គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 16:12-21 Khmer Standard Version (KHSV)

12. រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ដូនតា​របស់​អ្នក​រាល់​គ្នា​ទៅ​ទៀត គឺ​ម្នាក់ៗ​នៅ​តែ​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន ឥត​ស្ដាប់​យើង​ឡើយ។

13. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នេះ ទៅ​ស្រុក​មួយ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ ហើយ​ដូនតា​របស់​អ្នក​រាល់​គ្នា​ក៏​មិន​ធ្លាប់​ស្គាល់​ដែរ។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ទាំង​ថ្ងៃ​ទាំង​យប់ យើង​នឹង​មិន​អាណិត​អាសូរ​អ្នក​រាល់​គ្នា​ទៀត​ឡើយ»។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ គេ​នឹង​លែង​ស្បថ​ក្នុង​នាម “ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ដែល​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប” ទៀត​ហើយ

15. ផ្ទុយ​ទៅ​វិញ គេ​នឹង​ស្បថ​ក្នុង​ព្រះ‌នាម “ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ដែល​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក​ពី​ស្រុក​ខាង​ជើង និង​ស្រុក​ឯ​ទៀតៗ​ដែល​ព្រះ‌អង្គ​បាន​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ” យើង​នឹង​នាំ​ពួក​គេ​ឲ្យ​វិល​ត្រឡប់​មក​ទឹក​ដី​របស់​ខ្លួន​វិញ គឺ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​បុព្វបុរស*​របស់​ពួក​គេ»។

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ចាត់​អ្នក​នេសាទ​ជា​ច្រើន​ឲ្យ​ទៅ។ អ្នក​នេសាទ​ទាំង​នោះ​នឹង​ចាប់​ប្រជា‌ជន​នេះ ដូច​ចាប់​ត្រី។ បន្ទាប់​មក យើង​នឹង​ចាត់​ព្រាន​ជា​ច្រើន​ឲ្យ​ទៅ ព្រាន​ទាំង​នោះ​នឹង​បរ​បាញ់​ពួក​គេ នៅ​តាម​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន ព្រម​ទាំង​តាម​ក្រហែង​ថ្ម​នានា។

17. យើង​មើល​ឃើញ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ប្រជា‌ជន​នេះ​ប្រព្រឹត្ត ឥត​ចន្លោះ​ត្រង់​ណា​ឡើយ អំពើ​អាក្រក់​របស់​ពួក​គេ​មិន​អាច​លាក់​កំបាំង​នឹង​ភ្នែក​យើង​ទេ។

18. មុន​ដំបូង យើង​សង​ចំពោះ​អំពើ​អាក្រក់ និង​អំពើ​បាប​របស់​ពួក​គេ​មួយ​ទ្វេ​ជា​ពីរ ព្រោះ​ពួក​គេ​បាន​ប្រមាថ​ទឹក​ដី​របស់​យើង ព្រម​ទាំង​ធ្វើ​ឲ្យ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង ពោរ‌ពេញ​ដោយ​រូប​ព្រះ​ក្លែង‌ក្លាយ​ដ៏​ចង្រៃ គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​ពួក​គេ»។

19. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​កម្លាំងនិង​ជា​កំពែង​ដ៏​រឹង‌មាំ​របស់​ទូលបង្គំនៅ​ពេល​មាន​អាសន្ន ព្រះ‌អង្គ​ជា​ជម្រករបស់​ទូលបង្គំ។ប្រជា‌ជាតិ​នានា​ដែល​នៅ​ទី​ដាច់​ស្រយាលនឹង​នាំ​គ្នា​មក​រក​ព្រះ‌អង្គ ទាំង​ពោល​ថា“ដូនតា​របស់​យើង​បាន​ទទួល​ព្រះ​ក្លែង‌ក្លាយទុក​ជា​កេរ​ដំណែលជា​ព្រះ​ឥត​បាន​ការ គ្មាន​ប្រយោជន៍​អ្វី​សោះ!

20. តើ​មនុស្ស​លោក​ដែល​មិន​មែន​ជា​ព្រះអាច​បង្កើត​ព្រះ​ដូច​ម្ដេច​បាន?”

21. «ដូច្នេះ នៅ​លើក​នេះ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេស្គាល់​ឫទ្ធិ‌បារមី និង​អំណាច​របស់​យើងហើយ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា ព្រះ‌អម្ចាស់​មែន!»។

សូមអានជំពូកពេញលេញ យេរេមា 16