គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 11:5-13 Khmer Standard Version (KHSV)

5. ដូច្នេះ យើង​នឹង​សម្រេច​តាម​ពាក្យ ដែល​យើង​បាន​សន្យា​ដល់​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ថា ប្រគល់​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ​ឲ្យ​ពួក​គេ។ សព្វ​ថ្ងៃ អ្នក​រាល់​គ្នា​កាន់​កាប់​ទឹក​ដី​នេះ​ស្រាប់​ហើយ»។ ខ្ញុំ​ក៏​ទូល​ព្រះ‌អង្គ​ថា «ពិត​មែន​ហើយ​ព្រះ‌អម្ចាស់!»។

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖«ចូរ​នាំ​ពាក្យ​ទាំង​អស់​នេះ​ទៅ​ប្រកាស​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ថា: “ចូរ​ស្ដាប់​សេចក្ដី​ដែល​មាន​ចែង​ក្នុង​សម្ពន្ធ‌មេត្រី​នេះ ហើយ​នាំ​គ្នា​ប្រតិបត្តិ​តាម​ទៅ”!

7. ដ្បិត​យើង​បាន​ទូន្មាន​បុព្វបុរស​របស់​អ្នក​រាល់​គ្នា តាំង​ពី​ថ្ងៃ​ដែល​យើង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ទល់​ថ្ងៃ​នេះ គឺ​តាំង​ពី​ដើម​រៀង​មក យើង​តែងតែ​ដាស់‌តឿន​ថា “ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​របស់​យើង!”។

8. ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​យើង​ដែរ ម្នាក់ៗ​នៅ​តែ​ចចេស​ធ្វើ​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន។ ហេតុ​នេះ យើង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធ‌មេត្រី គឺ​ជា​សេចក្ដី​ដែល​យើង​បង្គាប់​ពួក​គេ​ឲ្យ​ប្រតិបត្តិ​តាម តែ​ពួក​គេ​មិន​ប្រតិបត្តិ​តាម​ទេ»។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​យើង។

10. ពួក​គេ​វិល​ទៅ​ប្រព្រឹត្ត​អំពើ​បាប ដូច​ដូនតា​របស់​ពួក​គេ​នៅ​ជំនាន់​មុន​ដែរ គឺ​ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​យើង​ទេ តែ​នាំ​គ្នា​ជំពាក់​ចិត្ត​លើ​ព្រះ​ដទៃ ហើយ​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ទៀត​ផង។ កូន​ចៅ​អ៊ីស្រា‌អែល និង​កូន​ចៅ​យូដា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ»។

11. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ធ្លាក់​មក​លើ​ពួក​គេ ពួក​គេ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។ ពួក​គេ​នឹង​ស្រែក​អង្វរ​យើង តែ​យើង​មិន​ស្ដាប់​ពួក​គេ​ទេ។

12. អ្នក​ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម នឹង​នាំ​គ្នា​សែន បួង‌សួង​រក​ព្រះ​ឯ​ទៀតៗ​ដែល​ពុំ​អាច​ជួយ​សង្គ្រោះ​ពួក​គេ នៅ​គ្រា​មាន​ទុក្ខ​វេទនា​បាន​ឡើយ។

13. យូដា​អើយ អ្នក​មាន​ព្រះ​ច្រើន​ដូច​ចំនួន​ក្រុង! យេរូ‌សាឡឹម​អើយ អ្នក​មាន​អាសនៈ​សម្រាប់​សែន​ព្រះ​បាល​ដ៏​គួរ​ឲ្យ​អាម៉ាស់ ច្រើន​ដូច​ចំនួន​ផ្លូវ!»។

សូមអានជំពូកពេញលេញ យេរេមា 11