​នេះ​នឹង​ក្ដុក‌ក្ដួល​ចិត្ត​យ៉ាង​ខ្លាំង។

4. ប្រជា‌ជន​យូដា​បោះ​បង់​ចោល​យើង ពួក​គេ​ធ្វើ​ឲ្យ​កន្លែង​នេះ​ក្លាយ​ទៅ​ជា​សៅ‌ហ្មង គឺ​ពួក​គេ​ថ្វាយ​សក្ការ‌បូជា​គោរព​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​ពុំ​បាន​ជួយ​ថែ‌រក្សា​ពួក​គេ​ផ្ទាល់ ឬ​ដូនតា​របស់​ពួក​គេ ឬ​ស្ដេច​របស់​ជន‌ជាតិ​យូដា​ទាល់​តែ​សោះ។ ពួក​គេ​ធ្វើ​ឲ្យ​កន្លែង​នេះ​ប្រឡាក់​ពេញ​ដោយ​ឈាម​របស់​ជន​ស្លូត​ត្រង់។

5. ពួក​គេ​សង់​ទី‌សក្ការៈ ដើម្បី​យក​កូន​ប្រុស​របស់​ខ្លួន​ទៅ​បូជា សែន​ព្រះ​បាល ជា​អំពើ​មួយ​ដែល​យើង​ពុំ​បាន​បង្គាប់​សោះ ហើយ​យើង​ក៏​មិន​ដែល​នឹក​ឃើញ​បែប​នេះ​ដែរ។

6. ហេតុ​នេះ នៅ​ពេល​ខាង​មុខ គេ​លែង​ហៅ​កន្លែង​នោះ​ថា “តូផេត” ឬ​“ជ្រលង​ភ្នំ​ហ៊ីន‌ណម”​ទៀត​ហើយ តែ​គេ​នឹង​ហៅ​ថា “ជ្រលង​ភ្នំ​ពិឃាត”​វិញ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

7. នៅ​ទី​នោះ យើង​នឹង​រំលាយ​នយោ‌បាយ​របស់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង​សត្រូវ ហើយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ យើង​នឹង​ប្រគល់​សាក‌សព​របស់​ពួក​គេ​ទៅ​ឲ្យ​ត្មាត និង​ចចក​ធ្វើ​ជា​ចំណី។

8. យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ធ្វើ​ឲ្យ​មនុស្ស​ដែល​ឃើញ ស្រឡាំង‌កាំង។ អស់​អ្នក​ដើរ​កាត់​តាម​នោះ​នាំ​គ្នា​ព្រឺ‌សម្បុរ ស្រឡាំង‌កាំង ព្រោះ​តែ​ឃើញ​គ្រោះ​កាច ដែល​កើត​មាន​ដល់​ទីក្រុង។

សូមអានជំពូកពេញលេញ យេរេមា 19