គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 16:1-12 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

2. «អ្នក​មិន​ត្រូវ​យក​ភរិយា ហើយ​បង្កើត​កូន​ប្រុស​ស្រី​នៅ​ក្នុង​ស្រុក​នេះ​ឡើយ

3. ដ្បិត​យើង​ប្រកាស​ដំណឹង​អំពី​ក្មេង​ប្រុស​ស្រី​ដែល​នឹង​កើត​នៅ​ស្រុក​នេះ ហើយ​អំពី​ឪពុក​ម្ដាយ​ដែល​បង្កើត​ពួក​គេ​ថា:

4. គេ​ទាំង​អស់​គ្នា​នឹង​ស្លាប់​យ៉ាង​សែន​វេទនា តែ​គ្មាន​នរណា​ធ្វើ​បុណ្យ ឬ​បញ្ចុះ​សព​ពួក​គេ​ទេ។ សាក‌សព​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ជី។ ពួក​គេ​នឹង​ស្លាប់​ដោយ‌សារ​មុខ​ដាវ និង​ទុរ្ភិក្ស ហើយ​សាក‌សព​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​សត្វ​ត្មាត និង​ចចក»។

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កុំ​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​ដែល​មាន​គេ​កាន់​ទុក្ខ កុំ​ចូល​រួម​ក្នុង​ពិធី​បញ្ចុះ​សព ហើយ​កុំ​ជួយ​រំលែក​ទុក្ខ​នរណា​ឲ្យ​សោះ ដ្បិត​យើង​ដក​សេចក្ដី​សុខ សេចក្ដី​សប្បុរស និង​សេចក្ដី​អាណិត​មេត្តា​របស់​យើង​ចេញ​ពី​ប្រជា‌រាស្ត្រ​នេះ​ហើយ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

6. អ្នក​ស្រុក​នេះ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា គឺ​ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ដោយ​គ្មាន​នរណា​បញ្ចុះ​សព និង​យំ​សោក ហើយ​គ្មាន​នរណា​ឆូត​សាច់ ឬ​កោរ​សក់​កាន់​ទុក្ខ​ទេ។

7. គ្មាន​នរណា​កាច់​នំបុ័ង​ចែក​ដល់​គ្រួសារ​ដែល​កាន់​ទុក្ខ ហើយ​ក៏​គ្មាន​នរណា​លើក​ពែង​ជូន​គេ ដើម្បី​ជួយ​រំលែក​ទុក្ខ​អ្នក​ដែល​បាត់​បង់​ឪពុក‌ម្ដាយ​ដែរ។

8. កុំ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​កំពុង​តែ​ជប់‌លៀង គឺ​កុំ​អង្គុយ​ស៊ី​ផឹក​ជា​មួយ​ពួក​គេ​ឡើយ

9. ដ្បិត​យើង​ដែល​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នឹង​ធ្វើ​ឲ្យ​លែង​មាន​សម្រែក​ក្អាក‌ក្អាយ ព្រម​ទាំង​ចម្រៀង​របាំ​ដ៏​សប្បាយ និង​បទ​ចម្រៀង​អាពាហ៍‌ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​ទៀត​ហើយ។ អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះ​ផ្ទាល់​នឹង​ភ្នែក​នៅ​ទី​នេះ។

10. ពេល​អ្នក​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ប្រកាស​ប្រាប់​ប្រជា‌ជន ពួក​គេ​មុខ​ជា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ចង់​ដាក់​ទោស​ពួក​យើង​យ៉ាង​ធ្ងន់‌ធ្ងរ​បែប​នេះ តើ​ពួក​យើង​ធ្វើ​អ្វី​ខុស? តើ​ពួក​យើង​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង?”

11. ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​វិញ ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ដូនតា​របស់​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​យើង ហើយ​នាំ​គ្នា​រត់​តាម​ព្រះ​ឯ​ទៀតៗ។ ពួក​គេ​នាំ​គ្នា​គោរព និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ គឺ​ពួក​គេ​បោះ​បង់​ចោល​យើង ហើយ​មិន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​យើង​ទេ។

12. រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ដូនតា​របស់​អ្នក​រាល់​គ្នា​ទៅ​ទៀត គឺ​ម្នាក់ៗ​នៅ​តែ​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន ឥត​ស្ដាប់​យើង​ឡើយ។

សូមអានជំពូកពេញលេញ យេរេមា 16